(សៀមរាប)៖ អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ បានរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២០ ក្នុងប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ផ្ដោតសំខាន់ទៅលើការបន្តលើកកម្ពស់ស្មារតីប្រជាជន មហាជន ជាពិសេសយុវជនដែលជាអ្នកបន្តវេនឲ្យកាន់តែមានការយល់ដឹងពីតម្លៃពិតនៃពហុវប្បធម៌នេះ រួមរស់ជាមួយគ្នាប្រកបដោយសុខដុមភាព គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ ដែលជាមូលដ្ឋានគ្រឹះនៃសេចក្ដីស្រឡាញ់ សាមគ្គីធម៌ និងការអភិវឌ្ឍន៍ នៅរោងមហោស្រព អាណាចក្រអង្គរ ក្រុងសៀមរាប។
ពិធីនេះ បានបា្ររព្ធឡើង ក្រោមអធិបតីភាពរបស់លោក សោម សុគន្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប, លោក ជា សុផាត សមាជិកក្រុមប្រឹក្សាខេត្ត, និងវត្តមានលោក លោកស្រី អ្នកនាង កញ្ញា ភ្ញៀវជាតិ និងអន្តរជាតិ មន្ត្រីរាជការ មន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ និងព្រះសង្ឃ បងប្អូនប្រជាពលរដ្ឋ យុវជន សិស្សនុសិស្ស លោកគ្រូ អ្នកគ្រូ សិល្បៈករ សិល្បការិនី សរុបប្រមាណ ១ពាន់អង្គ/នាក់។
លោកស្រី យូ សុភា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែបានយកចិត្តទុកដាក់រៀបចំទិវានេះឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងរម្លឹកដល់គុណូបការៈដ៏ធំធេងរបស់បុព្វបុរសយើង ដែលបានបន្សល់ទុកនូវសម្បត្តិវប្បធម៌ ដ៏សម្បូរបែបសម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ និងជាទិវាបង្កើតនូវសេចក្ដីស្រឡាញ់ ព្រមទាំងស្មារតីចូលរួមថែរក្សា ការពារសម្បត្តិវប្បធម៌ទាំងនេះឲ្យស្ថិតស្ថេរគង់វង្ស។
លោក សោម សុគន្ធ បានឲ្យដឹងដែរថា វប្បធម៌ គឺជាដូងព្រលឹង ជាអត្តសញ្ញាណប្រកបដោយកិត្យានុភាពជាតិ ជាមរតកប្រកបដោយសក្តានុពលដ៏ធំធេងបំផុត ក្នុងការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងជាមូលដ្ឋានក្នុងការផ្សារភ្ជាប់ទំនាក់ទំនងដ៏រឹងមាំពីសង្គមមួយទៅសង្គមមួយ ក្រុមមួយទៅក្រុមមួយ ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ឲ្យចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមភាព និងគ្មានការរើសអើង ។ ហេតុនេះហើយ ក្នុងនាមយើងទាំងអស់គ្នាដែលជាទាយាទ ត្រូវបំពេញកាតព្វកិច្ចក្នុងការធានាឲ្យបាននូវសុខដុមភាពនៃពហុវប្បធម៌ជាតិ តាមរយៈការយកចិត្តទុកដាក់ថែរក្សា ការពារ និងអភិវឌ្ឍន៍តាមរយៈការបណ្ដុះបណ្ដាល ការផ្សព្វផ្សាយ ការផ្ទេរចំណេះ ជំនាញ បច្ចេកទេស និងទេពកោសល្យវប្បធម៌ចម្រុះឲ្យបានដល់សាធារណជន ពិសេសដល់អ្នកជំនាន់ក្រោយ ដែលជាអ្នកបន្តវេន។
នៅក្នុងឱកាស់នោះផងដែរ ក៏មានការជូនលិខិតថ្លែងអំណរគុណ ចំពោះសប្បុរជនដែលបានជួយគាំទ្រក្នុងអង្គពិធី និងមានការសម្ដែងសិល្បៈទស្សនីយភាពសិល្បៈសៀក ដែលសម្ដែងដោយក្រុមសិល្បៈ ហ្វាពន្លឺសិល្បៈ និងការសម្ដែងល្ខោនមហោរី «រឿងសំណោកបរិស្ថាន» សម្ដែងដោយសិស្សមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា និងយុវជនមន្ទីរវប្បធ៌ និងវិចិត្រសុល្បៈខេត្ត រួមនិងការសម្ដែងមហាទស្សនីយភាព ដោយក្រុមសិល្បៈនៃអាណាចក្រអង្គរផងដែរ៕