(ស្វាយរៀង)៖ លោកស្រី ម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមសន្និបាត គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង។ ពិធីនេះ ក៏មានការចូលរួមពីអស់លោក-លោកស្រី ជាក្រុមការងារបក្ស ចុះជួយ ខេត្តស្រុក ក្រុង ឃុំ សង្កាត់ យ៉ាងច្រើនកុះករ។
ថ្លែងសំណេះសំណាលនៅក្នុងពិធីនោះលោកស្រី ម៉ែន សំអន បាននាំនូវការ បណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលតែងតែនឹករលឹក និងបានគិតគូពីសុខទុកជីវភាពរស់នៅ របស់សមាជិកបក្ស និងប្រជាពលរដ្ឋទូទៅផងដែរ។
លោកស្រី បានវាយតម្លៃខ្ពស់ និងសូមកោតសរសើរយ៉ាងជ្រាលជ្រៅ ការខិតខំរបស់គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ពិសេសអស់លោក-លោកស្រី ជាក្រុមការងារបក្សគ្រប់ថ្នាក់ដែល បានយកចិត្តទុកដាក់ បំពេញភារកិច្ចយ៉ាងសកម្មគ្រប់សកម្មភាពនៅមូលដ្ឋាន រួមចំណែកកសាង និងអភិវឌ្ឍខេត្ត មានការរីកចម្រើន លើគ្រប់វិស័យធ្វើឲ្យខេត្តស្វាយរៀង ទៅខេត្តឈាន មុខ និងរឹងមាំជានិច្ច។
លោកស្រី ម៉ែន សំអន បានថ្លែងថា ក្រុមការងារគ្រប់ថ្នាក់ ត្រូវខិតខំធ្វើសកម្មភាពព្រមៗគ្នា បន្តចលនាចំពោះសមាសភាពសំខាន់ៗ បន្ថែមទៀត ដូចជា អតីតសមាជិកក្រុមប្រឹក្សា ស្រុក ក្រុង ក្រុមប្រឹក្សាឃុំ សង្កាត់ បេក្ខជនក្រុមប្រឹក្សា ស្រុក ក្រុង បេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ និងអតីតសកម្មជនសំខាន់ៗ របស់អតីតគណបក្សសង្គ្រោះជាតិ ឲ្យមករួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា បានកាន់តែច្រើន កាន់តែល្អ ព្រោះពួកគាត់កំពុងស្ថិត ក្នុងភាពមិនច្បាសលាស់ មិនមានលំនឹងពិតប្រាកដ។
លោកស្រី បានបន្ដថា ស្រុកក្រុង ត្រូវណែនាំដល់រដ្ឋបាលឃុំ សង្កាត់ ត្រូវបន្តអនុវត្តតួនាទីភារកិច្ច ដើម្បីធានាប្រសិទ្ធភាព និងនិរន្តភាពក្នុងការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ការអភិវឌ្ឍ មូលដ្ឋាន ការផ្តល់សេវា និងការដោះស្រាយសំណើរទំនាស់ផ្សេងៗ បញ្ហាប្រឈមសំណូមពរនានា ជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាពស្របច្បាប់ និងលិខិតដ្ឋានជាធរមាន។
ជាមួយនេះ ត្រូវពង្រឹងការបំពេញការងារ របស់ស្មៀនឃុំ សង្កាត់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវតួនាទីភារកិច្ច ដែលមានក្នុងច្បាប់លិខិតបទដ្ឋាននានា ជួយក្រុមប្រឹក្សាឃុំ សង្កាត់ លើការ គ្រប់គ្រងការងារ ចាត់ចែង ការប្រើប្រាស់ថវិកាទ្រព្យសម្បត្តិ របស់រដ្ឋបាលឃុំ សង្កាត់ ការអភិវឌ្ឍមូលដ្ឋាន និងពិសេសការផ្តល់សេវាជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័សទាន់ពេលវេលា។
លោកស្រី បានបញ្ជាក់ថា ប្រការដែលត្រូវយកចិត្តទុកដាក់ដោយខាន មិនបាននោះ គឺការគ្រប់គ្រងសមាជិក គណបក្សច្បាស់លាស់ ការប្រព្រឹត្តិអំពើល្អ របស់មន្ត្រីបក្សគ្រប់ផ្នែកការដោះ ស្រាយរាល់សំណូមពរ របស់ប្រជាជន ការធានាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការកសាងសមទ្ធិផល លើគ្រប់វិស័យ និងការធ្វើសមាហរណកម្ម សមាជិកគណបក្សដទៃ ពិសេសអតីតគណបក្សសង្គ្រោះជាតិ ឲ្យចូលរួមរស់ជាមួយគណបក្សយើង សំដៅកាត់បន្ថយសម្លេងរបស់ពួកគេ៕