(ភ្នំពេញ)៖ ពីប្រទេសណូវ៉ែហ្សេឡង់ និងប្រទេសអូស្ដ្រាលី ដែលកំពុងរស់នៅ និងសិក្សានៅទីនោះ ពលរដ្ឋ និងនិស្សិតខ្មែរជាច្រើននាក់ បាននាំគ្នាប្រកាសត្រៀមទទួលស្វាគមន៍ យ៉ាងកក់ក្ដៅជាទីបំផុត និងស្ម័គ្រចិត្តចេញពីក្រអៅបេះដូង ដើម្បីត្រៀមទទួលស្វាគមន៍ចំពោះវត្តមាន នាយករដ្ឋមន្ដ្រីនៃកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ដ្រាលី ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨នៅទីក្រុងស៊ីដនី។
ទាំងប្រជាពលរដ្ឋ និងនិស្សិតទាំងអស់បានទាត់ចោល និងបដិសេធទាំងអស់ចំពោះការចោទប្រកាន់ ការលាបពណ៌ពីសំណាក់បុគ្គលនយោបាយ និងក្រុមប្រឆាំងមួយចំនួនតូច ដែលអះអាង និងប្រឌិតរឿងថា អ្នកដែលត្រៀមជួបសំណេះសំណាលជាមួយ ប្រមុខនៃរាជរដ្ឋាភិបាលនោះ នឹងទទួលបានថវិកា។
សម្រាប់ពលរដ្ឋ និងនិសិ្សតដែលស្ថិតនៅប្រទេសណូវ៉ែហ្សេឡង់ ពួកគេនឹងជិះយន្ដហោះចំណាយលុយដោយផ្ទាល់ខ្លួន ឆ្ពោះទៅកាន់ទីក្រុងស៊ីដនី ប្រទេសអូស្ដា្រលីដើម្បីចូលរួមស្វាគមន៍ និងកម្មវិធីសំណេះសំណាលជាមួយនាយករដ្ឋមន្ដ្រីនៅប៉ុន្មានថ្ងៃខាងមុខនេះ។
និស្សិតម្នាក់ឈ្មោះ អន អ៊ាវតុង កំពុងសិក្សានៅទីក្រុងអាឡឺឡែត ប្រទេសអូស្ដ្រាលី បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ត្រៀមស្វាគមន៍ការមកដល់ របស់សម្ដេចតេជោ ហ៊ុន សែន។ យុវជនជានិស្សិតខ្មែររូបនេះ បានបញ្ជាក់ពីអារម្មណ៍ចេញពីបេះដូងរបស់ខ្លួនយ៉ាងដូច្នេះថា «ខ្ញុំសិក្សានៅទីនេះ គឺទឹកចិត្តរបស់ខ្ញុំផ្ទាល់ ខ្ញុំគាំទ្រសម្ដេច គាត់អត់មានបានជួលខ្ញុំទេ គឺខ្ញុំស្ម័គ្រចិត្តខ្លួនឯង ថវិកាខ្លួនឯង ខ្ញុំចូលរួមដោយទឹកចិត្តខ្ញុំផ្ទាល់ [...] ខ្ញុំ និងពលរដ្ឋនៅទីនេះ មានមោទនភាពដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញមកទស្សនកិច្ចនៅប្រទេសអូស្ដ្រាលី»។
មិនខុសគ្នាប៉ុន្មានឡើយ ប្រជាពលរដ្ឋខ្មែរនៅប្រទេសណូវ៉ែលហ្សេឡង់ ប្រកាសថា នឹងចូលរួមទទួលស្វាគមន៍សម្ដេចតេជោ ហ៊ុន សែន ដែលអញ្ជើញមកប្រទេសអូស្ដ្រាលី។ «ពួកយើងទាំងអស់គ្នា នឹងចូលរួមស្វាគមន៍សម្ដេច នៅទីក្រុងស៊ីតនី ប្រទេសអូស្ដ្រាលី ដើម្បីជាការបង្ហាញភាពសាមគ្គីគ្នារវាងប្រជាជនខ្មែរ ញូហ្សែលែន ប្រទេសអូស្ដ្រាលីដោយមានការគោរព និងស្រលាញ់សម្ដេច ដែលបានមានគុណបំណាច់លើពួកខ្ញុំទាំងអស់គ្នា»។
