(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំងក្លា និងប្រឆាំងដាច់ខាតចំពោះទង្វើរបស់ទណ្ឌិត សម រង្ស៊ី មេចលនាសង្រ្គោះជាតិ ដែលបានចុះកិច្ចព្រមព្រៀងកាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាម។ ក្រសួងការពារជាតិ បានចាត់ទុកថា ទង្វើរបស់ទណ្ឌិត សម រង្ស៊ី គឺជាអំពើក្បត់ជាតិធ្ងន់ធ្ងរបំផុត មិនអាចអត់ឱនបានទេ។
សេចក្តីថ្លែងការណ៍ថ្កោលទោសរបស់ក្រសួងការពារជាតិ បានធ្វើឡើងបន្ទាប់ពី វីដេអូអំពីកិច្ចព្រមព្រៀងរវាង លោក សម រង្ស៊ី និងលោក កុក ស (Kok Ksor) មេដឹកនាំជនជាតិភាគតិចវៀតណាម កាលពី៥ឆ្នាំមុន ត្រូវបានបណ្តាញទំនាក់ទំនង Facebook ដែលជាសកម្មជនអតីតបក្សប្រឆាំង ទម្លាយកាលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។ ក្នុងវីដេអូនោះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលបក្សសង្គ្រោះជាតិដឹកនាំរដ្ឋាភិបាលកម្ពុជា លោកនឹងប្រគល់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង និងខេត្តក្រចេះ ទៅឱ្យជនជាតិភាគតិចវៀណាម Degar (ម៉ុងតាញ៉ា) គ្រប់គ្រងដោយស្វ័យភាព។
សេចក្តីថ្លែងការណ៍ថ្កោលទោសរបស់ក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងការពារជាតិ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្កា និងប្រឆាំងដាច់ខាតចំពោះ ទណ្ឌិត សម រង្ស៊ី ដែលបានលួចចុះកិច្ចព្រមព្រៀងកាត់ទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាម»។
ក្រសួងការពារជាតិ បានបញ្ជាក់បន្តថា «យើងខ្ញុំទាំងអស់គ្នា ជាកងយោធពលខេមរភូមិន្ទ ចាត់ទុកថា ការចុះហត្ថលេខាជាមួយឈ្មោះ កុក ស (Kok Ksor) មេដឹកនាំជនជាតិភាគតិចវៀតណាម Degar ឬម៉ុងតាញ៉ា ដើម្បីឱ្យជនជាតិនេះ គ្រប់គ្រងខេត្តចំនួន៤របស់កម្ពុជា រួមមានខេត្តមណ្ឌលគិរី, រតនគិរី, ក្រចេះ និងខេត្តស្ទឹងត្រែងដែលធ្វើឡើងដោយ ទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៣នោះ គឺជាអំពើក្បត់ជាតិ រំលោភរដ្ឋធម្មនុញ្ញ ដែលជាទង្វើមួយមិនអាចអត់ឱន បានជាដាច់ខាត»។
ទន្ទឹមនឹងការចេញសេចក្តីថ្លែងការណ៍ថ្កោលទោសនេះ ក្រសួងការពារជាតិ ក៏បានបង្ហាញការគាំទ្រចំពោះចំណាត់ការរបស់ រាជរដ្ឋាភិបាលកម្ពុជា និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តប្រឆាំងចំពោះទង្វើក្បត់ជាតិរបស់ទណ្ឌិតសម រង្ស៊ី និងអំពាវនាវដល់ ស្ថាប័នតុលាការកម្ពុជា ឱ្យចាត់វិធានការណ៍ឱ្យបានម៉ឹងម៉ាត់ និងផ្តន្ទាទោសជនក្បត់ជាតិនេះ ទៅតាមច្បាប់ឱ្យបានធ្ងន់ធ្ងរបំផុត កុំបីមានការលើកលែងឡើយ។
សូមបញ្ជាក់ថា តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ នាថ្មីៗនេះ លោក សម រង្ស៊ី ពុំបានមានការអៀនខ្មាស់ចំពោះការចុះកិច្ចព្រមព្រៀងនេះឡើយ។ លោកបានសារភាពថែមទៀតថា លោកពិតជា បានចុះហត្ថលេខាជាមួយ ឈ្មោះ Kok Ksor កាលពីឆ្នាំ២០១៣ នៅសហរដ្ឋអាមេរិកនោះ ពិតប្រាកដមែន។
ឆ្លើយតបនឹងអំពើគគ្លើនរបស់ទណ្ឌិតរូបនេះ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ពាក្យបណ្តឹងទៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងទណ្ឌិតសម រង្ស៊ី មួយករណីទៀត ក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ» ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសម្ងាត់កាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ា។
បើតាមលោក លី សុផាណា អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា រហូតដល់ពេលនេះ ស្ថាប័នរបស់លោក បានទទួលពាក្យបណ្តឹងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ រួចហើយ និងកំពុងរៀបចំសំណុំរឿងទៅតាមនីតិវិធី។
ការចុះហត្ថលេខាកាត់ទឹកដីកម្ពុជា ឱ្យទៅជនជាតិភាគតិចវៀតណាម ដែលធ្វើឡើងដោយទណ្ឌិត សម រង្ស៊ី ក៏ទទួលរងនូវការប្រតិកម្ម និងថ្កោលទោសយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ នៅក្នុងប្រទេសកម្ពុជា។ ពួកគាត់បានរិះគន់ថា លោក សម រង្ស៊ី កំពុងដើរតាមគន្លងរបស់ឪពុករបស់គាត់ ដែលជាជនក្បត់ជាតិ ក្បត់ព្រះមហាក្សត្រ ដែលអាសោចស្អុយឈ្មោះរហូតដល់សព្វថ្ងៃនេះ៕