(រតនគិរី)៖ ខេត្តរតនគិរី បានរៀបចំពិព័រណ៍ជាលើកដំបូង ដើម្បីជំរុញសកម្មភាពធ្វើពាណិជ្ជ និងការគាំទ្រផលិតនៅក្នុងខេត្តរតនគិរីឲ្យកាន់តែខ្លាំងក្លាថែមទៀត។ ពិព័រណ៍ពាណិជ្ជកម្មនេះ ត្រូវបានប្រារព្ធធ្វើឡើងនារសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាពលោក វ៉េង សុធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក ញ៉ែម សំអឿន អភិបាលខេត្តស្តីទី។
លោក ញ៉ែម សំអឿន បានថ្លែងថា ពិព័រណ៍ពាណិជ្ជកម្មនេះ គឺជាលើកទី១ហើយសម្រាប់ខេត្តដែលរៀបចំឡើងដោយផ្ទាល់ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្មក្នុងស្រុកឲ្យកាន់តែប្រសើរឡើង។ លោកបន្តថា ការតាំងពិព័រណ៍ផលិតផលពាណិជ្ជកម្មនេះធ្វើឡើងចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ដោយមានការតាំងបង្ហាញនូវផលិតផលសម្រេចរបស់ខេត្ត និងក្រុមហ៊ុនមួយចំនួនដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក្នុងនោះក៏មានខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែងចូលរួមជាមួយផងដែរ សរុបមានចំនួន ៧១ស្តង់។
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោក វ៉េង សុធី បានលើកឡើងថា ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង ក្រសួងពាណិជ្ជកម្ម បានដាក់ចេញនូវគោលនយោបាយកំណែទម្រង់ស៊ីជម្រៅសំខាន់ៗ ដើម្បីគាំទ្រ និងធានាដល់ការលូតលាស់ នៃវិស័យឯកជននៅក្នុងប្រទេស។
លោកបន្តថា កន្លងមកក្រសួងបានដាក់ឲ្យដំណើរការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មដូចជា ការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីម៉ាក ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពទំនិញជាមួយនឹងប្រព័ន្ធបង់ប្រាក់តាមបែបអេឡិចត្រូនិកជាដើម។
លោក វ៉េង សុធី បានចាត់ទុកថា ពិព័រណ៍ពាណិជ្ជកម្ម គឺជាវេទិកាដ៏មានសារសំខាន់មួយសម្រាប់ឲ្យបងប្អូនអាជីវករអាចសិក្សាស្វែងយល់ និងផ្លាស់ប្តូរគំនិតទៅវិញទៅមក ក្នុងប្រយោជន៍បង្កើតដៃគូពាណិជ្ជកម្មផង និងចែករំលែកបទពិសោធន៍ផង ឈានទៅបង្កើតផលិតផលថ្មីដែលមានគុណភាព តម្លៃសមរម្យ អាចប្រកួតប្រជែងបានទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញនាពេលអនាគត៕