(ភ្នំពេញ)៖ តារាកំប្លែង និងជាសមាជិកក្រុមរាំ GL ពីររូប គឺកញ្ញា យេយេ និង កញ្ញា ផេន ខេក អ្នកទាំងពីរ ត្រូវបានទស្សនិកជនស្ទើរទូទាំងប្រទេស ស្គាល់ និងគាំទ្រ តាមរយៈការសម្តែងនានា ខណៈក្រុមភេទទី៣នេះ បានក្លាយជាឱសថមួយ ព្យាបាលជំងឺរបស់ទស្សនិកជន ដោយពួកគេតែងតែបង្កើតនូវអ្វីប្លែកៗ ថ្មីៗ ដើម្បីកំដរអារម្មណ៍ទស្សនិកជន។ យ៉ាងណាមិញ មហាជនប្រាកដជាមិនទាន់បានជ្រាបទេថា តើការងារសិល្បៈ ក្នុងនាមជាមនុស្សភេទទី៣ របស់តារាកំប្លែងពីររូបនេះ មានភាពមមាញឹកយ៉ាងណា នឹងត្រូវពុះពារអ្វីខ្លាំង ទំរាំតែមានប្រជាប្រិយភាព មានទស្សិកជនស្គាល់ច្រើន មកទល់នឹងសព្វថ្ងៃនេះ?

ជាការកត់សម្គាល់ គេសង្កេតឃើញថា តារាកំប្លែងពីរដួង កញ្ញា យេយេ និងកញ្ញា ផេន ខេក អ្នកទាំងពីរហាក់មានភាពមមាញឹកខ្លាំង ក្នុងការងារសិល្បៈ ខណៈអ្នកទាំងពីរនេះ ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះសិល្បៈ ហក់ឡើងខ្លាំង ក្នុងសង្គមសិល្បៈ ដោយសារតែនាងមានទេពកោសល្យល្អ ពាក្យពេចន៍និយាយលេង នៅលើឆាកប៉ិនប្រសប់ គួរឲ្យចាប់អារម្មណ៍ ធ្វើឲ្យទស្សនិកជនមិនចេះធុញ ពោលគឺរាល់កម្មវិធី ដែលនាងសម្តែង គឺជក់ចិត្ត និងប្លែកភ្នែកតែម្តង។ ដោយឡែក ក្រៅពីភាពជោគជ័យ នឹងភាពសប្បាយរីករាយ រឿងរ៉ាវនៅពីក្រោយការងារសិល្បៈ តើតារាស្រីពីរដួងនេះ មានឧបសគ្គអ្វីខ្លះ?

ពាក់ព័ន្ធរឿងរ៉ាវនេះ តារាភេទទី៣ កញ្ញា យេយេ និងផេន ខេក នឹងចូលខ្លួនមកបកស្រាយ ដើម្បីឲ្យទស្សនិកជនជ្រាបកាន់តែច្បាស់ តាមរយៈកម្មវិធី «អាថ៌កំបាំងក្រៅឆាក របស់តារា» នៅម៉ោង ៧៖០០នាទី ដល់ម៉ោង៨៖០០នាទីយប់ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៨នេះ នៅលើ Fresh News TV និង Khmer Talking និងចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១៨ ខែមីនា ឆ្នាំ ២០១៨ វេលាម៉ោងដដែល៕