ស្រដៀងគ្នានេះ ពលរដ្ឋខ្មែរជាច្រើននាក់ផ្សេងទៀត រស់នៅទីក្រុងហាមិនតុន ណូវ៉ែលហ្សេឡង់ ក៏បានត្រៀមខ្លួនរួចជាស្រេចជិះយន្ដទៅកាន់ទីក្រុងស៊ីដនី ត្រៀមស្វាគមន៍មេដឹកនាំរបស់ខ្លួន គឺសម្ដេចតេជោ ហ៊ុន សែន និងគណៈប្រតិភូ។
ដោយឡែកពលរដ្ឋខ្មែរ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ដ្រាលី បន្ទាប់ពីទទួលបានព័ត៌មានថា សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំ នៅទីក្រុងស៊ីដនី បានប្រកាសថា ពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលស្វាគមន៍សម្ដេច មិនដូចក្រុមប្រឆាំងមួយចំនួនដែលបានលាបពណ៌ពលរដ្ឋថា សម្ដេចបានផ្ដល់លុយ៦០០ដុល្លារ ដើម្បីជួលពួកគេចូលរួមនោះទេ។
ដូចគ្នានឹងពលរដ្ឋខាងលើ និស្សិតខ្មែរដែលកំពុងសិក្សានៅប្រទេសអូស្ដ្រាលី បានបញ្ជាក់ថា រូបគេនឹងចូលរួមទទួលស្វាគមន៍សម្ដេច ចេញពីក្រអៅបេះដូង មិនមានការទិញ ឬជួលពីនរណាម្នាក់ ឬគំរាមកំហែងថាត្រូវតែចូលរួមនោះទេ ពោលដោយសារពួកគេគោរព និងស្រលាញ់សម្ដេច ទើបចូលរួមកម្មវិធីសំណេះសំណាលជាមួយសម្ដេច និងទទួលបាយសាមគ្គី។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី តបតាមការអញ្ជើញរបស់ លោក ម៉ាល់កុម ធឺនប៊ុល (Malcolm Turnbull) នាយករដ្ឋមន្រ្តីអូស្រា្តលី។
បើតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជជាតិ បានបន្ថែមថា នៅក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រា្តលី សម្តេចតេជោនាយករដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្រ្តីអូស្រ្តាលី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាងអាស៊ាន និងអូស្រា្តលី ស្តីពីកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ ដោយលោក ប៉េហាំង ដាតូ លីម ជុក ហ័យ អគ្គលេខាធិការអាស៊ាន និងលោកស្រី ជូលី ប៊ីហ្សប រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី។
ថ្នាក់ដឹកនាំនឹងទទួលជួបដោយឡែកពីគ្នា ជាមួយនិស្សិតអូស្រ្តាលីដែលកំពុងសិក្សា នៅប្រទេសសមាជិកអាស៊ាន ក្រោមផែនការកូឡុមបូថ្មី និងនិស្សិតប្រទេស សមាជិកអាស៊ាន ដែលកំពុងសិក្សានៅអូស្ត្រាលី តាមរយៈអាហារូបករណ៍របស់អូស្រ្តាលី។
សេចក្ដីប្រកាសព័ត៌មានបន្ថែមថា ក្នុងអំឡុងពេលស្នាក់នៅប្រទេសអូស្រ្តាលី សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញទៅទស្សនាវិមានអូប៉េរ៉ាស៊ីដនី ទទួលជួបសហគមន៍ខ្មែរនៅអូស្រ្តាលី និងជួបជាមួយនិស្សិតកម្ពុជា និងអតីតនិស្សិតអូស្រ្តាលីផងដែរ៕