(ភ្នំពេញ)៖ ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានសម្រេចតម្កល់ សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ ទុកជាបានការណ៍ដដែល ចំពោះករណីបរិហារកេរ្តិ៍ និងញុះញង់លើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថាជាអ្នកនៅពីក្រោយឃាតកម្មសម្លាប់លោកបណ្ឌិតកែម ឡី ដោយគ្មានមូលដ្ឋាន។ សាលដីកាចុងក្រោយនេះ គឺបានចូលជាស្ថាពរហើយ មិនឱ្យមានការតវ៉ាទៀតទេ។ នេះបើតាមការអះអាងរបស់ លោក គី តិច មេធាវីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។

ចំពោះសំណុំរឿងមួយនេះសាលាឧទ្ធរណ៍ កាលពីថ្ងៃទី​១១​ ខែ​សីហា​ ឆ្នាំ២០១៧ បានចេញសាលដីកាផ្តន្ទាទោស លោក សម រង្សី ឱ្យជាប់ពន្ធនាគារ១ឆ្នាំ៨ខែ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ដាក់ចូលជាថវិការដ្ឋ ព្រមទាំងបង្គាប់ឲ្យទណ្ឌិតរូបនេះ សងសំណងជំងឺចិត្តចំនួន១០០រៀល ជូនដើមបណ្តឹងរដ្ឋប្បវេណី។

លោក គី តិច បានបញ្ជាក់ថា សាលដីកាជនជាប់ចោទ សម រង្ស៊ីនេះ ត្រូវបានចូលជាស្ថាពរ រួមជាមួយនឹងសាលដីការបស់ជនជាប់ចោទ ថាក់ ឡានី ដែរហើយសុទ្ធតែអាចអនុវត្តបាន។

សូមបញ្ជាក់ថា លោក​ សម​ រង្ស៊ី​ ត្រូវបានតុលាការ​ចោទ​ពី​បទ​ប្រកាន់ពីបរិហារកេរ្តិ៍​ជា​សាធារណៈ​ និង​បទ​ញុះញង់​ ឲ្យ​ប្រព្រឹត្ត​អំពើបង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ ដល់​សន្តិសុខ​សង្គម​ តាម​មាត្រា​៣០៥​,​ មាត្រា​៤៩៤​ និង​មាត្រា​៤៩៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​ បន្ទាប់ពីយកឃាតកម្មលើលោកបណ្ឌិតកែមឡី មកធ្វើនយោបាយវាយប្រហារលើរាជរដ្ឋាភិបាល។

កន្លង​ទៅ​រាជរដ្ឋាភិបាល​ កម្ពុជា​ចាត់​ទុក​ថា​ ការ​ចោទប្រកាន់​របស់​លោក​ សម​ រង្ស៊ី​ មក​លើ​សម្តេច​តេជោ​ ហ៊ុន​ សែន​ ថាជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​អំពើ​ឃាតកម្ម​នោះ​ មិន​ត្រឹម​តែ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិត្តិយស ​និង​សេចក្ដី​ថ្លៃថ្នូរ​របស់​សម្តេច​តេជោ ​ប៉ុណ្ណោះ​ទេ​ ប៉ុន្ដែ​ថែម​ទាំង​មាន​ចរិត​ជា​ការ​ញុះញង់​បំផុសបំផុល​ ក្នុង​ចេតនា​បញ្ឆេះ​កំហឹង​មហាជន​ ដែល​អាច​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​សង្គម​ និង​ប៉ះពាល់​ដល់​ដំណើរការ​នីតិវិធី​ របស់​តុលាការ​ទៀត​ផង​​៕