(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ក្រសួងមហាផ្ទៃ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះថា សម្រាប់គ្រោះអគ្គិភ័យ ដែលបានឆាបឆេះផ្សារច្បារអំពៅ នៅខណ្ឌច្បារអំពៅ នៅយប់មិញ រហូតដល់ទាបភ្លឺនោះ បានបំផ្លាញអស់តូបចំនួន៦៤៦តូប នៅក្នុងចំណោម១៤៤៧តូប។ សម្រាប់គ្រោះអគ្គិភ័យ ដ៏កំណាចនេះ បើទោះបីមិនទាន់អាចបញ្ជាក់ពីទំហំ នៃការខូចខាតក៏ដោយនោះ ប៉ុន្តែតាមការប៉ាន់ស្មានវិញ គឺមានតម្លៃរាប់ម៉ឺនដុល្លារឯណោះ។
លោកឧត្តមសេនីយ៍ទោ នេត វន្ថា មិនទាន់អាចបញ្ជាក់ថា រថយន្តប៉ុន្មានគ្រឿងដែលត្រូវបានប្រើប្រាស់ សម្រាប់ប្រតិបត្តិការពន្លត់អគ្គិភ័យខាងលើនេះទេ និងមូលហេតុអ្វីនោះឡើយ ដោយនៅពេលនេះ កំពុងបន្តស្រាវជ្រាវសិន។ តែបើតាមអាជ្ញាធរមូលដ្ឋានវិញ បានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចបានប្រើទឹកអស់ប្រមាណ២៥០រថយន្ត។
សូមបញ្ជាក់ថា អគ្គិភ័យបានកើតឡើងនៅវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។ ចំពោះមូលហេតុដែលបង្កឲ្យមានអគ្គិភ័យលើកនេះ នាយនគរបាលប៉ុស្ដិ៍ច្បារអំពៅទី២ បានបញ្ជាក់ថា បណ្តាលមកឆ្លងចរន្តអគ្គិសនី (ទុស្សេ) ម្តុំតូបឈាងខាងកើតផ្សារ បង្កជាអណ្តាតភ្លើងឆេះតូបតគ្នាៗឡើងយ៉ាងសន្ធោសន្ធៅតែម្ដង។
នៅពេលកើតហេតុនោះ គេសង្កេតឃើញវត្តមានអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានចេញទៅជួយអន្តរាគមន៍ផ្ទាល់ផងដែរ។
នៅក្នុងហេតុការណ៍នោះ គេលឺសូរសម្លេងផ្ទុះហ្គាស និងមានមនុស្សជាប់នៅក្នុងរបងផងដែរ ប៉ុន្តែត្រូវបានបាញ់ទឹកជួយសង្រ្គោះឲ្យចាកចេញពីខាងក្នុងទាន់ពេល៕