(ពោធិ៍សាត់)៖ លោកស្រីសាស្ត្រចារ្យ គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ តំណាងលោកសាស្ត្រចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក អ៊ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ បានអំពាវនាវដល់បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបន្តខិតខំបង្កើនចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ ដើម្បីធ្វើការអប់រំ ផ្តល់ និងបម្រើសេវាសាធារណៈឲ្យបានពេញលេញ ប្រកបដោយក្រមសីលធម៌ល្អ មានភាពទទួលខុសត្រូវ ចំពោះការងារជួយសង្រ្គោះប្រជាពលរដ្ឋ ជាមួយនឹងសម្ភារបរិក្ខាទំនើប ដែលបានបំពាក់ជាបន្តបន្ទាប់គ្រប់មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ដោយមានទាំងបន្ទប់រង់ចាំមុន និងក្រោយសម្រាល។
ថ្នាក់ដឹកនាំទាំង២ បានអំពាវនាវបែបនេះ នៅសាលប្រជុំរបស់មន្ទីរ ក្នុងឱកាសអញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ របស់មន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីមន្ត្រីសុខាភិបាលគ្រប់ថ្នាក់ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរស្រុក ក្រុង ឃុំ សង្កាត់ និងអង្គការជាដៃគូ ជាង៣០០នាក់។
បន្ទាប់ពីលោកវេជ្ជបណ្ឌិត ខូយ ឌី ប្រធានមន្ទីរសុខាភិបាលខេត្ត បានរាយការណ៍ពីកិច្ចដំណើរការនៃអង្គសន្និបាតរយៈពេលពេញ១ថ្ងៃរួចមក លោក អ៊ឹង គឹមលាង និងលោកស្រី សាស្ត្រចារ្យ គ្រុយ លាងស៊ីម បានថ្លែងការកោតសរសើរដល់មន្រ្តី ថ្នាក់ដឹកនាំ និងបុគ្គលិក នៃមន្ទីរសុខាភិបាល និងអង្គការជាដៃគូទាំងអស់ ដែលបានខិតខំអនុវត្តការងារទទួលបានលទ្ធផលល្អ ក្នុងឆ្នាំ២០១៧កន្លងមក និងបានចាត់ទុកថា សន្និបាតនេះពិតជាមានសារសំខាន់ណាស់ សម្រាប់ការពិនិត្យ តាមដាន និងវាយតម្លៃសមិទ្ធផលសកម្មភាព ការលំបាក និងបញ្ហាប្រឈមកន្លងមក ដើម្បីដោះស្រាយ និងកំណត់ទិសដៅផែនការសម្រាប់ឆ្នាំបន្ទាប់។
ថ្នាក់ដឹកនាំទាំង២ បានថ្លែងទៀតថា សុខសន្តិភាព និងស្ថេរភាព តាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ធានានូវការអភិវឌ្ឍន៍លើគ្រប់វិស័យ សម្តៅលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយើង។ កត្តានេះហើយសូមថ្នាក់ដឹកនាំគ្រប់ផ្នែក គ្រប់ថ្នាក់ គប្បីខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាព ក្នុងការបំពេញតួនាទីភារកិច្ច ក្នុងនាមខ្លួនយើងជាថ្នាក់ដឹកនាំគេ ត្រូវមានព្រហ្មវិហាធម៌ទាំង៤ មានវប្បធម៌ចែករំលែក បង្កើននូវចំណងសាមគ្គីផ្ទៃក្នុងល្អ មានមនសិកាស្នោះត្រង់ យោគយល់ឱ្យគ្នាទៅវិញទៅមក។
