(កណ្តាល)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកមុខកំពូល ខេត្តកណ្តាល បានអញ្ជើញជាអធិបតី នៅក្នុងពិធីកាត់ឬសសីមា និងឆ្លងសមិទ្ធិផលនានា នៅវត្តរតនបុប្ផារាម ហៅវត្តព្រែកអញ្ចាញ ដែលមានចំណាស់២៣០ឆ្នាំ ស្ថិតនៅក្នុងភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ព្រះវិហារដែលត្រូវបានជួសជុលកែលំអរ និងសមិទ្ធិផលនានា ត្រូវបានសម្ពោធក្នុងពេលនេះ ត្រូវចំណាយថវិកាអស់ប្រមាណជិត២សែនដុល្លារអាមេរិក។ គួរបញ្ជាក់ដែរថា វត្តរតនបុប្ផារាម ហៅវត្តព្រែកអញ្ចាញ គឺជាទីអារាមមួយ ដែលមានប្រវត្តិយូរលុង ដោយត្រូវបានកសាងឡើងតាំងពីចុងសតវត្សរ៍ទី១៨ មកម្ល៉េះ ដែលគិតមកទល់នឹងបច្ចុប្បន្ននេះ មានអាយុកាលប្រមាណ២៣០ឆ្នាំហើយ។ វត្តនេះត្រូវបានគ្រប់គ្រងដោយព្រះគ្រូចៅអធិការចំនួន៨ជំនាន់ជាបន្តបន្ទាប់។
លោក វង្សី វិស្សុត បានសំដែងនូវការកោតសរសើរចំពោះព្រះតេជព្រះគ្រូចៅអធិការ និងគណៈកម្មការអាចារ្យវត្ត ដែលបានខិតខំប្រឹងប្រែង ក្នុងការកសាងនូវសមិទ្ធផលនានាជាបន្តបន្ទាប់ និងចំពោះសប្បុរសជនទាំងឡាយ ដែលបានចូលរួមដោយសទ្ធាជ្រះថ្លា ក្នុងការកសាងនូវសមិទ្ធផលនៅក្នុងទីវត្តនេះ។ លោកបានលើកឡើងថា ទីអារាមនេះបានឆ្លងកាត់ប្រវត្តិសាស្រ្តជាច្រើន ដំណាក់កាល ពោលគឺរាប់ចាប់តាំងពីដំណាក់កាល ដែលកម្ពុជាយើងបានធ្លាក់ចុះខ្សោយដុនដាប ដោយសារសង្រ្គាមផ្ទៃក្នុងផង និងមកពីខាងក្រៅផង រហូតដល់សម័យអាណានិគមនិយមបារាំង, បន្ទាប់មកសម័យសង្គមរាស្រ្តនិយម និងការបំផ្លិចបំផ្លាញនៅក្នុងរបបប្រល័យពូជសាសន៍ពលពត។
ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ទីអារាមនេះ ក៏ដូចជាទីអារាមផ្សេងទៀតនៅទូទាំងប្រទេស បានចាប់ផ្តើមកកើតសារជាថ្មីឡើងវិញ និងមានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ រហូតដល់ប្រមាណជាង ៤០០០វត្ត ក្នុងពេលបច្ចុប្បន្ននេះ។ លោកបានគូសបញ្ជាក់ផងដែរថា ការរីកចម្រើនខាងផ្នែកពុទ្ធចក្រ មិនអាចកាត់ផ្តាច់ចេញបានពីផ្នែកអាណាចក្រនោះទេ ព្រោះផ្នែកទាំងពីរនេះ មានទំនាក់ទំនងអន្តរប្រតិសកម្មនឹងគ្នាទៅវិញទៅមក ពោលគឺសាសនា និងវត្តអារាមមិនអាចរីកចម្រើនបានឡើយ ប្រសិនបើប្រទេសជាតិ និងសេដ្ឋកិច្ចជាតិមិនមានភាពរីកចម្រើន។ តែការរីកចម្រើន របស់ផ្នែកពុទ្ធចក្រ ក៏បានចូលរួមចំណែកជួយដល់សង្គមវិញផងដែរ។
