(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា បានបើកកិច្ចប្រជុំមួយ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ ដើម្បីពិភាក្សា និងពិនិត្យមើលសំណើសុំជ្រើសតាំងសមាជិកព្រឹទ្ធសភា២រូប ដើម្បីបំពេញអសនៈព្រឹទ្ធសភា នីតិកាលទី៤។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីប្រធាន និងតំណាងគណៈកម្មការជំនាញនានាទាំង១០របស់រដ្ឋសភាផងដែរ។
តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា បានកំណត់ថា ព្រឹទ្ធសភា អាណត្តិទី៤នេះ មានរយៈពេល៦ឆ្នាំ និងមានសមាជិកចំនួន៦២រូប ក្នុងនោះមាន២រូប ត្រូវជ្រើសតាំងដោយព្រះមហាក្សត្រ ២រូបត្រូវជ្រើសតាំងដោយការបោះឆ្នោតនៅក្នុងរដ្ឋសភាក្នុងសំឡេងមតិភាគច្រើន និង៥៨ ត្រូវបោះឆ្នោតដោយអង្គបោះឆ្នោត។
លទ្ធផលនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា អាណត្តិទី៤នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រច្រើនលើសលប់ ដោយគ្រប់គ្រងបានទាំង៥៨អាសនៈ។
សម្រាប់សមាជិកព្រឹទ្ធសភា ដែលជ្រើសតាំងដោយព្រះមហាក្សត្រ ព្រះអង្គបានជ្រើសរើសឥស្សរជន២រូប នោះគឺ ទី១៖ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងទី២៖ លោកស្រី អ៊ុ សូម៉ានី ៕