(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ថា នៅល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ជនសង្ស័យចំនួន២នាក់ហើយ ដែលបានចូលរួមប្រើហិង្សា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅក្បែរមន្ទីរពេទ្យលោកសង្ឃ។
ដោយឡែក នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលលោក ប៊ុត សត្យា ក៏បានបញ្ជាក់ផងដែរ ជនសង្ស័យទាំង២នាក់ ត្រូវបានចាប់ខ្លួននៅម្តុំឈូកទិព្ទ ខណ្ឌទួលគោក ហើយនៅពេលនេះកំពុងសួរនាំ ដើម្បីចាត់ការបន្តទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ លោកសាស្ដ្រាចារ្យបណ្ឌិត ស៊ុយ សារ៉េត ដែលជាគ្រូបង្រៀន នៅសាកលវិទ្យាល័យកម្ពុជា ត្រូវបានមនុស្សមួយក្រុម ខ្លះប្រដាប់ដោយដុំថ្មធំៗ ឈើ ព្រួតវាយរងរបួសយ៉ាងធ្ងន់ធ្ងរ ហូរឈាមឡើងជោគអាវ និងបំផ្លាញរថយន្ដខូចខាតយ៉ាងខ្លាំង ព្រោះតែខឹងលោកបើករថយន្ដបុករះនៅតាមផ្លូវ។
ជាមួយគ្នានេះបើតាមការសាកសួរជាជំហ៊ានដំបូង នៅក្នុងព្រឹត្តិការណ៍កាលពីម្សិលមិញនេះ លោក ស៊ុយ សារ៉េត បានបាត់បង់ថវិកាជិត៣០០០ដុល្លារ និងទូរស័ព្ទចំនួន២គ្រឿងផងដែរ។
ក្រោយមានព្រឹត្តិការណ៍នេះកើតឡើង នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ពាក់ព័ន្ធករណីនេះលោកបានចេញបញ្ជាឲ្យសមត្ថកិច្ច ស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលបានវាយប៉ងសម្លាប់ និងកម្ទេចរថយន្តជនរងគ្រោះ មកដាក់ទោសតាមច្បាប់។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បញ្ជាក់ថា ករណីគ្រោះថ្នាក់នេះអ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ ដែលរត់គេចពីកន្លែងកើតហេតុ គឺច្បាប់ជាអ្នកអនុវត្ត ប៉ុន្តែចំពោះអ្នកដែលវាយអ្នកបើកបរ ក៏ត្រូវតែទទួលទោសផងដែរ ព្រោះវាជាអំពើអសីលធម៌ក្នុងសង្គម និងមិនគួរឲ្យមានកើតឡើងក្នុងរូបភាពបែបនេះទៀត។
លោកស្នងការបញ្ជាក់ថា «ក្នុងករណីនេះ យើងពិនិត្យឃើញថា ជាបទល្មើសជាក់ស្តែង ព្រោះវាជាបទល្មើសហឹង្សាដោយចេតនា មានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក៏មានស្ថានទម្ងន់ទោសផងដែរ ព្រោះបានបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃជាក្រុម។ ក្នុងករណីនេះដែរ ជនល្មើសដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍ ទោះជាបានរត់គេចពីកន្លែងកើតហេតុ ក៏អាស្រ័យដោយសារមានការភ័យខ្លាចអំពីក្រុមជនបង្កដែរ។ ប្រសិនបើជាគាត់បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ក៏ច្បាប់ចរាចរណ៍ផ្លូវគោកមាន អីចឹងស្ថានទម្ងន់ទោសរបស់អ្នកបើកបរបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ហើយគេចវេសពីការទទួលខុសត្រូវ ច្បាប់មានសម្រាប់ដាក់ទោសទណ្ឌ។ ...ជាទម្លាប់អសីលធម៌ក្នុងសង្គម ប្រជាពលរដ្ឋតែងតែតាំងខ្លួនជាតុលាការ ហើយធ្វើកាត់ទោសលើជនបង្ក ដោយឯកចិត្ត គឺមិនទៅតាមច្បាប់»។
នៅរសៀលថ្ងៃមិញ នាយឧត្តមសេនីយ៍ស្នងការ ក៏បានបញ្ជាក់ផងដែរថា «ឥឡូវនេះយើងបានកំណត់មុខសញ្ញា បានសាវតាជាតិគ្រប់គ្រាន់ចំនួន៤នាក់ហើយ ដែលជាជនដៃដល់ខ្លាំងបំផុត ប៉ុន្ដែពួកគេ បានរត់ចោលស្រុកអស់ហើយ (គេចចេញពីផ្ទះ) ដោយតែបណ្ដាញសង្គមរបស់យើង បានផ្សព្វផ្សាយទាំងរូបភាព និងវីដេអូពេញទឹកពេញដី ជាពិសេស តាំងពីថ្ងៃខ្ញុំដាក់បទបញ្ជាឲ្យតាមចាប់ គឺពួកគេបានដឹងខ្លួន ហើយរត់គេចតាំង ពីថ្ងៃនោះមក។ ជាមួយគ្នានេះ ខ្ញុំបាននិងកំពុងសុំដីកាពីតុលាការ ដើម្បីចាប់ខ្លួនឲ្យទាល់តែបាន»៕