(ភ្នំពេញ)៖ រឿងក្ដីថៅកែនាំចូលម៉ូតូវ័យក្មេងឈ្មោះ ម៉ៅ សុខទី ជាប់ចោទពីបទឆបោកប្រាក់ ជនរងគ្រោះជាច្រើននាក់ក្នុងរង្វង់ទឹកប្រាក់ជាងកន្លះលានដុល្លារ តាមរយៈទទួលលុយ យកទៅទិញម៉ូតូឲ្យ តែទីបំផុតយកលុយទៅបាត់ ម៉ូតូមិនឃើញប្រគល់អោយ រហូត មកដល់ពេលនេះ មានរយៈពេលជិតកន្លះឆ្នាំហើយ ចៅក្រមនៅមិនទាន់ចាត់ការ និងពន្លឿន សំណុំរឿងនេះនៅឡើយទេ តែបែរជាលិចឮព័ត៌មានចេញមកក្រៅថា បច្ចុប្បន្នភាគីជាប់ចោទ កំពុងរត់ការសុំនៅក្រៅឃុំទៅវិញ។

សូមបញ្ជាក់ថា ជនជាប់ចោទឈ្មោះ ម៉ៅ សុខទី ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះ លេខ២២ ផ្លូវលេខ១៩២ ក្រុមទី៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក មានមុខរបរបើកហាងលក់គ្រឿងតុបតែងម៉ូតូ និងរកសុីនាំចូលម៉ូតូពីប្រទេសថៃ យកមកលក់ឲ្យម៉ូយ ទិញយកទៅលក់រាយនៅក្នុងក្រុងភ្នំពេញ ត្រូវបានអ្នកទិញម៉ូតូយកទៅលក់បន្តចំនួន៤រូប ដាក់ពាក្យបណ្ដឹងទៅតុលាការកាលពីខែតុលា ឆ្នាំ២០១៧កន្លងទៅនេះ ពីបទក្បត់ទំនុកចិត្តដែលមានទឹកប្រាក់រហូតដល់ទៅជាង៥០មុឺនដុល្លារសហរដ្ឋអាមេរិក។

ក្នុងនោះបច្ចុប្បន្នជនជាប់ចោទកំពុងស្ថិតនៅក្នុងការឃុំខ្លួនជាបណ្ដោះអាសន្ន នៅពន្ធនាគារប៉េហ្សុី បន្ទាប់ពីជនរងគ្រោះផ្សេងទៀត ប្ដឹងពីបទឆបោកប្រាក់ដូចគ្នានេះដែរ ក្នុងរង្វង់ទឹកប្រាក់៥មុឺនដុល្លារ ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅតុលាការចោទប្រកាន់ និងសំរេចឃុំខ្លួនជាបណ្ដោះអាសន្នរួចមក។ 

តាមការអះអាងពីភាគីជនរងគ្រោះដែលធ្វើដំណើរមកដល់ការិយាល័យនិពន្ធអង្គភាពព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ បានរៀបរាប់ឲ្យដឹងថា កន្លងមកពួកខ្លួន និងជនជាប់ចោទឈ្មោះ ម៉ៅ សុខទី គឺជាមនុស្សស្គាល់ និងរកសុីជាមួយគ្នា ដោយឈ្មោះនេះជាអ្នករកសុីទិញម៉ូតូយកមកលក់ឲ្យពួកខ្លួន។

ក្នុងនោះពីមុនៗមករាល់ពេលដែលខ្លួនអោយលុយទៅគឺមួយអាទិត្យ ឬ១០ថ្ងៃ ឈ្មោះ ម៉ៅ សុខទី តែងតែប្រគល់ម៉ូតូមកឲ្យពួកខ្លួនទៅតាមកាលកំណត់មិនដែលមានបញ្ហាអ្វីនោះទេ តែនៅកំឡុងខែកក្កដា ឆ្នាំ២០១៧ ខណៈពួកខ្លួនកាន់តែមានការទុកចិត្តក៏បានប្រគល់លុយឲ្យទៅឈ្មោះ ម៉ៅ សុខទី សរុបចំនួន ៥៤៦.៣៦៩ដុល្លារស្មើ នឹងចំនួនម៉ូតូ៣៨៧គ្រឿង។ តែតាំងពីប្រគល់លុយឲ្យឈ្មោះ ម៉ៅ សុខទី នេះ មិនបានប្រគល់ម៉ូតូមកឲ្យពួកខ្លួននោះទេ ហើយចេះតែយកលេសនេះលេសនោះពន្យារពេលប្រគល់ម៉ូតូ ហើយចុងក្រោយគេចវេះតែម្ដង ទើបពួកខ្លួនសម្រេចដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីចាត់ការតាមច្បាប់។

