(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ បានអនុវត្តដីការបស់តំណាងអយ្យការតាមចាប់ខ្លួន បុរសជនជាតិម៉ាឡេស៊ីម្នាក់ ពាក់ព័ន្ធការបោកលុយជាង២លានដុល្លារ ពីជនជាតិជប៉ុនចំនួន២៩នាក់ ក្រោមរូបភាពវិនិយោគខ្យល់ នៅខេត្តកំពត និងខេត្តកំពង់ស្ពឺ។
លោកស្រី ស៊ឺ វណ្ណនី ដែលជាតំណាងអយ្យការ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំតុលាការថា លោកស្រី កំពុងតែសាកសួរជនសង្ស័យ ដោយមិនទាន់សម្រេចយ៉ាងណានៅឡើយទេ។
មន្រ្តីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក៏បានឲ្យដឹងថា ជនសង្ស័យបានបោកលុយពីជនជាតិជប៉ុនចំនួន២៩នាក់ ក្នុងទំហំទឹកប្រាក់រហូតដល់ជាង២លានដុល្លារ ក្រោមរូបភាពវិនិយោគខ្យល់។ មន្រ្តីនគរបាលបានបញ្ជាក់ថា ការចាប់ខ្លួននេះធ្វើឡើងនៅវេលាម៉ោងជាង១១ព្រឹកថ្ងៃនេះ ស្ថិតនៅក្នុងភោជនីយដ្ឋានតាយម៉េង ក្នុងរាជធានីភ្នំពេញ។
សម្រាប់ដំណើររឿងវិញ ត្រូវបានមន្រ្តីនគរបាលប្រាប់ថា កាលពីអំឡុងឆ្នាំ២០១៣-២០១៤ ជនសង្ស័យ បានទាក់ទងជនជាតិជប៉ុនមួយក្រុមមានចំនួន២៩នាក់ ដោយភូតថា ខ្លួនមានដីសម្រាប់ដាំម្រេច នៅឃុំត្រពាំងក្តារ ស្រុកដងទង់ ខេត្តកំពត, មានដីសម្រាប់ដាំដំឡូង និងដើមអាកាស្សា នៅឃុំក្រាំងដង្វាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងមានដីសម្រាប់ដាំស្វាយ នៅខេត្តកំពង់ស្ពឺ តែតាមការពិត ពេលទទួលលុយពីជនរងគ្រោះរួចហើយ គឺគេចខ្លួនរហូត ពោលគ្មានដីសម្រាប់ការវិនិយោគទាំងនេះឡើយ។
ជនសង្ស័យបានប្រើប្រាស់លិខិតឆ្លងដែនចំនួន៤ ដើម្បីងាយស្រួលដើរហើរ និងប្រើរួបភាពឆបោក។ បើតាមមន្រ្តីនគរបាល ក្រៅពីមានជនជាតិជប៉ុនខាងលើនេះ ក៏មានជនជាតិម៉ាឡេស៊ី និងជនជាតិសឹង្ហបុរីប្រមាណ១០នាក់ទៀត ដែលបានចាញ់បោកជនសង្ស័យរូបនេះ តែពួកគេមិនទាន់មកដាក់ពាក្យបណ្តឹង។
មន្រ្តីនគរបាលបានចាត់ទុកថា នេះជារូបភាពបោកអន្តរជាតិមួយ និងបានធ្វើឲ្យក្រុមវិនិយោគិនអន្តរជាតិខ្លាច ចំពោះការមករកស៊ីនៅក្នុងប្រទេសកម្ពុជាផងដែរ។
ជាមួយគ្នានេះលោក ណាច ទ្រី ជាមេធាវីការពារសិទ្ធិឱ្យជនរងគ្រោះចំនួន២៩នាក់ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ផងដែរថា លោកសង្ឃឹមថា តុលាការនឹងអាចផ្តល់យុត្តិធម៌ដល់កូនក្តីលោក និងអាចតម្រូវឱ្យជនសង្ស័យ តម្កល់ប្រាក់ជាសំណងដល់កូនក្តីលោកផងដែរ ព្រោះកូនក្តីរបស់លោកប្តឹងនេះ គឺក្នុងគោលបំណងទាមទារប្រាក់ ដែលជនសង្ស័យបានបោកយកទៅតែប៉ុណ្ណោះ។
បុរសជនជាតិម៉ាឡេស៊ី ឈ្មោះ WOO KEE MUN ហៅ WOO CLEMENT អាយុ៤៦ឆ្នាំ ស្នាក់នៅផ្ទះលេខ១២/១១ ផ្លូវ៥៩៨ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបន្តថា ជនសង្ស័យត្រូវបានឃាត់ខ្លួនតាមដីកាបង្គាប់ឱ្យចូលខ្លួន លេខ០៨៥ អ.យ.យ ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ របស់លោកស្រី ស៊ឺ វណ្ណនី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដោយតម្រូវឱ្យជនសង្ស័យ ចូលខ្លួនបំភ្លឺពាក់ព័ន្ធ សំណុំរឿង ឆបោកប្រាក់ជនជាតិជប៉ុនចំនួន២៩នាក់ ដូច្នេះបើជនសង្ស័យព្រមសងលុយទៅជនរងគ្រោះវិញ កូនក្តីលោកក៏ព្រមសម្របសម្រួល ជាមួយជនសង្ស័យដែរ៕