(ភ្នំពេញ)៖ ក្រោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានកំណត់សន្ទស្សន៍មេដាយឲ្យគ្រប់ប្រភេទកីឡាត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវដណ្ដើមបានមេដាយមាសឲ្យខានតែបាន ថ្នាក់ដឹកនាំសហព័ន្ធកីឡាវាយសីកម្ពុជា ដែលស្ថិតក្នុងចំណោមប្រភេទកីឡាទាំងនោះ បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីឈានទៅសម្រេចគោលដៅរបស់ស្ថាប័នថ្នាក់ដឹកនាំ និងលើកកិត្តិយសជាតិ លើឆាកអន្ដរជាតិ។
លោក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងក្នុងមហាសន្និបាតវិសាមញ្ញ បូកសរុបលទ្ធផលការងាររបស់សហព័ន្ធប្រចាំឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ នាទីស្នាក់ការ NOCC នៅថ្ងៃទី១៥ ខែមីនាថា ចាប់ពីឆ្នាំនេះទៅ គ្រប់ភាគីពាក់ព័ន្ធរបស់សហព័ន្ធ ត្រូវបង្កើនការអភិវឌ្ឍន៍ទ្វេដង ដើម្បីចម្រាញ់រកធនធានកីឡាករ-កីឡាការិនីឆ្នើមតំណាងជាតិ សម្រាប់ចូលរួមប្រកួតលើឆាកអន្ដរជាតិ ពិសេសគឺពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលថ្នាល សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣តែម្ដង។
បន្ថែមលើនេះ សហព័ន្ធបានកំពុងរៀបចំផែនការ និងឯកសារ ដើម្បីស្នើសុំការបញ្ជូនអត្តពលិកវ័យក្មេងទៅហ្វឹកហាត់រយៈពេលវែង សម្រាប់ត្រៀមស៊ីហ្គេមផងដែរ ដោយសហព័ន្ធបានកំណត់ប្រទេសចិន គឺជាប្រទេសទី១ ដើម្បីបញ្ជូនក្រុមកីឡាករ-កីឡាការិនីវាយសីកម្ពុជា ១៥នាក់ ទៅហ្វឹកហាត់រយៈពេលចន្លោះ ៣ ទៅ ៤ឆ្នាំ តាមរយៈគម្រោងរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ម្យ៉ាងវិញទៀត សហព័ន្ធថែមទាំងបានអញ្ជើញគ្រូបង្វឹកបរទេសកម្រិតខ្ពស់ មកបណ្ដុះបណ្ដាលក្នុងប្រទេសនាពេលបច្ចុប្បន្នទៀតផង។ លោក លី កុសល បន្ថែម។
លោកបន្ដថា សម្រាប់សហព័ន្ធកីឡាវាយសី ត្រូវបានកំណត់ឲ្យដណ្ដើមយកមេដាយមាសយ៉ាងតិច ២គ្រឿង នៅស៊ីហ្គេម ឆ្នាំ២០២៣ ប៉ុន្ដែក្នុងនាមជាម្ចាស់ផ្ទះ លោកបានប្ដេជ្ញាចិត្តថា នឹងប្រឹងប្រែងអភិវឌ្ឍន៍ និងបណ្ដុះបណ្ដាលធនធានកីឡាករឆ្នើមឲ្យបានច្រើន ដើម្បីឈានទៅសម្រេចគោលដៅ។ ដូច្នេះសហព័ន្ធបានកំណត់ផែនការសំខាន់ៗមួយចំនួន ក្រៅពីគម្រោងបញ្ជូនអត្តពលិកទៅហ្វឹកហាត់ក្រៅប្រទេស ដូចជាពង្រីកក្លឹប ការជំរុញយុវជនវ័យក្មេងឲ្យលេងកីឡាវាយសី សម្រាប់ត្រៀមបន្ដវេន បង្កើនការរៀបចំការប្រកួតថ្នាក់ជាតិ ការចូលរួមប្រកួតលើឆាកអន្ដរជាតិ និងគម្រោងរៀបចំការប្រកួតលក្ខណៈអន្ដរជាតិ នៅពហុកីឡដ្ឋានជាតិមរតកតេជោជាដើម។
សូមបញ្ជាក់ថា បច្ចុប្បន្នសហព័ន្ធកីឡាវាយសីកម្ពុជា គឺមានក្លឹបជាសមាជិកពេញសិទ្ធិទូទាំងប្រទេសសរុបចំនួន ២៨ក្លឹប ស្មើនឹងកីឡាករ-កីឡាការិនីសរុប ៦៥៥នាក់ ក្នុងនោះមានស្រី ៦០នាក់ និងអាជ្ញាកណ្ដាលចំនួន ២២នាក់ផងដែរ។ ចំពោះមហាសន្និបាតវិសាមញ្ញខាងលើ មានសមាជិកប្រតិបត្តិ ២រូប បានលាឈប់ពីតួនាទី គឺមានលោក ស្ដើង ជា ដែលជាអគ្គលេខាធិការ បានលាឈប់មកធ្វើសមាជិកវិញ និងលោក អាំង សំបូរ អគ្គលេខាធិការរង។ ហេតុនេះការងារក្នុងតួនាទីនេះ ត្រូវបានប្រធានសហព័ន្ធលោក លី កុសល ផ្ដល់ទំនុកចិត្តឲ្យអគ្គលេខាធិការរងលោក ជាម សុភា ដឹកនាំជាបណ្ដោះអាសន្ន។ លើសពីនេះ សហព័ន្ធក៏បានបញ្ចូលសមាជិកថ្មី ២រូបជាស្ដ្រី ដើម្បីលើកកម្ពស់ការងារយ៉េនឌ័រផងដែរ៕