(ភ្នំពេញ)៖ លោក អៀប ងីឈីម និងក្រុមគ្រួសារទាំងមូលស្នាក់នៅផ្ទះលេខ២៤Eo ផ្លូវលេខ២៨៦ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន សូមទទូចដល់សាលាឧទ្ធរណ៍ ដែលនឹងកាត់ក្តី នៅប៉ុន្មានថ្ងៃខាងមុខនេះ ចំពោះសំណុំរឿងរបស់ខ្លួនមួយ ពាក់ព័ន្ធអ្នករស់នៅជាប់ផ្ទះ ដែលបានសាងសង់នាំឲ្យប៉ះពាល់ដល់ផ្ទះរបស់ខ្លួន រហូតមានស្នាមបែកបាក់ ប្រេះស្រាំ រកដេកពួនមិនបាន។
សូមបញ្ជាក់ថា ករណីនេះកាលពីពេលកន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចរក្សាការពារមួយ ដោយកាត់ក្តីឲ្យលោក អៀច ងីឈីម ជាអ្នកឈ្នះក្តី ជាមួយភាគីម្ខាងទៀតមានឈ្មោះ ខៃ ហ៊ាង ដោយហាមឃាត់ឈ្មោះ ខៃ ហ៊ាង មិនឲ្យសាងសង់ផ្ទះបន្តទៀតឡើយ ដោយសារតែមានការប៉ះពាល់ដល់ផ្ទះរបស់ឈ្មោះ អៀច ងីឈីម និងម្យ៉ាងទៀត ការសាងសង់នេះក៏មិនមានលិខិតស្នាម អនុញ្ញាតពីអាជ្ញាធរ និងមន្រ្តីជំនាញផងដែរ។
នៅក្នុងដីការក្សាការពាររបស់តុលាការ ដែលអង្គភាពព័ត៌មានបានទទួលនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ បានបង្ហាញថា លោកចៅក្រមក៏ទទួលស្គាល់ និងបានពិនិត្យឃើញថា ពិតជាមានស្នាមប្រេះ ហើយការសាងសង់នេះ ក៏ពុំមានច្បាប់ទៀតផង។
ដោយសារតែចាញ់ក្តីនៅតុលាការថ្នាក់ក្រោមបែបនេះទើបឈ្មោះ ខៃ ហ៊ាង បានប្តឹងទាស់នៅសាលាឧទ្ធរណ៍ ដើម្បីសុំលុបចោលដីការក្សាការពារនេះ ដូច្នេះភាគីផ្ទះរងគ្រោះ សូមទទូចដល់សាលាឧទ្ធរណ៍ មេត្តាផ្តល់ភាពយុត្តិធម៌ជូនលោក និងក្រុមគ្រួសារ ពោលបើអនុញ្ញាតឲ្យភាគី ខៃ ហ៊ាង បន្តសាងសង់ផ្ទះនោះ នឹងច្បាស់ណាស់ថា ពិតជារំខានដល់ការរស់នៅ និងរកស៊ីប្រចាំថ្ងៃជាក់ជាមិនខានឡើយ ហើយអាចនឹងមានគ្រោះថ្នាក់ដោយប្រការណាមួយទៀតផង។
ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃនេះ លោក អៀច ងីឃីម បានរៀបរាប់ថា ឈ្មោះ ខៃ ហ៊ាង បានសាងសង់ផ្ទះរបស់គាត់ ដែលផ្ទះនោះជាប់ជាមួយកន្ទុយផ្ទះរបស់លោក ដែលសុទ្ធតែជាសំណង់ចាស់ ហើយការសាងសង់នោះ បានធ្វើឲ្យផ្ទះរបស់លោកមានការប្រេះស្រាំ ជញ្ជាំង ប្លង់សេខាងលើ និងធ្នឹមកណ្តាល។
លោក អៀច ងឺឃីម បានបង្ហាញការព្រួយបារម្ភខ្លាចមានការបាក់បែកចំណែកណាមួយ ឬមួយបណ្តាលឲ្យបាក់ស្រុតផ្ទះទំាំងមូល ដែលបង្កឲ្យប៉ះពាល់ដល់ផលជាច្រើនរបស់លោក ហេតុនេះហើយទើបលោកដាក់ពាក្យបណ្តឹងទៅតុលាការ រហូតតុលាការចេញដីការក្សាការពារ ដោយហាមឃាត់ភាគីម្ខាងទៀតនោះ បញ្ឈប់ការសាងសង់ជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយគ្នា។
ខាងក្រោមនេះជារូបភាព និងឯកសារពាក់ព័ន្ធនានារបស់ម្ចាស់ផ្ទះរងគ្រោះ៖