(ស៊ីដនី, អូស្ត្រាលី)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់បងប្អូនខ្មែរនៅអូស្ត្រាលីថា នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាល់ខូម ថើនប៊ុល បានសម្រេចផ្តល់ជំនួយ ៨៧លានដុល្លារអូស្ត្រាលីសម្រាប់អភិវឌ្ឍន៍នៅកម្ពុជា។
ការសម្រេចផ្តល់ជំនួយនេះបានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលីនាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ។ ជំនួយនេះ គឺសម្រាប់ឆ្នាំ២០១៨នេះ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ផងដែរថា ក្រៅពីផ្តល់ថវិកានេះទៅអូស្ត្រាលី ក៏សន្យាផ្តល់ជំនួយអភិវឌ្ឍន៍ផ្សេងៗទៀតផងដែរ។
តាមការបញ្ជាក់ពីលោក កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលអូស្រ្តាលី បានសន្យាផ្តល់ជំនួយចំនួន៨៧លានដុល្លារអូស្រ្តាលីដល់កម្ពុជាសម្រាប់ការអភិវឌ្ឍន៍ផ្សេងៗ។
ដំណឹងនៃការផ្តល់ជំនួយនេះ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរដែលនាំគ្នាមកឈរលើកបដាស្វាគមន៍ដំណើររបស់សម្តេចតេជោ ហើយត្រូវបានសម្តេចចុះទៅស្វាគមន៍នោះ នាំគ្នាសម្តែងការរីករាយ និងស្រែកហ៊ោរយ៉ាងខ្លាំង។
ការសម្រេចផ្តល់ជំនួយអភិវឌ្ឍន៍នៅកម្ពុជារបស់នាយករដ្ឋមន្ត្រីអូស្ត្រាលី គឺជាការសម្លាប់ទឹកចិត្តរបស់ក្រុមខ្មែរនៅអូស្ត្រាលី ដែលប្រឆាំងនឹងប្រយោជន៍ជាតិ ក៏ដូចជាក្រុមតំណាងរាស្រ្តបក្សប្រឆាំងរបស់អូស្ត្រាលីផងដែរ។ នៅមុនដំណើររបស់សម្តេចទៅកាន់អូស្ត្រាលី ក្រុមប្រឆាំងនឹងប្រយោជន៍ជាតិនេះ តែងតែបានទទូចឲ្យរដ្ឋាភិបាលអូស្ត្រាលីដាក់គំនាបកៀបសង្កត់លើសម្តេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា។
ផ្ទុយពីការទទូចរបស់ពួកគេរដ្ឋាភិបាលអូស្ត្រាលី នៅតែបន្តជំនួយអភិវឌ្ឍន៍នៅកម្ពុជា។ នេះបានបង្ហាញថា អូស្ត្រាលី បានគាំទ្រការអភិវឌ្ឍនៅកម្ពុជា ស្រឡាញ់ជាតិកម្ពុជា ជាងខ្មែរមួយក្តាប់តូចកំពុងផ្ញើខ្លួននៅអូស្ត្រាលីទៅទៀត៕