(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ជំនួយឥតសំណងសរុបចំនួន ៣៥២,៦៣៥ដុល្លារអាមេរិក បន្ថែមទៀតសម្រាប់សាងសង់អគារសិក្សា នៅក្នុងអនុវិទ្យាល័យចំនួន៤ និងសាលាបងបឋមសិក្សាចំនួន២ ដល់ខេត្តចំនួន៤ នៅកម្ពុជា ស្ថិតក្រោមជំនួយទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) ជប៉ុន។

ពិធីចុះហត្ថលេខា សម្រាប់ការផ្តល់ជំនួយឥតសំណងនេះ បានធ្វើឡើងនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ នៅស្ថានទូតជប៉ុន ក្នុងនោះភាគីជប៉ុន តំណាងដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងភាគីកម្ពុជា តំណាងដោយ៤ស្ថាប័ន។

ជំនួយឥតសំណងទាំងនេះ នឹងគាំទ្រដល់គម្រាងចំនួន៤នៅកម្ពុជា ក្នុងនោះរួមមាន៖ ទី១៖ គម្រោងសាងសង់អគារសិក្សានៅអនុវិទ្យាល័យធ្លកអណ្តូង ក្រុងសៀមរាប នូវថវិកាចំនួន៩០,៧២៧ដុល្លារ (អង្គភាពទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប)

លោក សយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តសៀមរាប បានថ្លែថា តាមរយៈគម្រោងនេះ អគារសិក្សាមួយខ្នង នឹងការបំពាក់បរិក្ខាសិក្សានៅក្នុងអនុវិទ្យាល័យធ្លកអណ្តូង ក្រុងសៀមរាប ខេត្តសៀមរាប។ គម្រោងនេះ នឹងផ្តល់ឲ្យសិស្សានុសិស្សចំនួន២៩៨នាក់ អាចសិក្សាក្នុងបរិស្ថានដែលមានផាសុខភាព និងសុវត្ថិភាព។

ទី២៖ គម្រោងសាងសង់អគារសិក្សានៅអនុវិទ្យាល័យគោកងួន ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នូវថវិកាចំនួន ៨៧,៨៧៩ដុល្លារ (អង្គភាពទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ)

លោក ជូ វុនធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ បានលើកឡើងថា តាមយរយៈគម្រោងនេះ អគារសិក្សាមួយខ្នងត្រូវបានសាងសង់ជាមួយនឹងការបំពាក់បិក្ខាសិក្សានៅក្នុងអនុវិទ្យាល័យគោកងួន ខេត្តកំពង់ធំ គម្រោងនេះនឹងផ្តល់ឲ្យសិស្សានុសិស្សចំនួន១៧១នាក់ អាចសិក្សានៅក្នុងបរិស្ថានដែលមានផាសុខភាព និងសុវត្ថិភាពផងដែរ។

ទី៣៖ គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាព្រះគន្លង និងសាលាបឋមសិក្សាអាតោ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នូវថវិកាចំនួន ៨៧,៤១៩ ដុល្លារ (អង្គភាពទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ) តាមរយៈគម្រោងនេះអគារសិក្សាចំនួន២ខ្នង នឹងត្រូវបានសាងសង់ជាមួយការបំពាក់បរិក្ខាសិក្សានៅក្នុងសាលាបឋមសិក្សាព្រគន្លង និងសាលាបឋមសិក្សាអាតោ គម្រោងនេះអាចឲ្យសិស្សានុសិស្សចំនួន១១១នាក់ អាចសិក្សាបានយ៉ាងល្អ។

និងទី៤៖ គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាដំណាក់កកោះ និងសាលាបឋមសិក្សាល្បើកស្វាយ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នូវថវិកាចំនួន៨៦,៦១០ ដុល្លារ (អង្គភាពទទួលជំនួយ៖ សាម៉ារីតាន់ភឺសសង្រ្គោះអន្តរជាតិ) តាមរយៈគម្រោងនេះ អគារសិក្សាចំនួន២ខ្នង នឹងត្រូវសាងសង់ជាមួយនឹងការបំពាក់បរិក្ខាសិក្សា ដែលអាចឲ្យសិស្សានុសិស្សអាចចូលសិក្សាបានចំនួន១៩៩នាក់ ផងដែរ។

សូមបញ្ជាក់ថា ជំនួយឥតសំណង គូសាណូណិ របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជា នៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅតាមមូលដ្ឋាន។ គម្រោងផ្តល់ជំនួយនេះ មានទិសដៅការពារជនងាយរង់គ្រោះ ពីកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និងភាពអកុសល ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់ជីវភាពរស់នៅ ការចិញ្ចឹមជីវិត និងសេចក្តីថ្លៃថ្នូររបស់ពួកគេក៏ដូចជាជំរុញនូវភាពម្ចាស់ការលើខ្លួនឯងប្រជាសហគមន៍។

ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាជាង ៥៨លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិ ចំនួន៥៩៤គម្រោងនៅទូទាំងប្រទេសកម្ពុជា៕