ជាក់ស្តែងសមិទ្ធផលទាំងឡាយដែលត្រូវបានកសាងឡើង នៅក្នុងវត្តព្រែកអញ្ចញនេះ ក៏ដូចជា នៅក្នុងទីវត្តនានា គឺកើតចេញពីកំលាំងសទ្ធានិងធនធានរបស់បងប្អូនប្រជាពលរដ្ឋ ដែលកាន់តែមានប្រាក់ចំណូលខ្ពស់ជាងមុន និងមានជីវភាពធូរធាជាងមុន។ ប្រសិនបើប្រជាជនរងគ្រោះអត់បាយ អត់ទឹកនោះ ព្រះសង្ឃនៅក្នុងទីអារាមក៏អត់ចង្ហាន់ដែរ កុំថា ឡើយដល់ទៅការជួសជុល និងកសាងព្រះវិហារដ៏ស្កឹមស្កៃ និងសមិទ្ធផលនានាអស់ប្រមាណជិត២សែនដុល្លារនោះ។ ទន្ទឹមនឹងនេះដែរ វត្តអារាម ក៏បានដើរនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍវិស័យធនធានមនុស្សផងដែរ ទាំងផ្នែកពុទ្ធសិក្សា និងផ្នែកចំណេះទូទៅរដ្ឋ។
ក្រៅតួនាទីក្នុងការអភិរក្សប្រពៃណី វប្បធម៌ អត្តសញ្ញាណជាតិ ពិសេសភាសានិងអក្សរខ្មែរ, វត្តអារាមក៏បានដើរតួនាទីក្នុងការដោះស្រាយបញ្ហាសង្គមផ្សេងៗថែមទៀត ដូចជា បានផ្តល់ជាកន្លែងស្នាក់នៅសម្រាប់ចាស់ៗ និងកុមារកំព្រា ព្រមទាំងសិស្សនិស្សិត ដែលកំពុងបន្តការសិក្សាជាដើម។ ជាងនេះទៀត គោលការណ៍ប្រតិបត្តិនៅសាសនាព្រះពុទ្ធ ដែលព្រះពុទ្ធអង្គទ្រង់ក៏ជាបិតាទស្សនវិទូផងដែរនោះ ក៏បានជួយធ្វើឱ្យសង្គមខ្មែរយើងមានស្ថេរភាព និងមិនឲ្យមានការបែកបាក់ផងដែរ។ ដូចនេះហើយ ទើបរាជរដ្ឋាភិបាល ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ដល់វិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ទន្ទឹមនឹងការធានារក្សានូវភាពសុខដុមនីយកម្មជាមួយនឹងសាសនាផ្សេងទៀត ដើម្បីសុខដុមនីយកម្មនៅក្នុងសង្គម និងការពារកុំឱ្យមានជម្លោះសាសនា។
លោកបានបន្តទៀតថា ការអភិវឌ្ឍរីកចម្រើននៅក្នុងផ្នែកពុទ្ធចក្រក៏ដោយ ក្នុងផ្នែកអាណាចក្រក៏ដោយ គឺមិនអាចទៅមុខរួចឡើយ ប្រសិនបើប្រទេសគ្មានសុខសន្តិភាពនោះ។ ដូចនេះ ប្រជាពលរដ្ឋខែ្មរយើងគ្រប់រូប ត្រូវតែចេះរួបរួមគ្នា ថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សជានិច្ចនិរន្តតទៅ ដើម្បីការអភិវឌ្ឍ និងភាពសុខដុមរម្យនារបស់សង្គមជាតិខ្មែរយើង!