(ភ្នំពេញ)៖ ជាទស្សនៈថ្មីមួយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច បានហៅលោក សម រង្ស៉ី មេចលនាសង្រ្គោះជាតិថា ជាមនុស្សខូចបំផុត ទើបបានជាក្រុមហ៊ុន Facebook មិនគាំទ្រនូវសំណើរបស់ទណ្ឌិតរូបនេះ។
ការចំអកនេះបានធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី ដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេស បានបរាជ័យជាថ្មី ក្នុងការប្តឹងសម្តេចតេជោ ហ៊ុន សែន ទៅកាន់ក្រុមហ៊ុន Facebook នាថ្មីៗនេះ។
លោក សុខ ឥសាន បានថ្លែងយ៉ាងដូច្នេះថា៖ «ការឆ្លើយតបជាអវិជ្ជមានចំពោះបណ្តឹងរបស់ទណ្ឌិត សម រង្សី បង្ហាញច្បាស់ថា ទណ្ឌិត សម រង្ស៊ី ជាមនុស្សខូចចង់កៀងគរគេឯងឲ្យ ជួយគាំទ្រទង្វើទុច្ចរិតរបស់ខ្លួន។ តែបើទុច្ចរិតហើយ មានអ្នកណាចង់នៅជិតខ្លួននោះ មានតែគេដើរចេញដោយស្តោះទឹកមាត់ ឆេីយដាក់ផង។ នេះជាអំពើទុច្ចរិត គ្មានអ្នកណាគាំទ្រទេ»។
សូមបញ្ជាក់ថា ក្រុមហ៊ុនបណ្តាញសង្គមដ៏ធំជាងគេលើលោក Facebook បានទាត់ចោលភ្លាមៗ នូវពាក្យបណ្តឹងរបស់ទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង ដែលស្នើសុំឲ្យ Facebook បង្ហាញព័ត៌មាននៃ Facebook Page របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមចេញផ្សាយដោយសារព័ត៌មានភ្នំពេញប៉ុស្តិ៍ជាភាសាអង់គ្លេស ដែលត្រូវបានយកមកប្រែសម្រួល នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ២០១៨។
ពាក្យបណ្តឹងខាងលើ បានចោទប្រកាន់សម្តេចតេជោ ហ៊ុន សែន ថា បានបំពានលើគោលការណ៍ផ្សេងៗរបស់បណ្តាញសង្គមយក្សមួយនេះ រួមមានការទិញចំនួន Like និងការគំរាមសម្លាប់ជីវិតមនុស្សជាដើម។ ផ្ទុយទៅវិញក្នុងការឆ្លើយតបរបស់ខ្លួនក្រុមហ៊ុន Facebook បានអះអាងថា ពាក្យបណ្តឹងរបស់លោក សម រង្ស៊ី បានរំលោភលើច្បាប់ការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងច្បាប់ពាក់ព័ន្ធមួយចំនួនផ្សេងទៀត។
នៅក្នុងការច្រានចោលខាងលើ Facebook ក៏បានចាត់ទុកសំណើរបស់លោក សម រង្ស៊ី ដែលស្នើសុំឲ្យលាតត្រដាងព័ត៌មានឯកជននេះ គឺគ្រាន់ជាផ្នែកមួយប៉ុណ្ណោះ នៃបញ្ហាវិវាទផ្ទាល់ខ្លួនរបស់លោក ជាមួយនឹងសម្តេចតេជោ ហ៊ុន សែន ព្រមទាំងជាការព្យាយាមរបស់លោកដើម្បីតែអំណាចផ្នែកនយោបាយរបស់ខ្លួនប៉ុណ្ណោះ។
Facebook បានចោទប្រកាន់លោក សម រង្ស៊ី ទៀតថា កំពុងព្យាយាមអូសទាញក្រុមហ៊ុនអព្យាក្រឹតនេះ ឲ្យចូលពាក់ព័ន្ធក្នុងជម្លោះផ្នែកនយោបាយមួយនេះ។ ម៉្យាងវិញទៀត ការឆ្លើយតបបដិសេធរបស់ក្រុមហ៊ុន Facebook ចំពោះពាក្យបណ្តឹងរបស់លោក សម រង្ស៊ី ក៏ដោយសារតែវាពុំមានភ្ជាប់មកជាមួយ នូវឯកសារតុលាការកម្ពុជាណាមួយឡើយ ពោលគឺមានតែអត្ថបទកាសែត ស្តីពីសំណុំរឿងបរិហាកេរ្តិ៍របស់លោក សម រង្ស៊ី តែប៉ុណ្ណោះ។
គួរជម្រាបថា ដោយសំណើរបស់ខ្លួន ត្រូវបាន Facebook បដិសេធយ៉ាងដាច់អហង្កាបែបនេះ ក្រុមមេធាវីរបស់លោក សម រង្ស៊ី ក៏បានធ្វើការចោទប្រកាន់ផ្សេងៗចំពោះក្រុមហ៊ុន Facebook តែម្តង។ ដោយឡែក នាពេលនេះបញ្ហាខាងលើ ត្រូវធ្លាក់ទៅក្នុងដៃតុលាការសង្កាត់ភាគខាងជើងនៃរដ្ឋកាលីហ្វរញ៉ា ដើម្បីសម្រេចជាចុងក្រោយ ថាតើខ្លួននឹងត្រូវចេញដីកាបង្គាប់ឲ្យក្រុមហ៊ុន Facebook អនុវត្តន៍តាមសំណើរបស់លោក សម រង្ស៊ី ដែរឬយ៉ាងណា៕