(កណ្ដាល)​៖ តុលាការខេត្ត​កណ្ដាល ​នៅរសៀល​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០១៨​នេះ បានចេញដីកាសម្រេចឃុំ​ខ្លួនក្រុមចោរប្លន់ កាច់ក និងលួចម៉ូតូ ចំនួន៦នាក់ដាក់ពន្ធនាគារ ខណៈអ្នកទទួលផលចោរកម្មចំនួន៦នាក់ទៀត កំពុងស្ថិតក្រោមការសួរនាំរបស់តុលាការនៅឡើយ។ នេះបើយោងតាមលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ក្រុមចោរប្លន់ កាច់ក និងលួចម៉ូតូមួយសំបុកធំ​ ស្ថិតនៅខេត្តកណ្តាល (ដើមទីនៃការប្រព្រឹត្តបទល្មើស) ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ចំនួន១២នាក់ ត្រូវបានកម្លាំងនគរបាល បើកប្រតិបត្តិការយ៉ាងក្តៅគគុក ដោយធ្វើការចាប់ខ្លួនជាបន្តបន្ទាប់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន ជាពិសេសនោះ គឺកម្លាំងនគរបាលបានរកឃើញ ហើយចូលទៅបង្ក្រាបទីតាំងទទួលបញ្ចាំនៅទីរួមខេត្តកំពង់ស្ពឺ ចំនួន៥កន្លែងធំៗផងដែរ។

ប្រតិបត្តិការបង្ក្រាបក្រុមចោរប្លន់ កាច់ក និងលួចម៉ូតូទាំង១២នាក់ខាងលើនេះ បានធ្វើឡើងក្រោមកិច្ចសហការវាងកម្លាំងនគរបាលខេត្តកណ្តាល (ម្ចាស់ករណី) កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង កំពងស្ពឺ កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ស្នងការនគរបាលជាតិ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល លោក ឯក ស៊ុនរស្មី។

ស្នងការនគរបាលខេត្តកណ្តាលលោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបង្ហាញរបាយការណ៍លម្អិត នៃប្រតិបត្តិការចុះទៅបង្ក្រាបយ៉ាងដូច្នេះថា៖ រយ:ពេល០៣ថ្ងៃ នគរបាលព្រហ្មទណ្ឌធ្ងន់ និងស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឃាត់ខ្លួនជនសង្ស័យ០៦នាក់ ទាក់ទិនករណីវាយប្លន់យកម៉ូតូ និងបន្តពន្លាតសមត្ថកិច្ចបើកទីតាំង ទទួលផលចោរកម្មចំនួន០៥កន្លែង នៅខេត្តកំពង់ស្ពឺ និងកំពង់ឆ្នាំង ព្រមទាំងឃាត់មុខសញ្ញាទទួលផលចោរកម្មបាន៦នាក់ថែមទៀត សរុបឃាត់ខ្លួនបាន១២នាក់។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ កម្លាំងនគរបាលស្រុកកណ្តាលស្ទឹង និងកម្លាំងនគរបាលព្រហ្មទណ្ឌខេត្ត បានវៃបង្ក្រាបបាន ករណីលួចមានស្ថានទម្ងន់ (ធាក់វាយប្លន់យកម៉ូតូ)៖

ករណីទី១៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង២១៖៣០នាទី នៅចំណុចដីភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង។ ជនរគ្រោះឈ្មោះ ឈៀង ប៉េងសៀន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ, ឈ្មោះ សឿន សម្ភស្ស ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកសិករ អ្នកទាំង០២ ប្តីនិងប្រពន្ធរស់នៅ ភូមិក្រាំងធ្មៃ ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង។ សម្ភារបាត់បង់ម៉ូតូ១គ្រឿងម៉ាក C125 ពណ៌ខ្មៅសេរីឆ្នាំ ២០១៨ ពាក់ស្លាកលេខកណ្តាល1Y-5246។

ករណីទី២៖ កើតហេតុថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២១៖១៥នាទី នៅចំណុចផ្លូវជាតិលេខ២ ភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ជនរងគ្រោះ ឈ្មោះអ៊ុ សោភា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិហនុម៉ាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ។ សម្ភារបាត់បង់ម៉ូតូ១គ្រឿងម៉ាកស៊ុយសូគីឡេត ពណ៌ក្រហមលាយសស៊េរីឆ្នាំ២០១៨ គ្មានស្លាក
លេខ (មានសំបុត្រពន្ធ)

ករណីទី៣៖ កើតហេតុថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២១៖៣០នាទី នៅចំណុចលើកផ្លូវជាតិលេខ២ ដីភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជនរងគ្រោះ
ឈ្មោះ ង៉ែត ម៉ូលីណា ហៅលីន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាលមុខរបរនៅផ្ទះ។ សម្ភារបាត់បង់ម៉ូតូ០១គ្រឿង ម៉ាកស៊ូម័រពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ1GB-1570
ករណីទី៤៖ កើតហេតុនៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង២៣៖១០នាទីនៅចំណុចលើផ្លូវជាតិលេខ២ដី ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាល។ ជនរងគ្រោះ០១នាក់ឈ្មោះវ៉ន សារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ ជាងផ្សារដែក។ សម្ភារបាត់បង់ម៉ូតូ០១គ្រឿង ម៉ាកសេ១២៤ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខឧត្តមានជ័យ1C-6117 ។

ជនសង្ស័យ០៦នាក់រួមមាន៖ ទី១៖ ឈ្មោះនឹម គីមហុង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្បូងក្ដី ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរពុំពិតប្រាកដ ទី២៖ ឈ្មោះ អ៊ិត ច័ន្ទមន្នី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិត្រស់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរពុំពិតប្រាកដ ទី៣៖ ឈ្មោះ សៀក លីថុង ហៅម៉ៅ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរពុំពិតប្រាកដ ទី៤៖ ឈ្នោះ ម៉ូត ថៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរពុំពិតប្រាកដ ទី៥៖ ឈ្មោះជា សំណាង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរពុំពិតប្រាកដ អ្នកទាំង៣ រស់នៅភូមិស្ពានថ្ម សង្កាត់ស្ពាន
ថ្ម ខណ្ឌដង្កោ និងទី៦៖ ឈ្មោះ លិត ស៊ីផា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ មុខរបរពុំពិតប្រាកដ។ វត្ថុតាងចាប់យក៖ ផ្លាកលេខម៉ូតូ៣ ( ភ្នំពេញ1GS-2799) (ភ្នំពេញ1GI-2551) (ឧ.មានជ័យ1C-6117), ទូរស័ព្ទដៃម៉ាក iPhone5 ចំនួន០២គ្រឿង, ម៉ូតូចំនួន០៤គ្រឿង។