(ភ្នំពេញ)៖ លោកឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវីជ្ជាជីវៈ បានថ្លែងថា ពេលនេះរាជរដ្ឋាភិបាលកម្ពុជា បានឯកភាពសារជាថ្មី ជាមួយភាគីម៉ាឡេស៊ី ក្នុងការបញ្ជូនពលការិនីពីកម្ពុជា ដែលនឹងចាប់ផ្តើមពីខែឧសភា ឆ្នាំ២០១៨នេះតទៅ បន្ទាប់ពីត្រូវបានផ្អាកអស់រយៈពេលជាង៧ឆ្នាំមកហើយ។
ការថ្លែងបែបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកឧកញ៉ា បានអញ្ជើញបិទវគ្គបណ្តុះបណ្តាលគ្រូបង្គោលបង្ហាត់ពលការនី មុននឹងចេញដំណើរទៅបំពេញការងារនៅម៉ាឡេស៊ី ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលតម្រង់ទិសរបស់ក្រុមហ៊ុនហ្វមីស (FOMIS)។
លោកឧកញ៉ាបន្តថា ក្រោមកិច្ចព្រមព្រាងទ្វេរភាគីកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងម៉ាឡេស៊ី ដែលមានក្រសួងធនធានមនុស្ស គឺបានចុះកិច្ចព្រមព្រាងសារជាថ្មី កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៨ ក្នុងការទទួលយកពលការិនីកម្ពុជាសារជាថ្មី ដោយឈរលើយន្តការ លក្ខខណ្ឌសមស្របសាកសមនឹងទទួលយកបានទាំងពីរភាគី ជាពិសេសមានលក្ខខណ្ឌក្នុងការលើកលែងច្រើនដល់ពលការនី។
លោកឧកញ៉ាបន្ថែមថា ដើម្បីពង្រឹងសមត្ថភាព និងចំណេះដឹងមួយចំនួនដល់ពលការនីកម្ពុជា ក្រសួងនៃភាគីប្រទេសទាំង២ បានសម្រេចលក្ខខណ្ឌ នៃការបញ្ជូនពលការនី គឺពួកគាត់ត្រូវទទួលយកវគ្គបណ្តុះបណ្តាលតម្រង់ទិសចំនួន៨ថ្ងៃជាមុន។
លោកឧកញ៉ា អូស្មាន ហាស្សាន់ ក៏បានទម្លាយឲ្យដឹងថា សម្រាប់ខណៈពេលនេះមានតែក្រុមហ៊ុន ហ្វមីស (FOMIS) មួយគត់ដែលទទួលសិទ្ធិស្របច្បាប់ ពីនាយកដ្ឋានអភិវឌ្ឍន៍ជំនាញ នៃក្រសួងធនធានមនុស្សម៉ាឡេស៊ី ដើម្បីទទួលរ៉ាប់រងការងារបណ្តុះបណ្តាលរាល់ពលការិនី ដែលត្រៀមចេញដំណើរទៅម៉ាឡេស៊ី ទោះបីមកពីក្រុមហ៊ុនណាក្តី។
បន្ថែមពីនេះ លោកក៏បានផ្តល់ការផ្តាំផ្ញើដល់សិក្ខាកាមជាគ្រូបង្គោលទាំង២៤រូប ត្រូវខិតខំអភិវឌ្ឍន៍ជំនាញរបស់ខ្លួន និងត្រូវយកទៅអនុវត្តឲ្យបានល្អប្រសើរ ដើម្បីអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្សទាំងខ្លួនឯង និងពលការនីកម្ពុជាផងដែរ៕