(ព្រះវិហារ)៖ ក្នុងរយៈពេលចុងខែកុម្ភៈ និងដើមខែមីនា ឆ្នាំ២០១៨នេះ នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ បង្កឲ្យមានបាតុភាពភ្ញាក់ផ្អើលខ្លាំង ដោយសារតែសត្វគោរបស់អ្នកស្រុកជាច្រើន បានងាប់ជាបន្តបន្ទាប់ ដែលករណីនេះ ត្រូវបានគេសង្ស័យថាបណ្តាលមកពីសត្វគោទាំងនោះ បានស៊ីដំណាំដែលមានថ្នាំពុល។

លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះថា ម្សិលមិញលោកបានដឹកនាំក្រុមការងារមន្ទីរកសិកម្មខេត្ត ចុះពិនិត្យដល់ចំណុចត្រពាំងដាវ ក្នុងភូមិដងផ្លិត ឃុំឆែបពីរ ស្រុកឆែប ស្ថិតក្នុងការដ្ឋានទី៣របស់ក្រុមហ៊ុនហេង យូ។ ជាមួយគ្នានេះ ការពិនិត្យរបស់ក្រុមការងារឃើញថា ទីតាំងនោះមានថ្នាំសម្លាប់សត្វល្អិតពណ៌ស្វាយ (ថ្នាំសម្លាប់កណ្តៀរ) ដែលបង្ករឲ្យសត្វគោអ្នកស្រុក ក៏ដូចជាសត្វស្លាប និងត្រីមួយចំនួនងាប់ផងដែរ។

លោកប្រធានមន្ទីរបានបន្តទៀតថា ថ្នាំពុលនេះ ត្រូវបានជនល្មើសដាក់សម្រាប់ចាប់សត្វ ដាក់តាមទឹកដក់តូចៗ ឫថ្លុកដែលមិនទាន់រីង លុះសត្វគោ ឫសត្វផ្សេងៗទៀតបានផឹកទឹកនោះ ធ្វើឲ្យពុលស្លាប់។ លោកបានបញ្ជាក់ទៀតថា ជាមួយនឹងវិធានការការពារ កុំឲ្យមានសត្វគោអ្នកស្រុក ក៏ដូចជាសត្វស្លាបងាប់តទៅទៀត ក្រុមការងារបានសហការជាមួយក្រុមហ៊ុនហេង យូ ឈូសឆាយដីលប់ទឹកដែលដក់ នៅកន្លែងដែលមានថ្នាំពុល ចៀសវាងមានសត្វចុះមកផឹកទឹក និងបានណែនាំប្រជាពលរដ្ឋកុំឲ្យយកសត្វដែលងាប់នោះ ទៅបរិភោគឲ្យសោះ។

លោក ពឹង ទ្រីដា បានបន្ថែមទៀតថា ប្រហែលល្ងាចនេះ ឫព្រឹកស្អែកលោកនឹងឲ្យក្រុមការងារយកខ្សែរទៅហ៊ុពទ្ធ័ទីតាំង ដែលបានកាយដីលប់នេះ ព្រមទាំងដាក់សញ្ញាក្បាលខ្មោច ឲ្យប្រជាពលរដ្ឋបានដឹង ហើយក៏បានជំរុឲ្យអាជ្ញាធរស្រុកឆែប ត្រូវធ្វើការស្រាវជ្រាវរកមុខសញ្ញាជនល្មើស ដែលយកថ្នាំពុលទៅបាចបណ្តាលឲ្យសត្វងាប់ យកមកផ្តន្ទាទោសតាមច្បាប់៕