(កណ្តាល)៖ បើទោះបីជាគម្រោងសាងសង់ព្រលានយន្តហោះថ្មី មិនទាន់តែប្រកាសអំពីកាលបរិច្ឆេទសាងសង់ច្បាស់លាស់ក្តី ប៉ុន្តែទីតាំងសាងសង់ព្រលានយន្តហោះថ្មីនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលអះអាងថា គ្មានអ្វីប្រែប្រួលឡើយ។

ព្រលានយន្តហោះថ្មីក្នុងខេត្តកណ្តាលនេះ នឹងត្រូវសង់លើផ្ទៃដីធំរហូតដល់២,៦០០ហិកតា នៅក្នុងភូមិសាស្ត្រក្រុងតាខ្មែរ និងស្រុកកណ្តាលស្ទឹង ហើយអាចនឹងភ្ជាប់ជាមួយស្រុកបាទី ខេត្តតាកែវផងដែរ។

រយៈពេលជាង២ខែមកហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា ប្រកាសអំពីទីតាំងនៃការសាងសង់ព្រលានយន្តហោះថ្មី ដែលជាព្រលានយន្តហោះទំនើប និងធំជាងគេនៅតំបន់អាស៊ី ដែលបានធ្វើឲ្យដីនៅតំបន់ជិតៗព្រលានយន្តហោះ ហក់ឡើងថ្លៃកប់ពពក។

ការសម្រុកទិញដីតំបន់នោះ ក្រុមឈ្មួញ និងអ្នកមានលុយសុទ្ធតែ សម្លឹងឃើញពីអនាគតដ៏ខ្លីខាងមុខថា ច្បាស់ជាទទួលបានផលចេញពីការឡើងថ្លៃ នៅពេលមានការអភិវឌ្ឍន៍ ព្រលានយន្តហោះថ្មី តំបន់ជិតនោះនឹងក្លាយជា មជ្ឈមណ្ឌលពាណិជ្ជកម្ម ឬទីប្រជុំជនជាក់ជាមិនខាន។

ប្រជាពលរដ្ឋនៅតំបន់ជិតៗ គម្រោងសាងសង់ព្រលានយន្តហោះបានអះអាងថា ឈ្មួញទិញដីធ្លីនៅតែសម្រុកទៅទិញដី នៅទីនោះច្រើន ហើយដីក៏កាន់តែមានតម្លៃកើនឡើងខ្ពស់។

លោក សុខឃឿន អាយុជាង៣០ឆ្នាំ ដែលមានផ្ទះនៅតាមដងផ្លូវចូលទៅកាន់វត្តអង្គពោល ដែលមានចំងាយពីផ្លូវជាតិលេខ២ ប្រមាណតែ២គីឡូម៉ែត្រ ស្ថិតនៅភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រាប់ Fresh News ថា អ្នកទិញដីនៅតែបន្តមកច្រើនដដែល បើទោះជាការសាងសង់ព្រលានយន្តហោះថ្មីនេះ មិនទាន់កំណត់ពេលសង់ច្បាស់ ហើយការសាងសង់អាចនៅយូរឆ្នាំទៀតក៏ដោយ។

លោកថា ដីតំបន់នេះឡើងថ្លៃណាស់ពេលនេះ តម្លៃទាបបំផុតមួយម៉ែត្រការ៉េ៥០ដុល្លារ ហើយតំបន់ខ្លះឡើងដល់ជាង៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ការឡើងថ្លៃនេះដោយសារគម្រោង សង់ព្រលានយន្តហោះ និងគម្រោងស្ថាបនាផ្លូវក្រវ៉ាត់ក្រុងថ្មី ទំហំ៦០ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ១ ដល់ផ្លូវជាតិលេខ៣។

លោក ឃឿន និយាយថា «ក្រៅពីគម្រោងសង់ព្រលានយន្តហោះហើយនោះ តាមខ្ញុំដឹងគម្រោងផែនការសង់ផ្លូវក្រវ៉ាត់ក្រុង បានធ្លាក់មកដល់អាជ្ញាធរឃុំហើយ ក្រុមហ៊ុនសាងសង់ បានចុះមកវាយតម្លៃ អំពីផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ហើយក្រោយចូលឆ្នាំខ្មែរ ឬខែឧសភាខាងមុខ គម្រោងសង់ផ្លូវនឹងចាប់ផ្តើម ទើបធ្វើឲ្យឈ្មួញទិញដីមកទិញនៅទីនោះច្រើន»

