(ភ្នំពេញ)៖ ក្រុមអ្នកនាំពាក្យបណ្តាអង្គភាព ចំណុះក្រសួងការពារជាតិ បាននិងកំពុងខិតខំពង្រឹងសមត្ថភាពការងារនាំពាក្យរបស់ខ្លួន ឱ្យកាន់តែជំនាញ និងមានវិជ្ជាជីវៈខ្ពស់ថែមទៀត ស្របពេលដែល ទណ្ឌិតសម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសអំពីការធ្វើចលនានៅក្នុងជួរកងយោធពលខេមរភូមិន្ទ។
ទណ្ឌិត សម រង្ស៉ី ដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេស បានប្រកាសអំពីការដាក់ចេញចលនាថ្មី នៅក្នុងជួរកងទ័ព ក្នុងពេលដែលអតីតប្រធានគណបក្សប្រឆាំងមួយនេះ បានប្រកាសជាផ្លូវការ នូវចលនាមួយឈ្មោះ «ចលនាសង្រ្គោះជាតិ» ដែលរដ្ឋាភិបាលចាត់ទុកថា ជាចលនាឧទ្ទាមក្រៅច្បាប់ ដែលមិនអាចអត់ឱនឱ្យបាន។ ក្រោយប្រកាសដាក់ចេញនូវចលនានេះ នៅលើបណ្តាញសង្គម Facebook របស់ក្រុមអ្នកប្រឆាំងដែលគាំទ្រចលនានេះ បានចាប់ផ្តើមវាយប្រហារទៅលើស្ថាប័នកងទ័ព និងនាយឧត្តមសេនីយ៍មួយចំនួនផងដែរ។
ដើម្បីឆ្លើយតបទៅនឹង វាយប្រហារតាមបណ្តាញសង្គមនេះ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ក្រសួងការពារជាតិ បានរៀបចំវគ្គបណ្តុះបណ្តាលមួយ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ស្តីពីតួនាទី និងភារកិច្ចរបស់អ្នកនាំពាក្យ នៃកងយោធពលខេមរភូមិន្ទ ដើម្បីចែករំលែកបទពិសោធន៍ និងពង្រឹងសមត្ថភាពដល់ក្រុមអ្នកនាំពាក្យបន្ថែមទៀត។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ ដោយមានការចូលរួមពីវាគ្មិនអ្នកនាំពាក្យ មកពីស្ថាប័នមួយចំនួនផងដែរ។
នាយឧត្តមសេនីយ៍បណ្ឌិត នាង ផាត បានលើកឡើងថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងតួនាទី និងភារកិច្ចរបស់អ្នកនាំពាក្យ។ លោកបានរំលេចថា ក្រុមអ្នកប្រឆាំងក្រៅច្បាប់ នៅមិនទាន់រលត់ទាំងស្រុងនោះទេ ពួកគេបានធ្វើសកម្មភាពជាបន្តបន្ទាប់ ដើម្បីវាយប្រហារលើកងទ័ព។
នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្មានថ្ងៃនេះ យើងឃើញមានការបង្ហោះ Facebook បង្កើតបញ្ហាជាច្រើន»។ លោកបន្តថា «យើងបានលេចឮខ្លះៗអំពីនាយទាហាននេះ កងទ័ពនេះ និយាយអំពីបញ្ហាផ្សេងៗ អ្នកខ្លះប្រឌិតខ្លួនឯងធ្វើជាកងទ័ពនិយាយពីក្រៅមក បង្កភាពអាប់អួរនៅក្នុងជួរកងយោធពលខេមរភូមិន្ទ និងមានសកម្មភាពខ្លះៗរបស់កងទ័ពយើង ដែលធ្វើឱ្យប៉ះពាល់ដល់សង្គម និងប្រជាជន ដូច្នេះប្រជាជនថ្នាំងថ្នាក់ យើងក៏ត្រូវបកស្រាយពន្យល់»។
លោក នាង ផាត បានបញ្ជាក់ទៀតថា «ចំណុចស្នួលជាងនេះទៅទៀត គឺពួកប្រឆាំងមិនទាន់រលត់នៅឡើយ និងបង្កើតបញ្ហាជាច្រើនដល់សង្គម ដល់ជួរកងយោធពលខេមរភូមិន្ទ ជាពិសេសការដឹកនាំរបស់រាជរដ្ឋាភិបាលយើង។ កន្លែងនេះ យើងត្រូវពង្រឹង តើយើងត្រូវធ្វើអ្វី យើងបញ្ជូនព័ត៌មានយ៉ាងណា តាមបណ្តាញផ្សព្វផ្សាយ ទូរទស្សន៍ លិខិតព័ត៌មានផ្សេងៗ ដើម្បីឆ្លើយតប»។
នាយឧត្តមសេនីយ៍ ឈុំ សុជាត ដែលផ្តួចផ្តើមបង្កើតវគ្គបណ្តុះបណ្តាលនេះ បានលើកឡើងថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងបានយល់អំពីរបៀបចាត់តាំងការិយាល័យអ្នកនាំពាក្យ តួនាទី ភារកិច្ចសំខាន់ៗមួយចំនួនចាំបាច់ចំពោះមុខ ដើម្បីរៀបចំខ្លួនឱ្យបានគ្រប់គ្រាន់ ចូលរួមយុទ្ធនាការព័ត៌មានរួមគ្នាពីថ្ងៃនេះ រហូតដល់ពេលបោះឆ្នោតសកល និងក្រោយពេលបោះឆ្នោត ធ្វើការរួមគ្នាគ្រប់គ្រងព័ត៌មានឱ្យបានល្អ និងទាន់សភាពការណ៍ និងតម្រូវការរបស់ប្រជាពលរដ្ឋ។ លោកថា ក្នុងនាមអ្នកនាំពាក្យ មិនត្រូវទុកឱ្យព័ត៌មានវាយប្រហារក្លាយជាពាក្យចចាអារ៉ាមទេ យើងត្រូវពន្យល់ដល់សាធារណជន និងសារព័ត៌មានឱ្យទាន់ពេលវេលា។
ចំណែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏បានចូលរួមចែករំលែកបទពិសោធន៍ ដើម្បីឱ្យក្រុមអ្នកនាំពាក្យ កាន់តែរឹងមាំផងដែរ។ លោកបានថ្លែងថា «យើងដឹងហើយថាចំណុចពិសេសរបស់អ្នកនាំពាក្យរបស់យើង ឆ្លើយត្រូវគឺរួចខ្លួន តែបើឆ្លើយខុសមានបញ្ហា អាហ្នឹងវាជាការពិតជាក់ស្តែងហើយ អញ្ចឹងដែលផ្អែកទៅលើមូលដ្ឋាននេះធ្វើ ឲ្យយើងមានការប្រុងប្រយ័ត្ន»។
សូមបញ្ជាក់ថា នេះគឺជាលើកទី១ហើយ ដែលក្រសួងការពារជាតិកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលដល់ក្រុមអ្នកនាំពាក្យអង្គភាពក្រោមចំណុះ ក្រសួងការពារជាតិ ដើម្បីពង្រឹងបន្ថែមលើសមត្ថភាពដែលមានស្រាប់ ដែលឆ្លើយតបទៅនឹងសំណូមពររបស់ អង្គភាពនានាក្រោមចំណុះ ដែលបានស្នើសុំ នាពេលកន្លងទៅ៕