(ប៉ៃលិន)៖ លោកស្រី នេត្រ ភូម៉ារី អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធជួយបង្កើនការផ្សព្វផ្សាយ ផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជា ការក្រើនរំលឹកបំផុសស្មារតីស្រលាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំស្នងឬស្សី។
លោកស្រី នេត្រ ភូម៉ារី បានថ្លែងជំរុញបែបនេះ ក្នុងឱកាសលោកស្រីតំណាងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ឡី ចាន់ឆាយប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ជា លាភ អភិបាលរងខេត្ត នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ នៅក្នុងទិវាវប្បធម៌៣មីនា លើកទី២០ ក្រោមប្រធានបទ «យុវជន ដើម្បីវប្បធម៌ជាតិ»។
លោកស្រី នេត្រ ភូម៉ារី បានបន្តថា មន្រ្តីអនុវត្តច្បាប់ ប្រជាពលរដ្ឋ និងយុវជនត្រូវមានកាតព្វកិច្ចថែរក្សាការពារឲ្យស្ថិតស្ថេរគង់វង្ស នូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះ នៃសហគមន៍ជនជាតិ នៅព្រះរាជាណាចក្រកម្ពុជា សំដៅរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍន៍។ ដោយអនុលោមតាមស្មារតីខាងលើរាជរដ្ឋាភិបាល នៃកម្ពុជា សម្រេចឲ្យប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២០ ឆ្នាំ២០១៨ ដោយរក្សានូវប្រធានបទដដែល ដូចឆ្នាំ២០១៧ គឺយុវជន ដើម្បីវប្បធម៌ជាតិ និងកំណត់យកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៨ ដើម្បីប្រារព្ធពិធីបើកជាផ្លូវការ។
លោកស្រីបន្តថា ក្នុងន័យជំរុញឲ្យយុវជន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តកាន់តែសកម្មថែមទៀត ដើម្បីធ្វើឲ្យបានសម្រេច នូវគោលបំណងជាសារវន្តដូចខាងក្រោម៖ បង្កើនការស្រឡាញ់ មានស្មារតីចូលរួមក្នុងការផ្ទេរ និងទទួលយកចំណេះដឹងជំនាញបច្ចេកទេស សិល្បៈវប្បធម៌ សំដៅលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍវប្បធម៌ជាតិ ក៏ដូចជាវប្បធម៌ ចម្រុះនៅកម្ពុជា ឲ្យបានស្ថិតស្ថេរគង់វង្ស ដែលជាមូលដ្ឋាន នៃសាមគ្គីភាព ឯកភាពជាតិ សុខដុមរមនា និងភាពសុខសាន្តរបស់សង្គមជាតិ។ លើកកម្ពស់ការយល់ដឹងកាន់តែច្បាស់អំពីតម្លៃពិតនៃវប្បធម៌ជាតិ ដែលជាប្រភពធនធានមិនចេះរីងស្ងួតប្រកបដោយសក្តានុពលខ្ពស់ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការបង្កើតសេវាកម្ម និងផលិតផលវប្បធម៌ សម្រាប់គោលដៅពាណិជ្ជកម្ម និងទេសចរណ៍។
លោកស្រី ជា លាភ បានថ្លែងថា ការបង្កើនការចូលរួមក្នុងការសិក្សា ស្រាវជ្រាវ ឈ្វេងយល់ ដើម្បីចងក្រងរក្សាទុកឲ្យបានគង់វង្សល្អនូវរាល់ឯកសារ បេតិកភណ្ឌវប្បធម៌គ្រប់ប្រភេទ ដែលមានក្នុងមូលដ្ឋានរបស់ខ្លួនព្រមទាំងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងលើកស្ទួយការប្រើប្រាស់ សក្តានុពលវប្បធម៌ ក្នុងន័យដើម្បីបង្កើនការងារ និងកាលានុវត្តភាពដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនឲ្យខិតខំបង្កបង្កើតស្នាដៃវប្បធម៌ថ្មីៗ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីករបស់ប្រជាជន៕