(ភ្នំពេញ)៖ នៅក្នុងឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មនៃការនាំចេញ នាំចូល នៃគ្រឿងបន្លាស់រថយន្ដរវាងកម្ពុជា-ថៃ មានទំហំជិត៥០០លានដុល្លារ ខណៈថៃ បាននាំចូលគ្រឿងបន្លាស់យានយន្ដ ចូលមកកម្ពុជាមានចំនួនជាង២០០លានដុល្លារ ចំណែកកម្ពុជានាំចេញគ្រឿងបន្លាស់រថយន្ដចេញទៅ ប្រទេសថៃវិញមានចំនួនជាង២០០លានដុល្លារដូចគ្នា ពោលទំហំទឹកប្រាក់នៃ ការនាំចេញនាំចូលរវាងប្រទេសទាំង២នៅក្នុងឆ្នាំ២០១៧នេះ គឺមានចំនួនពាក់កណ្ដាលម្នាក់។
ថ្លែងចំពោះមុខអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការរៀបចំតាំងពិព័រណ៍ «គ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្ដនៅប្រទេសថៃ ឆ្នាំ២០១៨» នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ លោក ជីរ៉ាវុឍ សុវណ្ណាអាត អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូថៃ បានឲ្យដឹងថាចំពោះការនាំចេញនាំចូលគ្រឿងបន្លាស់រថយន្ដ រវាងកម្ពុជា-ថៃ ដែលមានទឹកប្រាក់ប្រមាណជិត៥០០លានដុល្លារនេះ ក្នុងនោះថៃនាំចូលគ្រឿងបន្លាស់មកកម្ពុជា ដើម្បីប្រើប្រាស់តាមយានដ្ឋានជួសជុលរថយន្ដ ចំណែកកម្ពុជានាំចេញមកថៃវិញ គឺដើម្បីចូលក្នុងរោងចក្រដំឡើងរថយន្ដក្នុងប្រទេសថៃ។
លោក ជីរ៉ាវុឍ សុវណ្ណាអាត បានឲ្យដឹងថា ប្រទេសថៃជាប្រទេសដៃលទទួលការវិនិយោគពីបរទេស ក្នុងការមកបង្កើរោងចក្រផលិតរថយន្ដ និងគ្រឿងចក្រ ប្រទេសថៃបច្ចុប្បន្ននេះមានការអភិវឌ្ឍន៍យ៉ាងខ្លាំង ដោយបានផលិតរថយន្ដយ៉ាងច្រើន និងនាំចេញទូទាំងពិភពលោក។
នៅពេលដែលមានរោងចក្រផលិតរថយន្ដ ធ្វើឲ្យប្រទេសថៃមានតម្រូវការផលិតនូវគ្រឿងបន្លាស់ ដើម្បីធ្វើការតម្លើងនៅក្នុងប្រទេសថៃ។
ថ្លែងចំពោះមុខអ្នកសារព័ត៌មាន លោក ជីរ៉ាវុឍ សុវណ្ណាអាត បានបន្ដទៀតថា កន្លងមកមានម្ចាស់ក្រុមហ៊ុនគ្រឿងបន្លាស់រថយន្ដរបស់ថៃ បានធ្វើដំណើរមកប្រទេសកម្ពុជាជាច្រើនក្រុមហ៊ុន ដើម្បីសិក្សាអំពីសក្ដានុពល និងលទ្ធភាពនៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនខ្លះគេមកដោយខ្លួនឯង ហើយខ្លះទៀតមកជាមួយនឹងស្ថានទូតថៃ។
កត្តាដែលបណ្ដាលឲ្យវិនិយោគិន ថៃចង់មកវិនិយោគនៅកម្ពុជាព្រោះ ប្រទេសកម្ពុជាមានកំលាំងពលកម្មមានតម្លៃទាបជាងប្រទេសថៃ ចំណែកឯពលកររបស់កម្ពុជាដែលធ្លាប់ធ្វើកានៅប្រទេសថៃ បានត្រលប់មកប្រទេសកម្ពុជាវិញជាមួយនឹងចំណេះដឹងលើផ្នែកនេះជាច្រើន។ មួយវិញទៀតប្រជាពលរដ្ឋកម្ពុជា ជាមនុស្សដែលមានចិត្តចង់ចេះ ចង់រៀន ចង់ដឹងនូវអ្វីៗដែលថ្មីៗនេះ ហើយនេះជាភាពងាយស្រួលក្នុងាករវឹកហាត់ ឲ្យក្លាយទៅជាកម្មករដែលមានជំនាញ។
ដោយឡែកពាក់ព័ន្ធនឹង ការរៀបចំតាំងពិព័រណ៍ «គ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្ដនៅប្រទេសថៃ ឆ្នាំ២០១៨»វិញ លោកបានឲ្យដឹងថា នេះជាព្រឹត្តិការណ៍ដ៏ធំមួយដែល បានបង្ហាញឲ្យឃើញថាប្រទេសថៃ ជាមជ្ឍមណ្ឌលដ៏សំខាន់សម្រាប់ការផលិតគ្រឿងបន្លាស់នៅតំបន់អាស៊ី ហើយក្លាយទៅជាកន្លែងផលិតគ្រឿងបន្លាស់លំដាប់ថ្នាក់ពិភពលោក នាពេលអនាគត។
ការតាំងពិព័រណ៍នេះ មានពាណិជ្ជករចូលរួមចំនួន៥០០ក្រុមហ៊ុន ដែលសុទ្ធសឹងតែជារោងចក្រផលិត, នាំចេញ, ចែកចាយ, ម៉ៅការ, ផលិត OEM/REM មកពីប្រទេសថៃ, តៃវ៉ាន់, វៀតណាម, ជប៉ុន, ម៉ាឡេស៊ី, សឹង្ហបុរី, ឥណ្ឌូនេស៊ី, អ៊ីតាលី, អាឡឺម៉ង់, ចិន, មជ្ឍិមបូពា៍, អាមេរិកខាងត្បូង និងរុស្សី ដោយមានស្ដងពិព័រណ៍រាប់ពាន់ស្ដងផងដែរ។ ផលិតផល និងសេវាកម្មដែលនឹងដាក់បង្ហាញមានដូចជា៖ ផ្នែកគ្រឿងបន្លាស់ (OEM/REM) គ្រឿងបន្លាស់រថយន្ដ, សាំង, ប្រេងរំអិល, ផលិតផល និងឧបករណ៍ជួសជុល, គ្រឿងម៉ាស៊ីន, រថយន្ដ, សេវាកម្មជួសជុល និងការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាIT៕