ប្រជាពលរដ្ឋម្នាក់ទៀត គឺលោក សារ៉ាត់ ដែលរស់នៅឃុំដូង ស្រុកបាទី ខេត្តតាកែវ ដែលមានលំនៅចុះពីផ្លូវជាតិលេខ២ ទៅទិសខាងកើតប្រមាណ៦ ទៅ៧គីឡូម៉ែត្រ បានប្រាប់ឲ្យដឹងថា នៅឃុំរបស់ខ្លួនតម្លៃដីពិតជាឡើងថ្លៃខ្លាំងមែនទែន បន្ទាប់ពីគ្រោងសង់ព្រលានយន្តហោះ ត្រូវបានប្រកាសឡើង។ អ្នកដែលបានដឹងពីប្លង់គម្រោងសាងសង់ បានសម្រុកមកទិញដី នៅតំបន់នោះ បានធ្វើដីស្រែប្រជាជនដែលធ្លាប់មួយហិកតាត្រឹម១ម៉ឺនដុល្លារ​ កើតឡើងដល់មួយហិកតា៥-៦ម៉ឺនដុល្លារឯណោះ។

មេឃុំដូង ស្រុកបាទី ខេត្តតាកែវ លោក ណុប​ ទូច បានប្រាប់ Fresh News ដោយទទួលស្គាល់ថា ក្រោយប្រកាសគម្រោងព្រលានយន្តហោះនេះ អ្នករកទិញដីពិត សម្រុកទិញច្រើន មែនទែនដល់បច្ចុប្បន្ននេះ ក៏នៅតែមានអ្នកមករកទិញជាបន្តបន្ទាប់ផងដែរ។ លោកមេឃុំប្រាប់ថា «ពិតមែនហើយគម្រោងព្រលានយន្តហោះ ពិតជាឲ្យធ្វើឲ្យដីនៅតំបន់នេះឡើងថ្លៃ និងមានអ្នកទិញច្រើន»

សូមជម្រាបថា ព្រលានយន្តហោះថ្មីនេះ ត្រូវបានទីស្តីការគណៈរដ្ឋមន្ត្រីទម្លាយថា នឹងត្រូវសាងសង់នៅក្នុងទឹកដីខេត្តកណ្តាល ចាប់ពីក្រុងតាខ្មៅលាតសន្ធឹងដល់ស្រុកកណ្តាលស្ទឹង (ប៉ែកខាងកើតផ្លូវជាតិលេខ២) ហើយនឹងអាចថ្ពក់ភ្ជាប់ជាមួយទឹកដីស្រុកស្អាងខ្លះ និងផ្នែកខ្លះនៃស្រុកបាទី ខេត្តតាកែវ។

ដើម្បីសាងសង់ព្រលានយន្តហោះថ្មីនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុន OCIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ ត្រូវបង្កើតក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា «ក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៉ិនវេសមិន ឬ Cambodia Airport Investment» ដែលរាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន១០ភាគរយ និងក្រុមហ៊ុនរបស់ឧកញ៉ា ពង់ ឃាវសែ កាន់កាប់ភាគហ៊ុន៩០ភាគរយ ដោយវិនិយោគទឹកប្រាក់ចំនួន១,៥០០លានដុល្លារអាមេរិក ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារ ជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម OCIC និង២៨០លានដុល្លារទៀត ជាដើមទុនចុះបញ្ជី។

បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ព្រលានយន្តហោះថ្មី ដែលវិនិយោគរហូតដល់១,៥០០លានដុល្លារនេះ នឹងត្រូវចំណាយពេល២ ឬ៣ឆ្នាំទៀត ទើបសាងសង់ ព្រោះនៅមានការងារមួយចំនួនទៀតត្រូវបញ្ចប់។

លោក ស៊ិន ចាន់សេរីវុត្ថា អគ្គនាយករងបច្ចេកទេស និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ធ្លាប់បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា «ខ្ញុំអាចនិយាយបានថា គម្រោងសាងសង់ព្រលានយន្តហោះថ្មីនេះ នឹងដំណើរការនៅពេលឆាប់ៗខាងមុខ ឬអាច២-៣ឆ្នាំខាងមុខ ព្រោះក្រុមហ៊ុនត្រូវការរៀបចំការងារឲ្យបានល្អិតល្អន់ ទាំងការរៀបចំប្លង់ព្រលានយន្តហោះ និងការងារផ្សេងទៀត»

អ្នកជំនាញជាន់ខ្ពស់ក្នុងវិស័យអាកាសចរណ៍ស៉ីវិលបានពន្យល់ថា ព្រលានយន្តហោះប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

មន្ត្រីដដែលនេះបញ្ជាក់ទៀតថា ព្រលានយន្តហោះភ្នំពេញថ្មីនេះ ក្រុមហ៊ុនវិនិយោគមានមហិច្ឆិតាអភិវឌ្ឍន៍ជាព្រលានយន្តហោះធំ និងទំនើបជាងគេនៅតំបន់អាស៊ី ឲ្យទំនើបជាងព្រលានយន្តហោះសុវណ្ណភូមិរបស់ថៃ និងព្រលានយន្តហោះរបស់សិង្ហបុរី៕