(សៀមរាប)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅម៉ោងប្រមាណ ១៖២៥នាទីរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ ចរន្តអគ្គិសនីទូទាំងខេត្តសៀមរាបត្រូវបានដាច់ទាំងស្រុង ដោយសារតែខ្សែខ្លែងបានទាក់ជាមួយខ្សែបញ្ជូនចរន្តអគ្គិសនីតង់ស្យុងខ្ពស់ត្រង់បង្គោលលេខ ១០៥៧។ ក្រៅពីខេត្តសៀមរាប ផ្នែកខ្លះនៃខេត្តឧត្តរមានជ័យ និងកំពង់ធំ ក៏ត្រូវបានកាត់ផ្តាច់ដោយសារឧប្បត្តិហេតុផងដែរ។

បើទោះបីជាយ៉ាងណាក្រុមការងារអគ្គិសនីខេត្តសៀមរាប ក៏បានប្រឹងប្រែងស្តារប្រព័ន្ធ និងតភ្ជាប់ចរន្តអគ្គិសនីប្រើប្រាស់ជូនប្រជាពលរដ្ឋឡើងវិញភ្លាមៗផងដែរ។ ពោលអគ្គិសនីបានតភ្ជាប់ឡើងវិញនៅវេលាម៉ោង ២៖៣៣នាទីរសៀល។

អគ្គិសនីកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ។ អគ្គិសនីកម្ពុជា ក៏បានសុំអធ្យាស្រ័យដល់ប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ដោយសារការដាច់ចរន្តអគ្គិសនីនេះផងដែរ៕