(កំពង់ស្ពឺ)៖ លោក ខ្យែម ឡូត អតីតយុទ្ធជនកម្ពុជានៅក្នុងខេត្តកំពង់ស្ពឺដែលបានធ្លាក់ខ្លួនពិការក្នុងសមរភូមិពេលប្រយុទ្ធទប់ទល់ជាមួយទាហ៊ានខ្មែរក្រហមនោះ បានគូសរំលេចថាសុខសន្តិភាពកំពុងគ្របដណ្តប់នៅលើផ្ទៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គឺមានសារៈសំខាន់បំផុតសម្រាប់ជាតិ និងប្រជាជនកម្ពុជា។

អតីតយុទ្ធជនពិការរូបនេះ បានលើកឡើងថា រូបលោក ក៏ដូចជាពលរដ្ឋកម្ពុជាធ្លាប់ហែលឆ្លងទុក្ខវេទនាឆ្អែតឆ្អន់ហើយ ដោយសារតែភ្លើងសង្គ្រាមកាលពីអតីតកាលនេះ។ លោក ឡូត មិនចង់ឃើញភ្លើងសង្គ្រាមនេះវិលត្រឡប់មកគ្រប់ដណ្តប់លើដែនដីកម្ពុជាជាថ្មីនោះឡើយ។

ក្នុងពិធីទទួលមេដាយការពារជាតិនាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ លោក ឡូត បានរំលឹកពីទុក្ខលំបាកក្នុងភ្លើងសង្គ្រាមយ៉ាងដូច្នេះ «ភ្លើងសង្គ្រាមនេះមិនស្រួលទេ ប្អូនកើតមិនទាន់សង្គ្រាមមិនដឹងថាវាលំបាកម៉េចទេ។ តែប្អូនមើលនៅតំបន់មជ្ឈឹមបូព៌ាយ៉ាងម៉េច គឺអ៊ីចឹង គឺលំបាកខ្លាំងណាស់។ ពេលខ្ញុំចូលសមរភូមិប្រយុទ្ធ ខ្ញុំមិនដែលគិតថាខ្ញុំមានជីវិតត្រឡប់មកជួបជុំគ្រួសារវិញទេ ឥឡូវជើងខ្ញុំពិការដោយសារតែសង្គ្រាមនេះឯង។ ពិការភាពរបស់ខ្ញុំនេះ គឺជាមរតកភ្លើងសង្គ្រាមនេះហើយ។ ក្មេងៗជំនាន់ក្រោយបើមិនទាន់ជួប កុំភ្លើតភ្លើនចង់ភ្លក់ឲ្យសោះ»

ភ្លើងសង្រ្គាមនៅកម្ពុជាត្រូវបានឆាបឆេះឡើងនៅក្រោយថ្ងៃរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ចេញពីព្រះប្រមុខរដ្ឋនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។ ការវាយប្រយុទ្ធដ៏ស្រួចស្រាវរវាងកងទ័ពសាធារណរដ្ឋរបស់ លន់ នល់ និងកងទ័ពរំដោះរបស់ ប៉ុល ពត ត្រូវបានអូសបន្លាយរហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ បន្ទាប់ពីកងទ័ពរបស់ ប៉ុល ពត បានវាយចូលកាន់កាប់រាជធានីភ្នំពេញ។

ក្រោយកម្លាំង ប៉ុល ពត បានវាយផ្តួលរំលំរបបសាធារណរដ្ឋប្រជាពលរដ្ឋខ្មែរទាំងនៅភ្នំពេញ និងទីជនបទដែលឆ្អែតឆ្អន់នឹងសំឡេងគ្រាប់ បែក គ្រាប់ផ្លោង និងគ្រាប់កាំភ្លើងគ្រប់ប្រភេទនោះរំពឹងថា ភ្លើងសង្គ្រាមនៅកម្ពុជាត្រូវបានបញ្ចប់ ហើយការរស់នៅរបស់ពួកគេនឹងបានសុខសាន្ត។ ផ្ទុយពីការគិតរបបថ្មីកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយ ប៉ុល ពត ខៀវ សំផន អៀង សារី និង ខៀវ សំផន មិនបានផ្តល់សេចក្តីសុខដូចការរំពឹងរបស់ប្រជាពលរដ្ឋនោះឡើយ ហើយបានសម្លាប់រង្គាលប្រជាពលរដ្ឋយ៉ាងព្រៃផ្សៃ។

សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកចូលព្រៃតស៊ូតាមការអំពាវនាវរបស់សម្តេច នរោត្តម សីហនុ ព្រោះតែមិនអាចទ្រាំមើលទុក្ខវេទនារបស់ពលរដ្ឋខ្មែរក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ក៏បានចាប់ផ្តើមចេញតស៊ូស្វែងរកគាំទ្រពីប្រទេសវៀតណាមនៅខែមិថុនា ឆ្នាំ១៩៧៧ ដើម្បីវាយផ្តួលរំលំរបបដ៏ឃោរឃៅនេះ។ ផ្តើមពីការតស៊ូ និងងើបបះបោររបស់ខ្មែរអ្នកស្នេហាជាតិនៅគ្រប់ទិសទីនេះ បានធ្វើឲ្យកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម បានវាយផ្តួល រំលំរបបប្រល័យពូជសាសន៍ដោយជោគជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ផ្តើមពីការវាយផ្តួលរំលំរបប ប៉ុល ពត សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយជាបន្តបន្ទាប់ដើម្បីចរចាស្វែងរកសុខសន្តិភាព នាំកងទ័ពខ្មែរក្រហមសេសសល់តាមជាយដែនមករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ រកសុខសន្តិភាពជូនជាតិកម្ពុជាទាំងមូល។

អតីតយុទ្ធជនកម្ពុជាដែលត្រូវធ្លាក់ខ្លួនពិការដោយសារភ្លើងសង្គ្រាម លោក ខ្យែម ឡូត បានលើកឡើងថា ពន្លឺសន្តិភាពមិនអាចរកឃើញឡើយប្រសិនបើ គ្មានសម្តេចតេជោ ហ៊ុន សែន ទេនោះ។

«សម្តេចតេជោ គឺជាកុលបុត្រខ្មែរដ៏អស្ចារ្យក្នុងយុគសម័យថ្មី ដែលបានប្រឹងប្រែងអស់កម្លាំងកាយចិត្ត និងពលីសព្វបែបយ៉ាងទាំងអស់ ដើម្បីការស្វែងរកសុខសន្តិភាពនៅកម្ពុជា។ ខ្ញុំគិតថា បើមិនមានវត្តមានសម្តេចតេជោទេ មិនដឹងជាសង្គ្រាមនៅកម្ពុជាអាចបញ្ចប់ ឬ ត្រូវអូសបន្លាយដល់ណានោះទេ»។ លោក ខ្យែម ឡូត បញ្ជាក់បន្ថែម។

អតីតយុទ្ធជនកម្ពុជា លោក ឡូត បានអះអាងទៀតថា សម្តេចនាយករដ្ឋមន្ត្រី មិនត្រឹមតែជារដ្ឋបុរសដែលបានប្រឹងប្រែងស្វែងរកពន្លឺសន្តិភាព បញ្ចប់នូវភ្លើងសង្គ្រាមនោះទេ តែក៏ជាអ្នកដែលបានជ្រោងទង់សន្តិភាពដ៏អង់អាចផងដែរ។

អតីតយុទ្ធជនដែលបានឆ្អែតឆ្អន់នឹងភ្លើងសង្គ្រាមនេះ មិនចង់ឃើញសង្គ្រាមវិលមកគ្រប់ដណ្តប់ដែនដីកម្ពុជាទៀតនោះឡើយ។ លោក ឡូត បានលើកឡើងថា មានតែសុខសន្តិភាព និងស្ថេរភាពសង្គមដូចពេលបច្ចុប្បន្នប៉ុណ្ណោះ ទើបបង្កើតបានឱកាសពេញលេញសម្រាប់អភិវឌ្ឍ ជាតិកម្ពុជាឲ្យកាន់តែរីកចម្រើន។

អតីតយុទ្ធជនរូបនេះ បានមើលឃើញទៀតថា ដំណើររបស់កម្ពុជានាពេលបច្ចុប្បន្នកំពុងតែដើរលើគន្លងមួយដ៏ត្រឹមត្រូវ ដែលទាមទារឲ្យខ្មែរគ្រប់រូបត្រូវរួមគ្នាថែរក្សាឲ្យបានជាដាច់ខាត។

សូមបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា រួមដំណើរដោយលោក សួស គង់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចុះជួយស្រុកភ្នំស្រួច បានចុះជួបសំណេះសំណាល និងបំពាក់មេដាយការពារជាតិជូនសមាជិកអតីតយុទ្ធជន នៅស្រុកភ្នំស្រួចចំនួន ៩០០នាក់។

ក្នុងពិធីនោះលោក សួស គង់ បានថ្លែងអំណរគុណ និងកោតសសើរចំពោះការខិតខំប្រឹងប្រែងក្នុងការយកចិត្តទុកដាក់ និងចុះសួរសុខទុក្ខ ដោះស្រាយបញ្ហាប្រឈមជូនអតីតយុទ្ធជននៅគ្រប់ទីកន្លែងរបស់នាយឧត្តមសេនីយ៍ គន់ គីម ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា៕