(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវេលាម៉ោងប្រមាណ៥៖១៥នាទីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូល ពិសេសអាស៊ាន-អូស្រា្តលី នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី តបតាមការអញ្ជើញរបស់លោក ម៉ាល់កុម ធឺនប៊ុល (Malcolm Turnbull) នាយករដ្ឋមន្រ្តីអូស្រា្តលី។
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី នឹងប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨។ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី សម្តេចតេជោនាយករដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្រ្តីអូស្រ្តាលី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងអាស៊ាន និងអូស្រា្តលី ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ ដោយលោក ប៉េហាំង ដាតូ លីម ជុក ហ័យ អគ្គលេខាធិការអាស៊ាន និងលោកស្រី ជូលី ប៊ីហ្សប រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី។
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលីនេះ នឹងផ្តល់នូវកាលានុវត្តភាពដ៏សំខាន់សម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្រ្តីអូស្រា្តលីដើម្បីពិភាក្សាប្រកបដោយភាពស្មោះត្រង់ទៅវិញទៅមក លើប្រធានបទផ្សេងៗដែលជាផលប្រយោជន៍រួម និងដើម្បីចែករំលែកការយល់ឃើញ និងទស្សនៈនានា ទៅលើទិសដៅនាពេលអនាគតនៃទំនាក់ទំនងអាស៊ាន-អូស្រា្តលី។
ក្រៅពីកិច្ចប្រជុំមេដឹកនាំកំពូលអាស៊ាន និងអូស្ត្រាលី នឹងទទួលជួបដោយឡែកពីគ្នាជាមួយនិស្សិតអូស្រ្តាលី ដែលកំពុងសិក្សានៅប្រទេសសមាជិកអាស៊ាន ក្រោមផែនការកូឡុមបូថ្មី និងនិស្សិតប្រទេសសមាជិកអាស៊ាន ដែលកំពុងសិក្សានៅអូស្ត្រាលី តាមរយៈអាហារូបករណ៍របស់អូស្រ្តាលី។
យោងតាមក្រសួងការបរទេសកម្ពុជា ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី សម្តេចតេជោ ហ៊ុន សែន នឹងជួបប្រជុំទ្វេភាគីជាមួយ លោក ម៉ាល់កុម ធឺនប៊ុល នាយករដ្ឋមន្រ្តីអូស្រា្តលី អញ្ជើញចូលរួមពិសារអាហារពេលព្រឹក ការងារជាមួយលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសអូស្ត្រាលីសម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញទៅទស្សនាវិមានអូប៉េរ៉ាស៊ីដនី ទទួលជួបសហគមន៍ខ្មែរនៅអូស្រ្តាលី និងជួបជាមួយនិស្សិតកម្ពុជា និងអតីតនិស្សិតអូស្រ្តាលីផងដែរ។
បើតាមក្រសួងការបរទេសឥស្សរជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន រួមមាន ទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ទេសរដ្ឋមន្ដ្រី ឱម យ៉ិន ទៀង អនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មារធិការជាតិប្រឆាំងភេរវកម្ម និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ព្រមទាំងសមាជិកដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។
