(ភ្នំពេញ)៖ កិច្ចព្រមព្រៀងកាត់ដី៤ខេត្ត ឲ្យទៅអតីតមេដឹកនាំជនជាតិភាគតិចវៀតណាម កុក សរ របស់ទណ្ឌិត សម រង្ស៊ី គឺជាទង្វើក្បត់នឹងប្រយោជន៍ជាតិ និងប្រជាជនផ្ទុយពីរដ្ឋធម្មនុញ្ញរបស់ ព្រះរាជាណាចក្រកម្ពុជា ដែលច្បាប់របស់កម្ពុជាមិនអាចលើកលែងនោះឡើយ។
កងទ័ពកម្ពុជានៅទូទាំងប្រទេស បានសម្តែងការខឹងសម្បា និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើក្បត់ជាតិ ក្បត់ទឹកដីរបស់ទណ្ឌិត សម រង្ស៊ី។ ក្នុងញត្តិថ្កោលទោសចំពោះទង្វើក្បត់ជាតិនេះ នាយឧត្តមសេនីយ៍ គន់ គីម នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទតំណាងឲ្យកងទ័ពនៅទូទាំងប្រទេស បានគូសបញ្ជាក់ថា ទង្វើរបស់ទណ្ឌិត សម រង្ស៊ី គឺជាទង្វើក្បត់ជាតិ និងប្រជាជនកម្ពុជា ផ្ទុយស្រឡះពីច្បាប់រដ្ឋធម្មនុញ្ញ។
ក្នុងញត្តិនោះ បានគូសបញ្ជាក់ថា «បងប្អូនយើងប្រឆាំងដាច់ខាតចំពោះទណ្ឌិត សម រង្ស៊ី អ្នកនយោបាយបញ្ច្រាស់ទិស ដែលបានចុះហត្ថលេខាកាត់ដី៤ខេត្ត (ស្ទឹងត្រែង រតនគិរី មណ្ឌលគីរី ក្រចេះ ) ឲ្យចលនាជនជាតិដើមភាគតិចវៀតណាម ម៉ុងតាញ៉ា បើខ្លួនបានឈ្នះឆ្នោតកាន់រដ្ឋាភិបាល ដែលនេះគឺជាអំពើក្បត់ជាតិ ក្បត់ប្រជាជនយ៉ាងជាក់ស្តែងមិនអាចប្រកែកបាន ដែលពួកយើងខ្ញុំ មិនអាចនៅស្ងៀមបានឡើយ។ ទង្វើនេះ គឺជាទង្វើដ៏កខ្វក់ក្បត់ជាតិ ក្បត់ទឹកដី ក្បត់ប្រជាជនខ្មែរ ក្បត់ដែនអធិបតេយ្យជាតិ ដែលប្រជាជនខ្មែរ និងកងទ័ពមិនអាចលើកលែងឲ្យបាននោះឡើយ។ យើងខ្ញុំទាំងអស់គ្នាដែលជាកងទ័ពការពារជាតិ ការពារបូរណភាពទឹកដីសូមប្រឆាំងដាច់ខាត និងមិនអាចអត់ឱនឲ្យបាននោះឡើយ»។
ទន្ទឹមនឹងបង្ហាញការខឹងសម្បា និងថ្កោលទោសហើយនោះ កងទ័ពដែលជាអ្នកបានពលីសព្វបែបយ៉ាង ដើម្បីបុព្វហេតុជាតិនោះ ក៏បានប្រកាសគាំទ្រ ព្រមទាំងអំពាវនាវដល់រាជរដ្ឋាភិបាល ឲ្យចាត់វិធានការតាមផ្លូវច្បាប់ដ៏ម៉ឹងម៉ាត់បំផុតមិនអាចអត់ឱនឲ្យទណ្ឌិត សម រង្ស៊ី នោះឡើយ។ «សូមគាំទ្រយ៉ាងពេញទំហឹងឲ្យរាជរដ្ឋាភិបាលចាត់វិធានការផ្លូវច្បាប់ចំពោះទណ្ឌិត សម រង្ស៊ី ដោយគ្មានការលើកលែងនោះឡើយ»។
លោក សម រង្ស៊ី កាលពីឆ្នាំ២០១៣ បានធ្វើកិច្ចព្រមព្រៀងបែងចែកទឹកដីចំនួន៤ខេត្តទៅលោក Kok Ksor (កុក សរ) មេដឹកនាំវៀតណាមជនជាតិភាគតិច Degar (ដេកា) ឬម៉ុងតាញ៉ា (វៀតណាមសេរី) នៅពេលដែលរូបលោកឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
កិច្ចព្រមព្រៀងដែលកំពុងធ្វើឲ្យមហាជនខ្មែរថ្កោលយ៉ាងខ្លាំងក្លាចំពោះទណ្ឌិត សម រង្ស៊ី ត្រូវបានបណ្តាញទំនាក់ទំនង Facebook របស់អតីតសកម្មជនគណបក្សសង្រ្គោះជាតិ «Rithy Erng» ទម្លាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។ ក្នុងវីដេអូនៃជំនួបធ្វើកិច្ចព្រមព្រៀងនេះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលគណបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹងត្រែង ក្រចេះ ឲ្យវៀតណាមជនជាតិភាគតិច Degar ដើម្បីឲ្យពួកគេគ្រប់គ្រងខេត្តទាំងបួននោះ ដោយស្វ័យភាព។
សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធស្ពានកោះប៉ែននៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ បានថ្លែងថា ការចុះកិច្ចព្រមព្រៀងរវាងទណ្ឌិត សម រង្ស៊ី ជាមួយមេដឹកនាំជនជាតិភាគតិចវៀតណាម កុក សរ គឺជាទង្វើក្បត់ជាតិដ៏ធ្ងន់ធ្ងរ។ សម្តេចតេជោ បានបញ្ជាឲ្យក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃពិនិត្យលើបញ្ហានេះ ហើយត្រូវចាត់វិធានការទៅតាមផ្លូវច្បាប់។
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានដាក់ពាក្យបណ្តឹងទៅតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្តឹងទណ្ឌិត សម រង្ស៊ី ក្រោមការចោទប្រកាន់ពីបទ «ក្បត់ជាតិ» ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសម្ងាត់កាត់ទឹកដីកម្ពុជា ទៅឱ្យជនជាតិភាគតិចវៀតណាមម៉ុងតាញ៉ាផងដែរ។
អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់ទុកថា វីដេអូសកម្មភាព និងទង្វើដែលចុះហត្ថលេខា ប្រគល់ឱ្យរដ្ឋបរទេសនូវដែនដី ដែលធ្វើឡើងដោយទណ្ឌិត សម រង្ស៉ី គឺជាអំពើក្បត់ជាតិយ៉ាងពិតប្រាកដ។ ដូច្នេះស្នើឱ្យតំណាងអយ្យការ ទទួលចាត់ការចំពោះអំពើក្បត់ជាតិ ឃុបឃិតកាត់ទឹកដីឱ្យជនបរទេសរវាងឈ្មោះ សម រង្ស៉ី និងបរទេស ប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដើម្បីផ្តន្ទាទោសតាមច្បាប់៕
ឮ