ឆ្លៀតក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ខូយ ឌី លោក អ៊ឹង គឹមលាង និងលោកស្រីសាស្ត្រចារ្យ គ្រុយ លាងស៊ីម ក៏បានប្រគល់ជូនថវិកាជ័យលាភីប្រឡងប្រណាំង សម្រាប់ស្រុកប្រតិបត្តិសំពៅមាស លេខ១មណ្ឌលសុខភាពស្យា ចំនួន៣លានរៀល, លេខ២មណ្ឌលសុខភាពស្រែស្តុក ចំនួន២ដុល្លារ និងលេខ៣មណ្ឌលសុខភាពព្រៃញី ចំនួន១លានរៀល។ ជ័យលាភីប្រឡងប្រណាំង ស្រុកប្រតិបត្តិបាកាន លេខ១មណ្ឌលសុខភាពមេទឹក ចំនួន៧៩០ដុល្លារ, លេខ២មណ្ឌលសុខភាពបឹងបត់កណ្តោល ចំនួន៥៩០ដុល្លារ, លេខ៣មណ្ឌលសុខភាពបឹងខ្នារ ចំនួន៤០០ដុល្លារ និងលេខ៤មណ្ឌលសុខភាពស្វាយដូនកែវ ចំនួន២០០ដុល្លារ។ នឹងក៏បានចែកជូនប័ណ្ណសរសើររបស់រដ្ឋបាលសាលាខេត្ត និងសម្ភារការិយាល័យ ជូនដល់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ខេត្ត កម្មវិធីសុខាភិបាល និងអង្គការដៃគូរ សរុប៧៩ប័ណ្ណផងដែរ។
គួរបញ្ជាក់ថា ខេត្តពោធិ៍សាត់មានមន្ទីរពេទ្យបង្អែកខេត្តចំនួន១ មន្ទីរពេទ្យបង្អែកស្រុកចំនួន៣ គឺមន្ទីរពេទ្យបង្អែកបាកាន ក្រគរ និងភ្នំក្រវាញ និងមណ្ឌលសុខភាពចំនួន៤០ ព្រមទាំងមានបុគ្គលិកសុខាភិបាលចំនួន៦១៧នាក់ ក្នុងនោះស្រី៣១០នាក់។ ក្នុងឆ្នាំ២០១៧កន្លងទៅ មន្ទីរបានទទួលសំណង់អាគារសម្ភព និងរោគស្ត្រី ពីក្រសួងសុខាភិបាល០១ខ្នង នៅមន្ទីរពេទ្យបង្អែកភ្នំក្រវាញ។ មូលនិធិKOFIH របស់ប្រទេសកូរ៉េ បានសាងសង់បន្ទប់រងចាំសម្រាល នៅតាមមណ្ឌលសុខភាព។
ជាមួយគ្នានោះមន្ទីរបានពិនិត្យលទ្ធភាព ដោយប្រើថវិការដ្ឋ និងហិរញ្ញប្បទានសុខាភិបាល ក្នុងការជួសជុល និងពង្រីកអគារសម្ភព និងរោគស្រ្តី ដើម្បីសម្រួលដល់ការប្រើប្រាស់សេវារបស់អ្នកជំងឺ ដែលជាតម្រូវការចាំបាច់មិនអាចខ្វះបាន។ ចំពោះផ្នែកសុខភាពបន្តពូជមាតា និងទារក ស្រ្តីបានមកសម្រាលកូននៅមូលដ្ឋានសុខាភិបាលមានចំនួន ៩៩១៤នាក់ ស្មើនឹង៨០,៤៦%, អ្នកជំងឺអេដស៏បានទទួលសេវាថែទាំ ១២៨០នាក់, អ្នកជំងឺរបេងមាន ៩៤៥ករណី, ចុះចែកមុងជ្រលក់ថ្នាំដល់ប្រជាពលរដ្ឋគោលដៅ និងចល័តក្នុងតំបន់ប្រឈមនឹងជំងឺគ្រុនចាញ់ បាន៨៥៥០មុង និងមុងអង្រឹង ៧៧៥០មុង, ព្យាបាលករណីគ្រុនចាញ់តាមដូតស៍ តាមមូលដ្ឋានសុខាភិបាល និងអ្នកស្ម័គ្រចិត្តបាន ៣៩១១ករណី៕