(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡងថា គ្មានសន្តិភាព ប្រទេសជាតិ ក៏គ្មានការអភិវឌ្ឍរីកចម្រើនដែរ ដែលនេះជាសច្ចភាពសង្គមមួយ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានខិតខំប្រឹងប្រែងអភិឌ្ឍប្រទេសជាតិ ពីទីក្រុង រហូតដល់ជនបទ ដើម្បីលើកតម្កើនកម្រិតជីវភាពប្រជាជន នៅតាមតំបន់ដាច់ស្រយាល ឲ្យមានជីវភាពសមរម្យ។

នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ លោកអភិបាលខេត្ត និងមន្រ្តីជំនាញ បានចុះទៅពិនិត្យមើលដំណើរការសាងសង់ប្រព័ន្ធស្រោចស្រពទំនប់អាងទឹកអូរតោង ស្ថិតនៅក្នុងភូមិ អូរតោង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នៅក្នុងឱកាសនោះលោកក៏បានជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋប្រមាណជាង២៥០នាក់រស់លើកខ្នងទំនប់អូរតោងផងដែរ។

លោក វ៉ី សំណាង បានថ្លែងថា «បើប្រទេសជាតិយើង គ្មានសុខសន្តិភាព រាជរដ្ឋាភិបាល ក៏គ្មានឱកាសអភិវឌ្ឍន៍ប្រទេស តាំងពីទីក្រុង រហូតដល់សហគមន៍ ពលរដ្ឋតាមជើងភ្នំដូច្នេះដែរ។ ដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នា ថែរក្សាសន្តិភាពដ៏កម្រមួយឲ្យបានស្ថិតស្ថេរ។ ក្រោយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្រោមការខិតខំលះបង់កម្លាំងកាយ ចិត្តស្មារតីរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងអភិវឌ្ឍន៍រីកចម្រើនជួនប្រជាពលរដ្ឋគ្រប់ច្រកល្ហក ជាក់ស្តែងតំបន់នេះកាលពីអតីតកាល ជាតំបន់អប្បគមន៍ អសន្តិសុខ ជាតំបន់ប្រយុទ្ធ បង្ហូរឈាមខ្មែរ និងខ្មែរ ហើយក៏ជាតំបន់ពោពេញទៅ ដោយគ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះ វាបានកប់ក្នុងដី ហើយបានផ្ទុះឆក់យកជីវិតមនុស្ស សត្វស្ទើររៀងរាល់ថ្ងៃ»

ផ្ទុយទៅវិញតំបន់នេះបច្ចុប្បន្ន តំបន់នេះបានប្រែក្លាយជាតំបន់អភិវឌ្ឍន៍ មានទាំងផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព វិទ្យុ ទូរទស្សន៍ ទូរស័ព្ទទំនើបៗ អាចលេង FB, Telegrame, what’sapp, You tube ដែលអាចទទួលព័ត៌មានបានគ្រប់បែបយ៉ាង។ ដូច្នេះសូមបងប្អូនកុំជឿរតាមការ អូសទាញរបស់ជនជ្រុលនិយមមួយក្តាប់តូច បំផុសបំផុលធ្វើឲ្យសង្គមជាតិ អស្ថេរភាព ដើម្បីប្រយោជន៍របស់បុគ្គល និងមហិច្ចតារបស់បក្សខ្លួននោះឡើយ។

គូបញ្ជាក់ផងដែរថា ការសាងសង់ឡើងវិញប្រព័ន្ធស្រោចស្រពទំនប់អាងទឹក អូរតោង នៅពេលនេះ គឺក្នុងគោលបំណង ដើម្បីស្តុកទឹកទុកសម្រាប់ផ្គត់ផ្គង់ឲ្យការបង្កបង្កើនផលលើផ្ទៃដីជាង ១ពាន់ហិកតា និងការប្រើប្រាស់ប្រចាំថ្ងៃ នៅក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ និងឃុំអមលាំង ឃុំប្រាំបីមុំ ស្រុកថ្ពង។ ការងារដែលត្រូវអនុវត្តនៅក្នុងការសាងសង់ឡើងវិញនេះរួមមាន៖ សាងសង់ឡើងវិញទំនប់អាងទឹក ប្រវែង ១.៧០០ម៉ែត្រ សាងសង់ និងជួសជុលសំណង់សិល្បការ សរុបចំនួន៤កន្លែង៕