មិនតែប៉ុណ្ណោះភាគីរងគ្រោះបានដឹងថា កន្លងមកទឹកប្រាក់ ដែលឈ្មោះ ម៉ៅ សុខទី បោកយកទៅគឺមានពាក់ព័ន្ធជាមួយឪពុកម្ដាយ និងឈ្មោះ ប៊ុន វុទ្ធសុនីតា ដែលជាអ្នករកសុីផ្ទាល់ជាមួយទៀតផង។ ក្នុងនោះក្រោយមកឈ្មោះ ម៉ៅ សុខទី ក៏ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃធ្វើការឃាត់ខ្លួន​បញ្ជូនទៅតុលាការ​យោងទៅតាមបណ្ដឹង ពីភាគីរងគ្រោះផ្សេងទៀតដែលបានដាក់បណ្ដឹងពីបទឆបោកប្រាក់ខ្ទង់រង្វង់៥មុឺនដុល្លារ ហើយត្រូវបាន​ព្រះរាជអាជ្ញា​សំរេចធ្វើការចោទប្រកាន់ និងចៅក្រមសើុបសួរសំរេចឃុំខ្លួនជាបណ្ដោះ អាសន្នរួចមកហើយ។

ចំណែកសំណុំរឿងរបស់ពួកយើងខ្ញុំ បច្ចុប្បន្នកំពុងស្ថិតនៅក្នុងដៃលោក ចៅក្រម ថាន់ ឡេង ជាអ្នកកាន់ដែលមានសំណុំរឿងព្រហ្មទណ្ឌ​លេខ៦៤៩៦ ចុះថ្ងៃទី១៦ ខែ១០ ឆ្នាំ២០១៧ តែរហូតមកដល់ពេលនេះ មានរយៈពេលជិត៥ខែហើយ គេនៅមិនទាន់ឃើញលោកចៅក្រម បញ្ចប់នីតិវិធីសើុបអង្កេតដើម្បីដាក់ចូលជំនុំជំរះនៅឡើយទេ បើទោះបីកាលពីខែធ្នូ ឆ្នាំ ២០១៧ កន្លងទៅ លោកចៅក្រម វ៉េង ហ៊ត់ សំរេចចេញដីកាសំរេចរឹបអូសបណ្ដោះអាសន្ន មិន អោយជនជាប់ចោទធ្វើការលក់ ដូរ ផ្ទេរ...នៅទីតាំងផ្ទះលេខ២០c ផ្លូវលេខ១៩២ និងមូលនិធិ ពាណិជ្ជកម្ម ទំនិញផលិតផល និងចលនទ្រព្យទាំងឡាយ នៃអាជីវកម្មឈ្មោះ Dreambike Store (DBS) ដែលមានទីតាំងនៅផ្ទះលេខ២០c ផ្លូវលេខ១៩២ ភូមិ៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រួចហើយក៏ដោយ។មិនតែប៉ុណ្ណោះ នៅប៉ុន្មានថ្ងៃនេះ បែរជាលិចឮព័ត៌មានចេញពីតុលាការ និងពី សាច់ញាតិជនជាប់ចោទថា តុលាការនឹងអនុញ្ញាតឲ្យជនជាប់ចោទបាននៅក្រៅឃុំជាបណ្ដោះ អាសន្នតាមរយៈការដាក់ប្រាក់ធានា។

ការលិចឮព័ត៌មានការអនុញ្ញាតឲ្យជនជាប់ចោទបាននៅក្រៅឃុំនេះ បានធ្វើអោយភាគីជន រងគ្រោះទាំង៤នាក់មានការព្រួយ​បារម្ភយ៉ាងខ្លាំង ព្រោះប្រសិនបើជនជាប់ចោទត្រូវបានតុលាការ អនុញ្ញាតឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្នមែន នោះនឹងអាចធ្វើអោយប៉ះពាល់ដល់ការសើុប អង្កេតរឿងក្ដី រួមទាំងអាចធ្វើអោយប៉ះពាល់ដល់ផលប្រយោជន៏ដើមបណ្ដឹងដែលជាភាគីជនរងគ្រោះ ទៀតផង។

ដូច្នេះហើយទើបពួកគាត់សំណូមពរសូមកុំអនុញ្ញាតអោយជនជាប់ចោទនៅក្រៅឃុំឲ្យសោះ រួមទាំងសំណូមពរសូមអោយលោកចៅក្រមសើុបអង្កេតជួយពន្លឿនសំណុំរឿងនេះឲ្យបានឆាប់ផង ព្រោះថវិការបស់ពួកគាត់ដែលត្រូវជនជាប់ចោទខាងលើឆបោកយកទៅ គឺជាប្រាក់ដែលបានមកពីការខ្ចីចងការគេយកមករកសុីតែប៉ុណ្ណោះ មិនមែនជាប្រាក់ផ្ទាល់ខ្លួននោះឡើយ ហើយបច្ចុប្បន្នពួកគាត់កំពុងប្រឈមជាមួយម្ចាស់បំណុលទាំងដើម ទាំងការប្រាក់ថែមទៀត៕