(ស្វាយរៀង)៖ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង បានរិះគន់ក្រុមមន្ត្រីកាំកុងត្រូលខេត្តស្វាយរៀង និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានបណ្តោយឲ្យឈ្មួញនាំទំនិញគ្រប់ប្រភេទ ដូចជា៖ បន្លែ ផ្លែឈើ ត្រីសាច់ ស៊ុត និងគ្រឿងកំប៉ុងជិតហួសដឺឡេតាមច្រករបៀងមួយចំនួនក្នុងខេត្ត តែមិនដែលឃើញមន្ត្រីកាំកុងត្រូលចុះមកពិនិត្យអ្វីនោះឡើយ។
ពលរដ្ឋបានថ្លែងប្រាប់អង្គភាព Fresh News នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះថា តាមច្រករបៀងមួយចំនួន នៅក្រុងបាវិត និងច្រករបៀងមួយចំនួនទៀត មាននៅច្រករបៀងសំយោង ឃុំសំយោង ស្រុកកំពង់រោទិ៍, ច្រកតំបន់បាត្រាស់ ឃុំដូង ស្រុករមាសហែក និងច្រកទ្វេភាគីបុសមនស្រុករំដួលជាដើម មានឈ្មួញកំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការដឹកជញ្ជូនទំនិញជាគ្រឿងកំប៉ុង បន្លែ ផ្លែឈើ ត្រីសាច់ និងស៊ុតដោយរលូនពុំមានការរំខានពីមន្ត្រីកាំកុងត្រូលនោះឡើយ។
បើតាមសេចក្តីរាយការណ៍ពីពលរដ្ឋ «មានច្រករបៀងខ្លះ មិនដែលឃើញមានវត្តមានមន្ត្រីកាំកុងត្រូល ប្រចាំការនៅទីនោះទេ ឃើញមានតែកម្មករឈរចាំរាប់ក្បាលម៉ូតូ និងក្បាលរថយន្ត ដឹកទំនិញយ៉ាងរំភើយទៅវិញ មិនដែលពិនិត្យអ្វីសោះឲ្យតែមានលុយបង់គ្រប់ចំនួនទៅគឺ ok ទៅហើយ»។
ប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងទៀតថា ជារៀងរាល់ថ្ងៃ នៅតាមច្រករបៀងមួយចំនួន ក្នុងខត្តស្វាយរៀង ក៏មានឈ្មួញជនជាតិវៀតណាមជាច្រើននាក់ បាននិងកំពុងដឹកជញ្ជួនទំនិញ ដូចស្រមោចជញ្ជូនស្ករជាច្រើនប្រភេទ នាំចូលមកលក់នៅតាមបណ្តាទីផ្សារមួយចំនួន ក្នុងភូមិសាស្ត្រនៃទឹកដីខេត្តស្វាយរៀង ហើយគេសង្ស័យថា រាល់មុខទំនិញទាំងអស់នោះ ពុំដែលត្រូវបានមន្ត្រីជំនាញ ចុះទៅធ្វើការត្រួតពិនិត្យរកសារធាតុ ដែលច្បាប់ហាមឃាត់នោះទេ គឺនិយាយជារួម ចូលមួយសេរីគ្មានការរំខានពីសំណាក់មន្ត្រីជំនាញនោះឡើយ។
ពោះបញ្ហាទំនិញដែលត្រូវបានឈ្មួញធ្វើការនាំចូល កើតមានច្រើននៅវេលាទៀបភ្លឺ (ចន្លោះពីម៉ោង៥ទៅម៉ោង៦ព្រឹក) ដោយដឹកជាលក្ខណៈម៉ូតូ ឬម៉ូតូរឺម៉ក់ ដោយមានទ្រុងដាក់ទំនិញយ៉ាងងាយស្រួល ពុំចាំបាច់មានរថយន្តដឹកជញ្ជូនបន្តនោះទេ គឺដឹកយកទៅដាក់ឱ្យម៉ូយ នៅតាមស្តង់រឺតាមទីផ្សារនានា ជាពិសេសនៅក្រុងបាវិត ហើយបន្តយកមកដល់ផ្សារមួយចំនួន នៅក្នុងក្រុងស្វាយរៀងផងដែរ ហើយក៏មានពួកឈ្មួញខ្លះ បានបន្តដឹកម្ហូបចំណី..ទំនិញផ្លែឈើទាំងនោះ ទៅដាក់នៅតាមបណ្តាអាហាដ្ឋាន ភោជនីយដ្ឋាន និងកាស៊ីណូខ្លះផងដែរ។
នាពេលកន្លងមក នៅតាមច្រករបៀង ដែលត្រូវបានឈ្មួញនាំចូលផ្លែឈើ បន្លែ ត្រីសាច់ផ្សេងៗនោះ តែងតែមានមន្ត្រីជំនាញ ចុះទៅត្រួតពិនិត្យរកសារធាតុគីមី ដែលច្បាប់បានហាមឃាត់ មិនឱ្យប្រើលើមុខម្ហូបចំណីអាហារ ឬប្រើមានចំនួនកំរិតកំណត់លើបន្លែ ផ្លែឈើ សាច់សត្វ ហើយជាលទ្ធផល គឺបានរកឃើញនូវសារធាតុថ្នាំបាញ់សត្វល្អិត នៅលើស្លឹកគូឆាយ និងមើមខ្ទឹម ហើយមន្ត្រីជំនាញទាំងនោះ ក៏ធ្លាប់បានធ្វើការណែនាំដល់ពួកឈ្មួញ ឱ្យដឹងអំពីផលប៉ះពាល់ នៃសារធាតុគីមីដែលច្បាប់ហាមឃាត់ ចំពោះសុខភាពរបស់អ្នកបរិភោគ។
ទោះបីជាយ៉ាងណា ប្រជាពលរដ្ឋក៏សំណូមពរ មន្ត្រីជំនាញកាំកុងត្រូលខេត្តស្វាយរៀង ពិសេសលោក ផឹង និល ជាប្រធានសាខាកាំកុងត្រូល មេត្តាចុះត្រួតពិនិត្យបន្លែ ផ្លែឈើគ្រប់មុខ ដូចភ្លៀងរលឹម។
ពាក់ព័ន្ធនិងករណីខាងលើនេះអង្គភាព Fresh News មិនអាចទំនាក់ទំនងទៅលោក ផឹង និល នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ ព្រោះគ្មានលេខទូរស័ព្ទ៕