(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ស្អែកនេះតទៅអគ្គលេខាធិការដ្ឋាននៃរដ្ឋសភា នឹងចាប់ផ្តើមទទួលពាក្យបេក្ខជនដែលមានបំណងប្រកួតប្រជែងធ្វើជាសមាជិកព្រឹទ្ធសភាហើយ។ ការទទួលពាក្យធ្វើឡើងរៀងរាល់ម៉ោងធ្វើការ ហើយនឹងត្រូវឈប់ទទួលវិញនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ៥៖៣០នាទីល្ងាច។
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា បេក្ខជនដែលទៅដាក់ពាក្យត្រូវភ្ជាប់ជាមួយឯកសារមួយចំនួនដូចខាងក្រោម៖
១៖ ជីវប្រវត្ដិសង្ខេបរបស់បេក្ខជន ១ច្បាប់
២៖ លិខិតបញ្ជាក់ថា មានឈ្មោះក្នុងបញ្ជីបោះឆ្នោត ១ច្បាប់
៣៖ លិខិតបញ្ជាក់ថា ពិតជាមានអាយុយ៉ាងតិច៤០ឆ្នាំ ១ច្បាប់
៤៖ មានសញ្ជាតិខ្មែរ តាំងពីកំណើត (អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឫលិខិតឆ្លងដែន ឫសំបុត្រកំណើត) ១ច្បាប់
៥៖ លិខិតថ្កោលទោស (អាចផ្ដល់នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៨) ១ច្បាប់
៦៖ រូបថតទំហំ ៤ គុណ ៦ (ថតចំពីមុខ) គ្មានពាក់វ៉ែនតា ៣សន្លឹក។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ មានសិទ្ធិដាក់ពាក្យប្រកួតប្រជែងយកតួនាទីជាសមាជិកព្រឹទ្ធសភាបានដូចគ្នា។
សូមបញ្ជាក់ថា យោងតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា បានកំណត់ថាក្នុងចំណោមសមាជិកព្រឹទ្ធសភាទាំងអស់ មានសមាជិកព្រឹទ្ធសភា ២រូប ត្រូវបានជ្រើសតាំងដោយព្រះមហាក្សត្រ ហើយ២រូបទៀត ជ្រើសតាំងដោយរដ្ឋសភា ហើយក្រៅពីនោះត្រូវជ្រើសចេញពីការបោះឆ្នោតដោយក្រុមប្រឹក្សាឃុំ សង្កាត់ និងសមាជិករដ្ឋសភា។
បច្ចុប្បន្នសមាជិកព្រឹទ្ធដែលស្មើនឹងពាក់កណ្តាលនៃសមាជិករដ្ឋសភានោះ មានចំនួន ៦២រូប ក្នុងនោះ ៥៨រូបត្រូវបានបោះឆ្នោតជ្រើសរើសដោយក្រុមប្រឹក្សាឃុំ សង្កាត់ និងសមាជិករដ្ឋសភា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។ សមាជិកព្រឹទ្ធសភាទាំង ៥៨រូប គឺបានទៅលើគណបក្សប្រជាជនកម្ពុជាទាំងអស់។
សម្រាប់សមាជិកព្រឹទ្ធសភា ដែលជ្រើសតាំងដោយព្រះមហាក្សត្រ ពីររូបនោះរួមមាន៖ ទី១. សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងទី២. លោកស្រី អ៊ុំ សូម៉ានី៕