។ ពិតណាស់ថា កន្លងមក រាជរដ្ឋាភិបាលបានខិតខំកសាង និងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យ តែយើងនៅមិនទាន់បញ្ចប់ការអភិវឌ្ឍនៅត្រឹមហ្នឹងទេ គឺត្រូវបន្តអភិវឌ្ឍន៍ទៅមុខឲ្យកាន់តែច្រើនថែមទៀត ជូនប្រទេសជាតិ និងប្រជាជន។ ក្នុងន័យនេះ រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបន្តប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើប្រជាជនកម្ពុជាមានឱកាសរកប្រាក់ចំណូល បានកាន់ច្រើនជាងមុន និងមានជីវភាពកាន់តែប្រសើរជាងមុន ទន្ទឹមនឹងការធានារក្សាឱ្យបាននូវយុត្តិធម៌សង្គម ជាពិសេសដើម្បីកសាងប្រទេសកម្ពុជាឱ្យក្លាយជាប្រជាជាតិមួយដែលខ្លាំងពូកែ និងឱ្យកាន់តែមានឯករាជ្យភាពជាងមុនជាលំដាប់។ ក្នុងន័យនេះ ឯកឧត្តមបានស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមដៃ និងរួមកម្លាំងគ្នា ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិទាំងអស់គ្នា ព្រោះគ្មានបរទេសណាមកស្រលាញ់និងជួយខ្មែរយើង ច្រើនជាងខ្មែរយើងស្រលាញ់ខ្មែរ និងជួយខ្មែរខ្លួនឯងនោះទេ។
ពាក់ព័ន្ធនឹងស្ថានភាពនៃការអភិវឌ្ឍនៅក្នុងមូលដ្ឋានស្រុកមុខកំពូល, លោកបានថ្លែងថា តំបន់ព្រែកអញ្ចាញនេះនិយាយដោយឡែក និងនិយាយជារួម គឺស្រុកមុខកំពូលទាំងមូល នឹងមានសក្តានុពលក្លាយទៅទីក្រុងតូចមួយនៅថ្ងៃអនាគតខាងមុខនេះ។ ក្នុងន័យនេះ លោកបានស្នើសុំដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងស្រុកមុខកំពូលទាំងមូល ក្កាប់ឱកាសនេះឱ្យជាប់ កុំឱ្យរបូតពីដៃ ហើយចាប់ដៃគ្នា និងរួមគ្នាកសាងស្រុកមុខកំពូលឱ្យមានការផ្លាស់ប្ដូរមុខមាត់ និងឱ្យកាន់តែរីកចម្រើន។
លោកបានផ្តល់ការណែនាំដល់អាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ក្នុងការរក្សាការពារឱ្យបាននូវទ្រព្យសម្បត្តិរបស់រដ្ឋគ្រប់ប្រភេទ និងលុបបំបាត់នូវសកម្មភាពអសកម្មផ្សេងៗនៅក្នុងមូលដ្ឋាន ដូចជាការប្រើប្រាស់ និងជួញដូរគ្រឿងញឿន និងល្បែងស៊ីសងគ្រប់ប្រភេទ។ នៅចុងបញ្ចប់ លោក វង្សី វិស្សុត បានស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តី ដើម្បីបន្តដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយវិបុលភាព និងវឌ្ឍនភាព ពោលគឺក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក វង្សី វិស្សុត បានប្រគេននូវបច្ច័យជិត៤០០០ដុល្លារអាមេរិក ដើម្បីសងថ្លៃជំពាក់ជាង និងបានប្រគេនបច្ច័យតាមរោងទិសទាំង៩ ព្រមទាំងបានពាំនាំនូវអំណោយជាថវិកា និងសម្ភារមួយចំនួន ជូនដល់ចាស់សិលវ័ន្តសីលវត្តី យុវជនកាយរឹទ្ធ យុវជនកាកបាទក្រហម សិស្សានុសិស្ស និងកងកម្លាំងផងដែរ៕