(ព្រះវិហារ)៖ លោកស្រី ចឹក ហេង អភិបាលរងខេត្តព្រះវិហារ បានអំពាវនាវឲ្យមន្ត្រីសុខាភិបាលទូទាំងខេត្ត ត្រូវរក្សាការប្តេជ្ញាចិត្តចូលរួម ក្នុងការបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ មានឧត្តមគតិដើម្បីអ្នកជម្ងឺ។

ការអំពាវនាវបែបនេះរបស់លោកស្រីអភិបាលរងខេត្តព្រះវិហារ ក្នុងឱកាសដែលលោកស្រី អញ្ជើញជាតំណាងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផល ការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់មន្ទីរសុខាភិបាលខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ។

លោកស្រី ចឹក ហេង បានលើកឡើងថា «តាមពិតទៅសេវាសុខភាពនៅខេត្តព្រះវិហារយើងល្អណាស់ លឿន រហ័ស អាចឲ្យប្រជាពលរដ្ឋយើងទុកចិត្តបាន សូម្បីតែប្រជាពលរដ្ឋឡាវ ជាប់ព្រំដែនក៏មកទទួលសេវាពិនិត្យព្យាបាលជម្ងឺ ពីក្រុមគ្រូពេទ្យនៅខេត្តព្រះវិហារយើងដែរ ដែលចំណុចនេះក្នុងនាមថ្នាក់ដឹកនាំខេត្ត ខ្ញុំសូមធ្វើការកោតសរសើរ»។

ជាមួយគ្នានេះ លោកស្រីជំរុញឲ្យក្រុមគ្រូពេទ្យនៅក្នុងខេត្តព្រះវិហារទាំងអស់ ត្រូវរក្សាការប្តេជ្ញាចិត្ត ចូលរួមក្នុងការបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវ មានឧត្តមគតិចំពោះអ្នកជម្ងឺ ហើយការអំពាវនាវនេះ គឺលោកស្រីធ្វើការអំពាវនាវជារួម ហើយក៏មិនមែនបានន័យថា យើងទាំងអស់គ្នាមិនខិតខំនោះទេ។

លោកស្រី ចឹក ហេង បានគូសបញ្ជាក់ថា ផ្អែកតាមរបាយការណ៍បូកសរុបលទ្ធផល នៃអង្គសន្និបាត ដែលបានរាយការណ៍ដោយលោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានបង្ហាញ ឲ្យយើងទាំងអស់គ្នា បានឃើញពីសមិទ្ធិផលយ៉ាងច្រើន ដែលមន្ទីរសុខាភិបាលខេត្ត សម្រេចបានជាលទ្ធផល និងផ្លែផ្កា នៃការពិភាក្សារយៈពេលពីរថ្ងៃកន្លងមកនេះ សំដៅឲ្យការផ្តល់សេវាសុខាភិបាល ក្នុងខេត្តកាន់តែល្អប្រសើរ ស្របតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានតម្កល់ទុកសុខភាពប្រជាជនជាកត្តាចំបង សម្រាប់ការអនុវត្តធនធានមនុស្ស វឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព។

ជាមួយគ្នានេះផងដែរ លោកស្រី ចឹក ហេង ក៏បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ នៃមន្ទីរសុខាភិបាលខេត្ត ដែលបានខិងខំបំពេញដ៏ឧត្តុង្គឧត្តមប្រកបដោយសីលធម៌ និងទទួលខុសត្រូវ។ ពាក់ព័ន្ធ និងបញ្ហាសំណូមពរប៉ុន្មាន ចំណុចរបស់លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោកស្រីអភិបាលរងខេត្ត សន្យាថា នឹងរាយការណ៍ជូនលោកអភិបាលខេត្តឲ្យបានជ្រាប ធ្វើយ៉ាងណាឲ្យសេវាសុខាភិបាលក្នុងខេត្តរបស់យើង កាន់តែមានប្រសិទ្ធិភាពថែមទៀត ឆ្លើយតបនូវការចង់បានរបស់ប្រជាពលរដ្ឋយើង។

ដោយឡែក លោកវេជ្ជបណ្ឌិត គួង ឡូ ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក៏បានដាក់ចេញនៅទិសដៅសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០១៨នេះ រួមមាន៖

*ការពង្រឹងការគ្រប់គ្រងមូលដ្ឋានសុខាភិបាល ដើម្បីផ្តល់នូវសវាសុខភាពប្រកបដោយគុណភាព កាត់បន្ថយអត្រាឈឺ ស្លាប់របស់ម្តាយ កុមារ និងទារក តាមរយៈការបង្កើនការសំរាលកូនដោយបុគ្គលិកជំនាញ
*ពង្រឹងយុទ្ធសាស្ត្រសមាហរណកម្ម ទទួលបន្ទុកព្យាបាលជម្ងឺកុមារ នៅគ្រប់មូលដ្ឋានសុខាភិបាល
*កាត់បន្ថយអត្រាឈឺ និងស្លាប់ជម្ងឺឆ្លងតាមរយៈការចែកចាយមុងជ្រលក់ថ្នាំ
*បង្កើនការស្រាវជ្រាវរកជម្ងឺរបេងថ្មី និងបង្កើនការអប់រំសុខភាព ក្នុងសហគមន៍ទប់ស្កាត់ការរីករាលដាល នៃមេរោគអេដស៍ និងជម្ងឺអេដស៍តាមរយៈពង្រឹង ពង្រីកមណ្ឌុលផ្តល់ប្រឹក្សាធ្វើតេស្តឈាម និងរក្សាការសំងាត់ជាពិសេសលើការងារអប់រំផ្សព្វផ្សាយ
*ពង្រឹងការងារគ្រប់គ្រងសេវាឯកជន ពង្រឹងលើក្រមសីលធម៌វិជ្ជាជីវៈ និងឥរិយាបទក្នុងការផ្តល់សេវា
*បន្តពង្រឹងគុណភាពសេវានៅគ្រប់គ្រឹះស្ថានសុខាភិបាលផងដែរ៕