(ភ្នំពេញ)៖ បុរសម្នាក់បានកាន់ឯកសារ យកមកអោយអង្គភាពព័ត៌មាន Fresh News ជួយចុះផ្សាយដើម្បីអោយថ្នាក់ដឹកនាំ បានដឹងនិងជួយអន្តរាគមន៍ ដោយសារតែដីរបស់គាត់ត្រូវបានលោកឧកញ៉ា ឡោក ហួរ អ្នកតំណាងរាស្ត្រមណ្ឌលខេត្ត បាត់ដំបងរំលោភបំពាន យកទាំងកម្រោលអស់រយៈពេល ៧ឆ្នាំមកហើយ ដោយលោកមិនទាន់ទទួលបានដីកម្មសិទ្ធិមក វិញនៅឡើយទេ។
តាមការរៀបរាប់របស់ម្ចាស់ដីឈ្មោះ ហង្ស ហ៊ី ហៅ ហង់ ហ៊ី បានអោយដឹងថា ដីរបស់គាត់ដែលត្រូវឧកញ៉ា ឡោក ហួរ រំលោភបំពានយកនេះ មានទំហំ៤,៦១៧ម៉ែត្រការ៉េ មានទីតាំងស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោល រាជធានីភ្នំពេញ។
លោក ហង្ស ហ៊ី បានរៀបរាប់បន្តថា ដីនេះត្រូវបានលោកទិញ កាលពីឆ្នាំ២០០៥ ពីឈ្មោះ គឹម ហេង មានឯកសារទិញ លក់ត្រឹមត្រូវដែលជាប្រភេទដីស្រែប្រាំង។ លុះនៅឆ្នាំ២០១១លោកឧកញ៉ា ឡោក ហួរ ដែលមានដីនៅជាប់ព្រំដីរបស់លោក ក៏បានជីកដីលើកទំនប់ និងបានធ្វើរបងថ្មរៀបឥដ្ឋជញ្ជាំងខ្លះ និងបោះបង្គោលព័ទ្ធបន្លាលួសខ្លះ នៅជុំវិញដីរបស់ខ្លួនដោយព័ទ្ធ យកដោយទាំងដីរបស់ខ្លួន ដែលនៅកណ្ដាលស្របដីរបស់ខ្លួនទាបស្រាប់ ពេលខែវស្សាមកដល់ ទឹកក៏លិចដីបាត់ទាំងបង្គោលថ្មដែល បោះចំណាំព្រំដី ហើយខ្លួនមិនអាចចូលទៅកាន់ដីរបស់ខ្លួនបានឡើយ គឺទាល់តែចូលតាមដីរបស់ឧកញ៉ា ឡោក ហួរ តែក្រោយ ពីគាត់លើកទំនប់ និងធ្វើរបងព័ទ្ធកាលណាមកគឺ មិនអនុញាតអោយអ្នកដ៏ទៃចេញចូលបានឡើយ។
ចំណែកលោកឧកញ៉ា ឡោក ហួរ ទោះបីជាខ្លួនទៅធ្វើការតវ៉ា និងប្ដឹងទៅអាជ្ញាធរ ប្ដឹងទៅតុលាការយ៉ាងណា ក៏លោកមិនចូលខ្លួនទៅធ្វើការដោះ ស្រាយនោះឡើយហើយតែងតែគេចវេះរហូតមក។
ពាក់ព័ន្ធករណីនេះ លោក ហង្ស ហ៊ី សំណូមពរសូមអោយថ្នាក់ដឹកនាំ ប្រមុខរាជរដ្ឋាភិបាល ជាពិសេសសម្ដេចតេជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ ផ្ដល់នូវភាពយុត្តិធម៌ដល់រូបលោកផងដែរ ព្រោះកន្លងមក លោកបានដាក់ពាក្យបណ្ដឹងទៅតុលាការ និងប្ដឹងទៅក្រសួងរៀបចំដែនដី និងប្ដឹងតាមរយៈរដ្ឋសភាជាតិរួចហើយក៏ដោយ តែហាក់ដូចជាមិនទទួលបាន ជោគជ័យសោះឡើយ បើទោះជាក្រសួងរៀបចំដែនដីចុះពិនិត្យមើល និងលើកយកសំណុំរឿងនេះមកពិនិត្យនិងដោះស្រាយក៏ដោយ។
ពាក់់ព័ន្ធករណីបណ្ដឹងពីបទរំលោភយកដីអ្នកដ៏ទៃខាងលើ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ ភ្នាក់ងារ Fresh News មិនអាចធ្វើការទាក់ទង លោកឧកញ៉ា ឡោក ហួរ ដើម្បីសុំការបំភ្លឺបានឡើយ៕