(ស្វាយរៀង)៖ ពលរដ្ឋរស់នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ក៏ដូចជា អ្នកធ្វើដំណើរតាមផ្លូវជាតិលេខ១៣ ឆ្លងកាត់ស្ពានទឹកវិល ស្ថិតក្នុងឃុំកំពង់ត្រាច មានការឆ្ងល់យ៉ាងខ្លាំងចំពោះឈ្នក់ដុះស្លែជាច្រើនកន្លែង ដែលគេសម្រាប់ចាប់ត្រីជាខណៈទ្រុងទ្រាយធំ មិនមែនជាការនេសាទ ជាលក្ខណៈគ្រួសារនោះទេ ហើយអ្វីដែលសំខាន់នោះ គឺអាជ្ញាធរស្រុកប្រាប់ថា ពុំមានផលប៉ះពាល់ដល់ពូជត្រីក្នុងទន្លេនោះទេ បើទោះបីជាដាក់ខួបប្រាំងខួបវស្សាក៏ដោយ។
បើតាមប្រភពពលរដ្ឋរស់នៅជិតផ្សារកំពង់ត្រាច បានប្រាប់ក្រុមអ្នកព័ត៌មាន ឲ្យដឹងថា ការនេសាទត្រីដោយឈ្នក់ គឺគេទន្លាក់ចុះទឹកនៅពេលព្រឹក ហើយពេលយប់ គឺគេចាប់ផ្តើមលើកសៃយឺនឡើង ដោយមានជាប់ត្រីស្ទើគ្រប់ប្រភេទជាពិសេស គឺត្រីធំដែលមានតម្លៃគេយកទៅលក់ឲ្យជនជាតិវៀតណាម។
ប្រភពខាងលើបានបន្តទៀតថា ត្រីធំៗមិនដែលបានលក់ក្នុងស្រុកនោះទេ ហើយឈ្នក់នេះ ជាប់ទាំងត្រីតូចៗទើបញាស់ក៏មិនរួចដែរ។ ទន្លេកំពង់ត្រាចនេះ តាមអះអាងពីពលរដ្ឋខាងលើ គឺមានប្រភេទត្រីម្យ៉ាងដែលមានតម្លៃនឹកស្មានពុំដល់ ត្រីនោះមានឈ្មោះ ត្រីខ្លា ដែលទង្ងន់កន្លះគីឡូ មានតម្លៃ១៥០០ដុល្លារ ហើយត្រីខ្លានេះជនជាតិវៀតណាមទិញយកទៅលក់បន្តដល់ប្រទេសចិនឯនោះ ដែលបានតម្លៃថ្លៃហើយសូម្បីតែកូនត្រីតូចៗក៏ចាប់លក់បានដែរ។
បើតាមលោក ពេញ ជា អភិបាលស្រុកបានប្រាប់ថា ការដាក់ឈ្នក់នេះ គឺខាងស្រុកបានចុះណែនាំ២ទៅ៣ដងរួចហើយ ចំណែកការដាក់ឈ្នក់នេះដែរ ដូចជាគ្មានផលប៉ះពាល់អ្វីនោះទេ។
ពាក់ព័ន្ធទៅនិងការដាក់ឈ្នក់នេះផងដែរ លោក សេង គ្រី នាយខណ្ឌរដ្ឋបាលជលផលខេត្តស្វាយរៀង បានប្រាប់ភ្នាក់ងារ Fresh News តាមទូរស័ព្ទឲ្យដឹងថា ការដាក់ឈ្នក់របស់ពលរដ្ឋនោះ បើជាក្រឡាស្បៃមុងអមនោះគឺខុសច្បាប់ ហើយចំណែកការដាក់ឈ្នក់នេះតាមច្បាប់ គឺលើផ្ទៃទឹកទុកចន្លោះ២០ទៅ៣០ម៉ែត្រ សម្រាប់ទូកធ្វើចរាចរណ៍បើដាក់ពេញផ្ទៃ គឺខុសច្បាប់ហើយ។
លោកនឹងចុះពិនិត្យមើលថាឈ្នក់ ដែលពលរដ្ឋដាក់នោះជាប្រភេទណា បើការពិនិត្យឃើញថា វាខុសច្បាប់លោកនឹងចាប់អូសរឹបយកតែម្តង ព្រោះវាខុសច្បាប់ហើយ និងចុះពិនិត្យក្នុងពេលឆាប់ៗនេះ៕