Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រធានកីឡាកាយសម្ព័ន្ធកម្ពុជា ប្ដេជ្ញាយកជ័យជំនះជូនជាតិពីការប្រកួតស៊ីហ្គេម២០១៩ និង ២០២១ ពិសេសស៊ីហ្គេម ២០២៣

14-03-2018 20:58

(ភ្នំពេញ)៖ អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាន់ណា បានប្រកាសប្ដេជ្ញាថា កីឡាករកាយសម្ព័ន្ធកម្ពុជាប្រាកដជាយកជ័យជំនះ និងមេដាយជូនជាតិពីការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅហ្វីលីពីន និងស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម មុនឈានទៅដណ្ដើមជ័យជំនះក្នុងកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមជាម្ចាស់ផ្ទះ។

ថ្លែងប្រាប់អ្នកសារព័ត៌មាននាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ លោក ណយ ផាន់ណា បានឲ្យដឹងថា បច្ចុប្បន្ននេះ សហព័ន្ធកីឡាកាយសម្ព័ន្ធរបស់លោក កំពុងបង្វឹកបន្ថែមដល់កីឡាករឆ្នើមជាច្រើននាក់ ក្រោយឆ្លងកាត់ការប្រកួតជ្រើសរើស កាលពីពេលកន្លងទៅ។ តទៅមុខទៀត សហព័ន្ធនឹងបញ្ជូនកីឡាករឆ្នើមចំនួន១៨នាក់ ទៅបង្វឹកឲ្យបានខ្លាំងក្លានៅខេត្តណាននីង ប្រទេសចិន ខណៈភាគីចិនកំពុងពិភាក្សាលើបញ្ហាទទួលកីឡាករកាយសម្ព័ន្ធកម្ពុជា៨-១០នាក់ នៅចុងឆ្នាំ២០១៨នេះ យកទៅហ្វឹកហាត់រយៈពេល៣-៤ឆ្នាំ មុនត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ មួយវិញទៀត ប្រទេសជប៉ុនក៏បានសន្យាជួយសម្ភារហ្វឹកហាត់មួយចំនួន ដល់កីឡាករកម្ពុជាផងដែរ សម្រាប់ប្រើប្រាស់ក្នុងពេលហ្វឹកហាត់នៅប្រទេសចិន។

ត្រង់ចំណុចនេះ លោកបានកើតសរសើរថា ក្លឹបដែលកម្ពុជានឹងបញ្ជូនកីឡាករទៅហ្វឹកហាត់នោះ ជាក្លឹបលំដាប់កំពូលក្នុងប្រទេសចិន។

លោកបានបន្តថា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០១៩ នៅប្រទេសហ្វីលីពីន និងស៊ីហ្គេម ២០២១ នៅប្រទេសវៀតណាម ដាច់ខាតកម្ពុជាត្រូវតែយកជ័យជំនះឲ្យបា​ន ទោះមេដាយមាស មេដាយប្រាក់ ឬមេដាយសំរឹទ្ធក៏ដោយ ទើបកម្ពុជាអាចស្ទាបស្ទង់ដឹងអំពីលទ្ធផល នៅពេលព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ មកដល់។ លោកថា សម្រាប់ស៊ីហ្គេមនៅហ្វីលីពីន កម្ពុជានឹងបញ្ជូនកីឡាករកាយសម្ព័ន្ធចូលរួមចំនួន ៣នាក់ និង ៦នាក់ សម្រាប់ស៊ីហ្គេមនៅវៀតណាម។

ងាកមកការត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣វិញ ត្រូវបានលោក ណយ ផាន់ណា បញ្ជាក់ទៀតថា កម្ពុជាត្រូវការកីឡាករកាយសម្ព័ន្ធជម្រើសជាតិ ទាំងឈុតធំ និងឈុតតូចយ៉ាងតិច២០នាក់ ឬច្រើនជាងនេះ ដើម្បីអាចដណ្ដើមជ័យជំនេះជូនជាតិបាន។

ក្នុងកិច្ចសម្ភាសន៍នោះ អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជារូបនេះ តែងទទួលបានការជួយជ្រោមជ្រែងពីរាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន នីងកីឡា ប៉ុន្តែលោកក៏បានបង្ហើបដែរថា សហព័ន្ធលោកនៅត្រូវការរណ្ដៅភីតមួយទៀត សម្រាប់ហ្វឹកហាត់កីឡាករ ដែលត្រូវការថវិកាចំនួនជាង២ម៉ឺននាក់ ខណៈដែលលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកឧកញ៉ា សុខ ហុង កំពុងជួយជ្រោមជ្រែង និងស្វែងរកជំនួយឧបត្ថម្ភបន្ថែម៕