(ភ្នំពេញ)៖ បន្ទាប់ពីដំណើរការអស់រយៈពេល២ ថ្ងៃកន្លះរួចមកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ ២០១៨ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានប្រារព្វពិធីបិទក្រោមអធិបតីភាពលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៅរសៀលថ្ងៃពុធ ១៣រោជ ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង។
ថ្លែងក្នុងពិធីបូកសរុបលទ្ធផលការងារ មុននឹងឈានដល់ពិធីបិទអង្គសន្និបាត លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានគាំទ្ររបាយការណ៍លទ្ធផលការងារ ដែលក្រសួងសម្រេចបានក្នុងស្មារតីរួមសហការ និងទទួលខុសត្រូវខ្ពស់ ហើយស្តែងចេញនូវលទ្ធផលគួរជាទីមោទនៈ និងគាំទ្រចំពោះទិសដៅការងារនាឆ្នាំបន្ទាប់ ព្រមទាំងណែនាំឲ្យអង្គសន្និបាត យកចិត្តទុកដាក់ចំពោះមតិណែនាំ និងអនុសាសន៍ ទាំង១០ចំណុច របស់លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្ត្រីស្តីទីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលលោក បានផ្តល់កិត្តិយសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាត កាលពីរយៈពេលពីរថ្ងៃមុននេះ។
ឆ្លៀតឱកាសនោះ ដើម្បីជាធាតុចូលឲ្យអង្គសន្និបាត បានស្វែងយល់បន្ថែមទាក់ទងនឹងការវិវឌ្ឍន៍ទៅមុខនៃវិស័យសេដ្ឋកិច្ចកម្ពុជា លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសង្កត់ធ្ងន់ទៅលើគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាំឲ្យប្រទេសជាតិទាំងមូលទទួលបាន សុខសន្តិភាពទូទាំងប្រទេស ដែលពុំធ្លាប់មាន ក្នុងរយៈកាលកន្លងមក នៃប្រវត្តិសាស្ត្រកម្ពុជា។ កត្តានេះហើយបានផ្តល់ឱកាសឲ្យកម្ពុជា កសាងបាននូវសេដ្ឋកិច្ចមួយមានភាពរឹងមាំអាចប៉ាន់ប្រមាណបាន។ ជាក់ស្តែងរយៈពេលពីរទស្សវត្សន៍ ចុងក្រោយនេះ កម្ពុជារក្សាបាននូវកំណើនសេដ្ឋកិច្ចរបស់ខ្លួន គឺក្នុងរង្វង់៧,៧% ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច អតិផរណាទាប និងអត្រាប្តូប្រាក់ មានលំនឹង។
អត្រាកាត់បន្ថយភាពក្រីក្រកម្ពុជាបានទទួលចំណាត់ថ្នាក់ជាប្រទេសជោគជ័យទី៤ លើពិភពលោក ក្នុងការកាត់បន្ថយភាពក្រីក្រ។ ក្នុងនោះ តាមរយៈសូចនាករសង្គម គឺការកើនឡើងនៃផលិតផល ក្នុងស្រុកសរុប (ផសស) ក្នុងមនុស្សម្នាក់ពី ១.០៤២ ដុល្លារអាមេរិក នៅឆ្នាំ២០១៣ មក ១.៤៣៥ ដុល្លារអាមេរិក នៅឆ្នាំ២០១៧ ។
ស្ថិតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី បានបង្ហាញថា៖ គិតត្រឹមដំណាច់ឆ្នាំ២០១៧ រោងចក្រធុនធំ ដែលបានចុះបញ្ជីមានចំនួនសរុប ១.៥២២ រោងចក្រ ស្មើនឹង ១៣៧% ធៀបនឹងឆ្នាំ ២០១៣ ក្នុងនោះផ្នែកឧស្សាហកម្មតម្បាញ កាត់ដេរសំលៀកបំពាក់ ស្បែកជើងនិងកាបូបមានចំនួន ១.០៣១ រោងចក្រ ស្មើនឹង ១២៩% និងពលកម្មសរុប មានចំនួន ៩៨២.២០៣ នាក់ ស្មើនឹង ១៤៣% ប្រៀបធៀបនឹងឆ្នាំ ២០១៣។ ចំណែក សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម មានចំនួនសរុប ១៥៥.៦៤០ មូលដ្ឋាន ស្មើនឹង ១៣០% ធៀបនឹងឆ្នាំ ២០១៣ ហើយបានផ្តល់ការងារជូនប្រជាពលរដ្ឋចំនួនប្រមាណ ១.១០៦.៧៤៥នាក់ ស្មើនឹង ២២៩% ធៀបនឹងរយៈពេលដដែលនេះ។ ចំណុចនេះ លោកទេសរដ្ឋមន្ត្រី បានទាញការចាប់អារម្មណ៍ថា៖ ក្នុងទិដ្ឋភាពបច្ចុប្បន្ន កម្ពុជាកំពុងតែផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។ ជាក់ស្តែង តាមតួរលេខបង្ហាញថា៖ វិស័យឧស្សាហកម្ម បានចូលរួមចំណែកនៃកណើនផលទុនសរុបក្នុងស្រុកមានការកើនឡើងជារៀងរាល់ឆ្នាំ គឺពីទំហំ ២៤.១% នៅឆ្នាំ២០១៣ ដល់ទំហំ ៣០.៩%នៅឆ្នាំ ២០១៧ ស្របពេលដែលវិស័យកសិកម្ម មានចំនួន ២៤.៩% នៅឆ្នាំ២០១៧។ ប្រការនេះ ធ្វើឲ្យកម្ពុជា ប្រែក្លាយពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកំរិតទាប និងកំពុងបន្តដំណើរឈានទៅជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ ២០៣០។
