(កំពង់ធំ)៖ នៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំណុះយោធភូមិភាគទី៤ នៅទីបញ្ជាការវរៈសេនាតូចលេខ១ នៅភូមិតាឡែកថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ បានបើកវគ្គហ្វឹកហ្វឺន ដើម្បីបំពេញនូវជំនាញច្បាស់លាស់ ក្នុងការបំប៉នដល់កម្លំាងលើផ្នែកយុទ្ធវិធី វិន័យ សណ្តាប់ធ្នាប់ និងការអន្តរាគមវិសេស ដែលមាននាយទាហាន នាយទាហានរង និងពលទាហានចំនួន១០០នាក់។

លោកឧត្តមសេនីយ៍ឯក ជា ម៉ន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគ៤ បានលើកឡើងថា កងទ័ព គឺជាកម្លំាងស្នូលដែលជា ឆ្អឹងខ្នងក្នុងការថែរក្សាសុខសន្តិភាព ជូនជាតិមាតុភូមិ ហើយដើម្បីឆ្លើយតបទៅ នឹងភាពទទួលខុសត្រូវដ៏ធំធេងនេះ កងកម្លំាងទំាងអស់ត្រូវតែមានជំនាញ មានមនសិកាស្នេហាជាតិក្នុងការអនុវត្តនូវតួនាទី បំពេញនូវបេសកកម្មបម្រើជាតិ មាតុភូមិ ប្រកបដោយភាពជោគជ័យ និងរួមចំណែកដែលស្ថិតនៅក្រោមការដឹកនាំឲ្យមានសុខសន្តិភាព និងស្ថេរភាពនយោបានបន្តទៅទៀត។ លោកបានសង្កត់ធ្ងន់ៗថា ក្នុងនាមខ្លួនជាកងកម្លំាង បម្រើជាតិ មាតុភូមិ ដាច់ខាតត្រូវតែមានរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ បង្កើននូវភាពសាមគ្គីខ្ពស់ ឯកភាពផ្ទៃក្នុង ត្រូវគោរពនូវតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានម៉ឺងម៉ាត់បំផុត។

ក្នុងនោះលោក ហួន វ៉ាន់និត អភិបាលរងខេត្តកំពង់ធំ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះបងប្អូនយុទ្ធជនដែលបានខិតខំ បំពេញបេសកកម្មបម្រើជាតិមាតុភូមិ ប្រកបដោយជោគជ័យត្រចះត្រចង់ចូលរួមដឹកនាំមាតុភូមិកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍ និងសុខសន្តិភាព។

លោកបានបន្តទៀតថា សូមខិតខំធ្វើការទំនាក់ទំនងជាមួយប្រទេសជិតខាង ក្នុងការគៀងគររកថវិកា និងសម្ភារៈ សម្រាប់បំប៉នសមត្ថភាពដល់យុទ្ធជន ឬសម្រាប់កសាងហេរដ្ឋាសម្ព័ន្ធផ្សេងៗទៀត ហើយកងកម្លាំងទាំងអស់ត្រូវពង្រឹងសមត្ថភាពបន្ថែម ដើម្បីឲ្យក្លាយជាឧបករណ៍ដ៏រឹងមាំ ក្នុងការចូលរួមថែរក្សាការពារសន្តិសុខសង្គម ការពារជាតិ សាសនា ព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលការពារ រដ្ឋធម្មនុញ្ញស្របច្បាប់ដែលប្រសូត្រចេញ ពីការបោះឆ្នោតប្រឆាំងដាច់ខាត ចំពោះក្រុមដែលចេតនាប្រឆាំងមកលើរាជរដ្ឋាភិបាល។

ជាមួយគ្នានេះផងដែរ លោកនាយឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងខេត្តកំពង់ធំ បានឲ្យដឹងដែរថា ការហ្វឹកហ្វឺនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំណុះយោធភូមិភាគ៤ មានរយៈ ៤៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨ ដែលនៅក្នុងនោះ ធ្វើការហ្វឹកហ្វឺនយោធារួមចំនួន២១ថ្ងៃ អប់រំចិត្តសាស្ត្រចំនួន១៤ថ្ងៃ ហ្វឹកហ្វឺនជាក់ស្តែងចំនួន៣៥ថ្ងៃ ដែលមានសមាសភាពចូលរួមពីសិក្ខាកាមចំនួន ១០០នាក់ គណៈកម្មការគ្រប់គ្រងវគ្គ ចំនួន១៥នាក់ ក្រុមគ្រូយោធាចារ្យ ចំនួន២៣នាក់ និងក្រុមបម្រើការចំនួន៥នាក់ផងដែរ៕