សូមបញ្ជាក់ថា ដំណើរចេញទៅកាន់ប្រទេសអូស្ត្រាលីរបស់សម្តេចតេជោ ហ៊ុន សែន នាពេលនេះ គឺជាដំណើរចេញទៅក្រៅប្រទេសលើកទី២ហើយសម្រាប់ដើមឆ្នាំ២០១៨នេះ បន្ទាប់ពីការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ឥណ្ឌា កាលពីចុងខែមករា។ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ នឹងត្រូវធ្វើដំណើរតាមយន្តហោះពិសេសរយៈពេលប្រមាណ១០ម៉ោង។
មុនដំណើរទៅកាន់ប្រទេសអូស្ត្រាលីរបស់សម្តេចតេជោ ហ៊ុន សែន មានបាតុភាពជាច្រើនបានផ្ទុះឡើង ដែលក្នុងទាំងសមាជិកសភាអូស្ត្រាលីមកពីបក្សប្រឆាំង ព្រមទាំងខ្មែរ-អូស្ត្រាលីមួយចំនួនផង បាននាំគ្នាធ្វើការតវ៉ាមិនចង់ឃើញវត្តមានរបស់សម្តេចលើទឹកដីអូស្ត្រាលី។ បើទោះបីមានបាតុភាពបែបនេះក្តី មិនបានធ្វើឲ្យមេដឹកនាំកម្ពុជា ដែលចូលចិត្តប្រឆាំងបញ្ហារូបនេះចុះញ៉មនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ត្រូវបានគេដឹងថា ជាមេដឹកនាំដ៏ខ្លាំងក្លាមួយរូបដែលចូលចិត្តជម្នះរាល់ឧបសគ្គ និងបញ្ហា ដែលក្នុងនោះសូម្បីតែជំរុំរបស់សត្រូវក៏សម្តេចហ៊ានចូលទៅដល់ដែរ ដើម្បីចរចានាំយកសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា។ ដូច្នេះត្រឹមក្រុមខ្មែរនៅអូស្ត្រាលីមួយក្រុមតូចដែលអុជអាលញុះញង់ដោយបុគ្គល ហុង លីម ក្នុងចេតនាបំផ្លាញប្រយោជន៍កម្ពុជា មិនអាចបង្អាក់ដំណើរសម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើដំណើរទៅបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលីបាននោះឡើយ។
បើទោះបីមានខ្មែរ-អូស្ត្រាលីមួយក្តាប់តូចព្យាយាមធ្វើសកម្មភាពក្នុងបំណងបំបាក់មុខសម្តេចតេជោ ហ៊ុន សែន យ៉ាងណាក្តី តែក៏មានខ្មែរនៅអូស្ត្រាលីខ្ទង់ពាន់នាក់ បានទន្ទឹងរង់ចាំទទួលស្វាគមន៍វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងអន្ទៈសា។
រយៈពេលប៉ុន្មានថ្ងៃនេះ ពលរដ្ឋខ្មែរនៅអូស្ត្រាលី បានបង្ហោះវីដេអូជាបន្តបន្ទាប់បង្ហាញចំណាប់អារម្មណ៍ប្រកបដោយភាពកក់ក្តៅបំផុត ចំពោះវត្តមានសម្តេចតេជោនៅលើទឹកដីអូស្ត្រាលី។ និស្សិត អន អ៊ាវតុង កំពុងសិក្សានៅទីក្រុងអាឡឺឡែត ប្រទេសអូស្ដ្រាលី បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងត្រៀមស្វាគមន៍ការមកដល់របស់សម្ដេចតេជោ ហ៊ុន សែន។
យុវជនជានិស្សិតខ្មែររូបនេះ បានបញ្ជាក់ពីអារម្មណ៍ចេញពីបេះដូងរបស់ខ្លួនយ៉ាងដូច្នេះថា «ខ្ញុំសិក្សានៅទីនេះ គឺទឹកចិត្តរបស់ខ្ញុំផ្ទាល់ ខ្ញុំគាំទ្រសម្ដេច គាត់អត់មានបានជួលខ្ញុំទេ គឺខ្ញុំស្ម័គ្រចិត្តខ្លួនឯង ថវិកាខ្លួនឯង ខ្ញុំចូលរួមដោយទឹកចិត្តខ្ញុំផ្ទាល់ [...] ខ្ញុំ និងពលរដ្ឋនៅទីនេះ មានមោទនភាពដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកទស្សនកិច្ចនៅប្រទេសអូស្ដ្រាលី»។
ក្រៅពី អន អ៊ាវតុង ប្រជាពលរដ្ឋខ្មែរនៅប្រទេសណូវ៉ែលហ្សេឡង់ប្រកាសថា នឹងចូលរួមទទួលស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ដែលអញ្ជើញមកប្រទេសអូស្ដ្រាលី។ «ពួកយើងទាំងអស់គ្នា នឹងចូលរួមស្វាគមន៍សម្ដេច នៅទីក្រុងស៊ីតនី ប្រទេសអូស្ដ្រាលី ដើម្បីជាការបង្ហាញភាពសាមគ្គីគ្នារវាងប្រជាជនខ្មែរ ញូហ្សែលែន ប្រទេសអូស្ដ្រាលីដោយមានការគោរព និងស្រលាញ់សម្ដេច ដែលបានមានគុណបំណាច់លើពួកខ្ញុំទាំងអស់គ្នា»៕