ទាក់ទងនឹងកង្វល់ និងសំណូមពរ នានាដែលបានលើកឡើងក្នុងអង្គសន្និបាត លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានដោះស្រាយបញ្ហាជាក់ស្តែង និងណែនាំបន្ថែមលើកាងារជាច្រើន ដូចជា៖ ជម្រុញប្រសិទ្ធិភាពការផ្តល់សេវាសាធារណៈ, អនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមប្រកាស ស្តីពីការធ្វើប្រតិភូកម្មអំណាចវិស័យឧស្សាហកម្មទៅថ្នាក់ក្រោមជាតិ, ជម្រុញឲ្យមានការចុះបញ្ជីតាមលក្ខណៈផ្លូវច្បាប់នូវរោងចក្រ សហគ្រាស និងសិប្បកម្ម, យកចិត្តទុកដាក់ការត្រួតពិនិត្យ រោងចក្រ សិប្បកម្ម ដែលផលិតផលិតផល មិនស្របតាមស្តង់ដារ ប៉ះពាល់ដល់សុខភាព និងបរិស្ថាន, យកចិត្តទុកដាក់លើសុវត្ថិភាពឡចំហាយ, កំណត់យន្តការតាមដាននិងកត់ត្រាច្បាស់លាស់ពីតួរ លេខរោងចក្របង្កើតថ្មី និងរោងចក្រត្រូវបិទ, ពង្រឹងវិស័យស្តង់ដារ និងមាត្រាសាស្ត្រ, ពង្រឹងមន្ទីរពិសោធន៍ឧស្សាហកម្ម, យកចិត្តទុកដាក់ឲ្យកាន់តែខ្លាំងក្លាឡើង លើវិស័យផលិតទឹកស្អាតដល់ប្រជាពលរដ្ឋនៅតាមទីក្រុង និងទីប្រជុំជន ជាពិសេសជម្រុញឲ្យប្រតិបត្តិករទឹកស្អាតប្រើ បញ្ជីគណនេយ្យឯកភាពគ្នាតែមួយ។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី បានណែនាំឲ្យអង្គសន្និបាត យកគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ឆ្នាំ២០១៥-២០២៥ ជាត្រីវិស័យ សំដៅពង្រឹងការធ្វើពិពិធកម្មផលិតផល ឧស្សាហកម្មនិង ទីផ្សារ។
ដោយឡែកជាវិធានការជាក់ស្តែង លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា៖ ចំពោះមុខនៅពេលដែល មន្ត្រីនៅវិទ្យាស្ថានស្តង់ដារទទួលបាន នីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌ហើយ វិទ្យាស្ថានស្តង់ដារនឹងពង្រឹងការត្រួតពិនិត្យលើការបញ្ហាគ្រប់គ្រងគុណភាព និងស្តង់ដារផលិតផល ដើម្បីរួមចំណែកដល់ការលើកកម្ពស់កិច្ចការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ និងបង្កើនសមត្ថភាពប្រកួតប្រជែង របស់សហគ្រាសផលិតកម្មព្រមទាំង ការពង្រីកសក្តានុពលរបស់ផលិតផលកម្ពុជា។ ចំណែកចំណុចមួយទៀត គឺគ្រប់ម្ចាស់សិប្បកម្មផលិតអំបិល ទាំងអស់ត្រូវតែបញ្ចូលជាតិអ៊ីយ៉ូតក្នុងអំបិលជាដាច់ខាត។ រីឯផលិតកម្មផលិតទឹកត្រីក៏ដូចគ្នាដែរ ត្រូវបញ្ចូលជាតិដែកក្នុងទឹកត្រី ដើម្បីជួយដល់បញ្ហាកង្វះអាហារូបត្ថម្ភ ជាពិសេសកុមារ និងស្ត្រី នៅតាមជនបទ កុំឲ្យទទួលភាពក្រិន អន់បញ្ញា ស្លេកស្លាំង និងជំងឺពកក។
ក្នុងចុងកម្មវិធី លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានប្រគល់ប្រកាសស្តីពីការប្រគល់ភារកិច្ច ដល់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានី ខេត្ត ក្នុងការប្រមូលសេវាសាធារណៈ លើការងារចុះបញ្ជី ការអនុញ្ញាតឲ្យដំណើរការ និងការអនុញ្ញាតផ្សេងៗចំពោះសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ជាមួយនឹងការប្រគល់សម្ភារបរិក្ខា ដល់មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ទាំង២៥ រាជធានី ខេត្ត ទុកសម្រាប់បម្រើការងារស្នូលប្រចាំថ្ងៃក្នុងមន្ទីរ ដោយមន្ទីរនីមួយៗទទួលបានដូចៗគ្នានូវ កំព្យូទ័រ Desktop ចំនួន០២គ្រឿង ម៉ាស៊ីនស្កែន ចំនួន ០១គ្រឿង និងអាគុយស្តុកភ្លើង UPS ចំនួន០២ គ្រឿង៕