(ពោធិ៍សាត់)៖ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា សព្វថ្ងៃគ្រប់គ្នាសេចក្តីសុខអាស្រ័យ លើប្រទេសជាតិមានសុខសន្តិភាព ហើយសុខសន្តិភាព គឺជាកត្តានាំមកនូវការអភិវឌ្ឍន៍ និងរីកចម្រើន។
ការថ្លែងបែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែល លោកអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំឥស្លាមជាគណៈអ៊ីម៉ាំខេត្ត ក្រុង ស្រុក ហាគិម លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ និងយុវជនសម្ព័ន្ធយុវជនមុស្លិមកម្ពុជា (CMYA) មកពីទូទាំងខេត្តពោធិ៍សាត់ នៅឯវិហារឥស្លាមភូមិរលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។
ថ្លែងទៅកាន់សហគមន៍ខ្មែរឥស្លាមអ្នកខេត្តពោធិ៍សាត់ លោក អូស្មាន ហាស្សាន់ ក៏បានលើកឡើងដែរថា ការដែលកម្ពុជារក្សាបាននូវសុខដមបនីយកម្ម មកដល់សព្វថ្ងៃ វាមិនមែនកើតឡើងដោយចៃដន្យនោះទេ តែវាកើតឡើងដោយសារតែកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះដែរគ្រប់វិស័យទាំងអស់ បាននិកកំពុងយកចិត្តទុកដាក់កសាង និងស្តារឲ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
តួយ៉ាងវិស័យអប់រំ ជាវិស័យអទិភាពមួយ ក្នុងចំណោមវិស័យអទិភាពនានាជាច្រើនទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងផ្តោតការយកចិត្តទុកដាក់ លើវិស័យនេះ ជាពិសេសការដាក់ចេញនូវយុទ្ធសាស្រ្តនានា ដើម្បីវិស័យមួយនេះកាន់តែរីកចម្រើនឡើង ជាមួយវិស័យផ្សេងៗទៀត ក្នុងនោះដូចជាការតំឡើង ប្រាក់បៀវត្សគ្រូ និងមន្ត្រីក្រសួង ការកែសម្រួលសម្រួលើកកំពស់ស្តង់ដារកម្មវិធីសិក្សា តាមគ្រឹះស្ថានសិក្សារបស់រដ្ឋ និងបើកទូលាយកំណើនគ្រឹះស្ថាន សិក្សាអប់រំឯកជន បង្កើនការសាងសង់អាគារសិក្សាជាបន្តបន្ទាប់ជូនសហគមន៍ ជាពិសេសនៅតំបន់ជនបទដាច់ស្រយាល គឺរដ្ឋាភិបាលកំពុងអនុវត្តវិធានការ បង្ខិតគ្រឹះស្ថានសិក្សាគ្រប់កម្រិតឲ្យនៅជិតនឹងប្រជាពលរដ្ឋ។
ដោយឡែកសម្រាប់សហគមន៍ខ្មែរឥស្លាមឯនេះវិញ គឺបានទទួលនូវការរ៉ាប់រង និងផ្តល់ជូនគ្រប់បែបយ៉ាង និងគ្រប់វិស័យពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះវិស័យអប់រំ នៅសហគមន៍ខ្មែរឥស្លាម ក៏ជាវិស័យចម្បងក្នុងចំណោមវិស័យនានា ដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ មិនដែលមើលរំលង ក្នុងគោលបំណងឲ្យវិស័យមួយនេះដើរឲ្យមានតុល្យភាព ជាមួយមជ្ឍដ្ឋានទូទៅ ជាក់ស្តែងថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសប្រគល់ជូនអាគារសិក្សាជាច្រើនខ្នង រាប់សិបបន្ទប់នៅតាមខេត្ត និងតំបន់ដាច់ស្រយាល បន្ទាប់ពីការដាក់បញ្ចូលគ្រូខ្មែរឥស្លាម១៥០០នាក់ ទៅក្នុងក្របខណ្ឌក្រសួងអប់រំយុវជននិងកីឡា កាលពីឆ្នាំ២០១៥កន្លងទៅ។
លោក អូស្មាន ហាស្សាន់ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋខ្មែរឥស្លាមទាំងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ត្រូវបន្តដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការដឹងគុណចំពោះប្រមុខថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ជាអ្នកដែលបានរំដោះជីវិតលោក និងប្រជាពលរដ្ឋកម្ពុជាទាំងមូលពីថ្លុកឈាមសង្គ្រាមរ៉ាំរ៉ៃ ដែលធ្លាប់បានអូសបន្លាយរាប់ទស្សវត្ស ជាពិសេសត្រូវរក្សាគោលជំហរតែមួយប្តូរផ្ដាច់គាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
លោកក៏បាននាំនូវថវិកាមួយចំនួន ចែកជូនដល់ប្អូនៗសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ និងគណៈអ៊ីម៉ាំខេត្ត ក្រុង ស្រុក សរុប១៥១នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាម្នាក់២០,០០០ រៀល ឧបត្ថម្ភវិហារឥស្លាមភូមិបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់១,៤០លានរៀល និងចូលរួមស៊ីម៉ង់ត៍ដល់វិហារ ស៊ូរ៉ាវចំនួន៥ក្នុងខេត្តពោធិ៍សាត់ សរុប១៩តោន និងការ៉ូ១៩៥កេះ៕