(កំពង់ចាម)៖ លោកស្រី ទាវ ធីតា អនុប្រធានទី១ក្រុមការងារ ចុះជួយសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលជាភរិយា លោក ឧកញ៉ា ថោងសារ៉ាត់ បានផ្តល់អំណោយសប្បុរសធម៌ ជូនដល់មនុស្សចាស់ជរាជាច្រើនគ្រួសារ ក្នុងភូមិថ្មី ឃុំក្រូច និងភូមិប្រាសាទ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ។

នៅក្នុងឱកាសនោះដែរក្រៅពីលោកស្រី ទាវ ធីតា អញ្ជើញផ្តល់អំណោយសប្បុរសធម៌ហើយនោះ ក៏មានការអញ្ជើញចូលរួមពី មេឃុំក្រូច និងមេឃុំតុងរ៉ុង ប្រជាការពារភូមិ រួមជាមួយនឹងក្រុមការងារមួយចំនួនទៀតផងដែរ។

មនុស្សចាស់ជរាដែលបានទទួលអំណោយសប្បុរសធម៌ពីលោកស្រី ទាំង២គ្រួសារនោះរួមមាន គ្រួសារទី១ លោកយាយ ជា អាយុ៨៥ឆ្នាំ លោកយាយរស់នៅម្នាក់ឯង រស់ដោយលំបាក បានព្រឹកខ្វះល្ងាច ហូបបាយជាមួយ ក្តិបអំពិលបុក ធ្វើដោយខ្លួនឯង ហើយលោកយាយមានជំងឺខ្វិនជើង ថ្លង់ស្តាប់មិនសូវបាន រស់នៅក្នុងខ្ទមតូចដ៏កំន្សត់ ដោយគ្មានទីពឹងរស់ និង ដែលលោកយាយ អស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនអាចក្រោកដោយខ្លួនឯងបាននោះទេ រស់នៅក្នុងភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ នៅក្នុងភូមិដដែលនោះ លោកស្រី ក៏បានឧបត្ថម្ភថវិកាចំនួន២០ម៉ឺនបន្ថែមទៀត ជូនដល់ចាស់ជរាម្នាក់ទៀត ដែលមានជីវភាពខ្វះខាតដូចគ្នានោះដែរ។

ដោយឡែកគ្រួសារទី២ រស់នៅក្នុងភូមិ ប្រាសាទ ឃុំតុងរ៉ុងស្រុកព្រៃឈរគឺ លោក ង៉ែត សារ៉ន ភេទប្រុស អាយុ៤២ឆ្នាំ ជាជនពិការ ភ្នែកត្រូវប្រពន្ធរត់ចោល និងមានម្តាយចាស់ជរាទៀត ឈ្មោះ សឹម ញឹប មានជីវភាពទីទ័លគ្មានទីពឹង។ ជាមួយគ្នានោះ លោកស្រី ទាវ ធីតា ក៏បាន ឧបត្ថម្ភថវិកាចំនួន២០ម៉ឺនបន្ថែមទៀត ជូនដល់ចាស់ជរាម្នាក់ទៀត ដែលមានជីវភាពខ្វះខាត និងឧបត្ថម្ភថវិកា១លានរៀល ជូនដល់ប្រជាការពារភូមិ សម្រាប់ទិញសម្លៀកបំពាក់ផងដែរ។

លោកស្រី ទាវ ធីតា បាន បន្ថែមថា ថ្វីត្បិតតែអំណោយនៅពេលនេះតិចតួច តែក៏អាចជួយសម្រាលការលំបាកមួយរយៈពេលដែរ។
ទន្ទឹមនឹងនេះ លោកស្រី ក៏បានលើកទឹកចិត្តសូមឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាព សូមកុំបាក់ទឹកចិត្តនៅក្នុងជីវិតឲ្យសោះ។

អំណោយសប្បុរសធម៌របស់លោកស្រី ដែលបានផ្តល់ជូនដល់គ្រួសារទាំង២នោះ គឺក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ៥០គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ទឹកផ្លែឈើមួយកេះ ស្ករស ប៊ឺចេង ត្រីខ ពងទាសាប១០គ្រាប់ ម៉ុង ខ្នើយកើយ ខ្នើយអោប ធុងដាក់ទឹក និងសម្ភារៈមួយចំនួនទៀត រួមនឹងថវិការចំនួន៤០ម៉ឺនរៀល ។

ជាមួយគ្នានោះ លោកស្រី ទាវ ធីតា ក៏បានចូលបច្ច័យកសាងរូបបដិមានៅក្នុងវត្ត «ប្រាសាទ» ស្ថិតនៅភូមិប្រាសាទ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាមផងដែរ។

សូមបញ្ជាក់ថា លោកស្រី ទាវ ធីតា ភរិយាលោក ឧកញ៉ាថោង សារ៉ាត់ តែងតែយកចិត្តទុកដាក់ដល់ជនចាស់ជរា គ្មានទីពឹង គ្រួសារ ក្រីក្រជានិច្ច គឺលោកជំទាវតែងតែផ្តល់នូវជំនួយ ជាអំណោយនូវគ្រឿងឧបភោគ និងគ្រឿងបរិភោគផ្សេងៗ រួមនឹងថវិការជាដើម៕