(សៀមរាប)៖ អគ្គិភ័យដែលឆេះសាលមហោស្របអង្គរ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប មានទំហំអគារ៥០ម៉ែត្រ គុណ១០០ម៉ែត្រ បានរលត់ទៅវិញហើយ នៅវេលាម៉ោងប្រមាណជិត១២ថ្ងៃត្រង់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ។
ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី ទិត្យ ណារ៉ុង បានបញ្ជាក់ថា ប្រតិបត្ដិការជួយសង្គ្រោះគ្រោះថ្នាក់សង្គមនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់ឡានទឹក អស់ចំនួន២០គ្រឿង ដោយក្នុងនោះ រថយន្តនគរបាលខេត្ត០៨គ្រឿង, នគរបាលបេតិកភណ្ឌ០១គ្រឿង, អាវុធហត្ថខេត្ត០៤គ្រឿង, មន្ទីសាធារណៈការ០១គ្រឿង, ភូមិវប្បធម៌០១គ្រឿង, អាជ្ញាធរអប្សរា០២គ្រឿង, ព្រលានយន្តហោះ០១គ្រឿង និងរថយន្តស្ទួចរបស់អគ្គីសនីខេត្ត០២គ្រឿង។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្នុងហេតុការណ៍អគ្គីភ័យនេះពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្ស និងមិនរាលដាលដល់ផ្ទះអ្នកជិតខាង ហើយមូលហេតុនៃការឆេះ កម្លាំងនគរបាលជំនាញកំពុងធ្វើការស្រាវជ្រាវ។ ដោយឡែកទំហំនៃការខូចខាតអស់មួយចំនួនធំផងដែរ។
សូមជម្រាបថា ក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ គេសង្កេតឃើញវត្តមានលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត ចុះទៅទីតាំងកើតហេតុផ្ទាល់តែម្ដង ដើម្បីបញ្ជាប្រតិបត្ដិសង្គ្រោះនេះ។
សូមជម្រាថា សាលាមហោស្រពនេះ ត្រូវបានអ្នកឧកញ៉ា ពុង ឃាវសែ បានបោះទុនវិនិយោគប្រមាណ១៥លានដុល្លារអាមេរិក ដើម្បីសាងសង់មណ្ឌលកម្សាន្ដ អាណាចក្រអង្គរ ក្រុងសៀមរាប លើផ្ទៃដីទំហំ ៦០០០ម៉ែត្រក្រឡា ផ្ទុកភ្ញៀវបានជាង ១ពាន់នាក់ ដើម្បីបង្ហាញពីគំរោងវិនិយោគ ដ៏មានភាពទាក់ទាញ នេះដល់សាធារណៈជន៕