(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញបើកសន្និសីទក្រោមប្រធានបទវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សំរាប់ឧស្សាហូបនីកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជា នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។
សន្និសីទនេះ មានការចូលរួមពីសំណាក់វាគ្មិន និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ ៤០០នាក់ ជាអ្នកដឹកនាំមកពីស្ថាប័នរដ្ឋថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍វិស័យឯកជន សហគមន៍សិក្សាស្រាវជ្រាវ និងសង្គមស៊ីវិល។
យោងតាមសេចក្តីប្រកាសព័ត៌មានបានបង្ហាញថា សន្និសីទចក្ខុវិស័យឆ្នាំនេះ រៀបចំឡើងចំពេលល្អណាស់ ដោយមានប្រធានបទពាក់ព័ន្ធនឹងតម្រូវការអភិវឌ្ឍន៍វិទ្យសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីជួយឲ្យប្រទេសកម្ពុជាត្រៀមខ្លួនបានល្អ អាចដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាសថ្មីៗទៀត។ តួយ៉ាងប្រទេសចិន ឥណ្ឌា សិង្ហបុរី ហ្វីលីពីន ថៃ ម៉ាឡេស៊ី សុទ្ធតែបានប្រើប្រាស់ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា គួបផ្សំនឹងការបើកទូលាយផ្នែកពាណិជ្ជកម្ម ដើម្បីកែប្រែពង្រីកសេដ្ឋកិច្ចខ្លួន និងពន្លឿនកំណើន និងវិបុលភាពប្រទេស។ ដូចគ្នានេះដែរ ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានភាពជោគជ័យអាចជួយរុញច្រានកម្ពុជាឲ្យសម្រេចចក្ខុវិស័យឡើងជា ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។
សន្និសីទនេះមានអនុប្រធានបទជាច្រើនសំដៅបំផុសការពិភាក្សាយ៉ាងសកម្មភាពអំពីជម្រើសគោលនយោបាយ និងអាទិភាពនានា សម្រាប់ឲ្យប្រទេសកម្ពុជាលើកកម្ពស់ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដើម្បីជំរុញឧស្សាហូបនីយកម្ម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេស។ អនុប្រធានបទមានការពិនិត្យ ពីបទពិសោធន៍អន្តរជាតិ ជាពិសេសបណ្តាប្រទេសនៅអាស៊ីខាងកើត ដែលបានប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប្រកបដោយជោគជ័យ ដើម្បីពន្លឿនឧស្សាហូបនីយកម្ម និងកំណើន, ពីតួនាទីតួអង្គសំខាន់ៗខាងផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (ដូចជាក្នុងការធ្វើផែនការ និងក្របខណ្ឌច្បាប់ និងស្ថាប័ន), ពីកត្តាផ្តល់ជោគជ័យសំខាន់ៗ និងពីតួនាទីនៃមូលធនមនុស្សក្នុងការអភិវឌ្ឍវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។
ក្នុងសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា កម្ពុជាកំពុងដើរតាមមាគ៌ាដ៏ត្រឹមត្រូវ តាមការអនុម័តចេញនូវផែនការមេស្តីពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាតិកម្ពុជាឆ្នាំ២០១៤-២០២០ និងតាមការបង្កើតក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (NSTC) ក្នុងឆ្នាំ២០១៤។ នាបច្ចុប្បន្នក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កំពុងរៀបចំតាក់តែងគោលនយោបាយសម្រាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០១៨-២០២៥។ ក្នុងនេះក្រសួងអប់រំ យុវជន និងកីឡា ក៏កំពុងលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យាតាំពីបឋមសិក្សា រហូតដល់កម្រិតក្រោយមធ្យមសិក្សា។ គំនិតផ្តួចផ្តើមទាំងអស់នេះស្របគ្នាល្អណាស់ជាមួយគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មឆ្នាំ២០១៥-២០២៥ ដែលបានគូសបញ្ជាក់ពីតម្រូវការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាតម្រូវការប្រើប្រាស់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តមស្រូវការធ្វើវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងតម្រូវការពង្រឹងចំណងទាក់ទងរវាងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាមួយនឹងវិស័យជាអាទិភាពនានា។
ឥឡួវនេះកិច្ចប្រឹងប្រែងគួរផ្តោតលើការកសាងបរិយាកាសវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមួយមានដំណើរការល្អ ដែលទាមទារនូវស្ថិរភាពសេដ្ឋកិច្ច នយោបាយ និងសង្គម ពោលគឺបរិយាកាសអំណោយផលសម្រាប់ការងាររបស់អ្នកវិទ្យាសាស្ត្រ និងអ្នកស្រាវជ្រាវ កម្លាំងពលកម្មមានការអប់រំ និងជំនាញខ្ពស់ បណ្តាញនិងហេដ្ឋារចនាសម្ព័នស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) មានប្រសិទ្ធភាពល្អ ការប្តេជ្ញាចិត្តធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ស្ថាប័នរឹងមាំ និងក្របខ័ណ្ឌគោលនយោបាយច្បាប់ និងស្ថាប័នរលូនគ្នាល្អ។ ការបំផុសចំណាប់អាមរ្មណ៍ពីសារៈសំខាន់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការចូលរួមរបស់សាធារណជនក្នុងការអភិវឌ្ឍផ្នែកនេះ ក៏សំខាន់បំផុតផងដែរ ហើយការបញ្ជ្រាបបញ្ហាយេនឌ័រទៅក្នុងគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏សំខាន់ដូចគ្នាសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ក្នុងសន្និសីទបានគូសបញ្ជាក់ផងដែរថា ការពង្រឹងសមត្ថភាពខាងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឧស្សាហូបនីយកម្ម កំណើន និងការអភិវឌ្ឍ ក៏ទាមទារឲ្យមានការសម្របសម្រួល និងសហប្រតិបត្តិការល្អបំផុតរវាងក្រសួងមន្ទីររដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងគ្រឹះស្ថានសិក្សាអប់រំនានាដែរ។ កិច្ចការនេះត្រូវមានការស្រាវជ្រាវ និងកិច្ចសន្ទនាផ្នែកគោលនយោបាយជាប្រចាំ ហើយនិងការឯកភាពគ្នាលើកត្តាសំខាន់ៗ និងអាទិភាពផ្នែកគោលនយោបាយ។ សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០១៨ អាចូលរួមចំណែកយ៉ាងសំខាន់ដល់ការរចនារៀបចំ និងការអនុវត្តគោលនយោបាយផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ជាមួយនោះដែរនៅល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជា ចាកចេញពីប្រទេសដើម្បីទៅចូលរួមកិច្ច ប្រជុំអាស៊ាន-អូស្ត្រាលី ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨៕