(អូស្រ្តាលី)៖ ក្នុងនាមជាពលរដ្ឋខ្មែរ កើតជាលើដែនដីសុវណ្ណភូមិ កំពុងមានសុខសន្តិភាពពេញលេញមួយនេះ ស្រី្តម្នាក់ដែលកំពុងរស់នៅទីក្រុង Perth ប្រទេសអូស្ត្រាលី បានបង្ហាញអារម្មណ៍ សប្បាយរីករាយជាខ្លាំង ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចនឹងអញ្ជើញទៅប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងស៊ីដនី នាប៉ុន្មានថ្ងៃខាងមុខនេះ។

ស្រី្តជាពលរដ្ឋខ្មែរ-អូស្ត្រាលី រូបនេះបានបង្ហាញអារម្មណ៍លើបណ្តាញសង្គម Facebook យ៉ាងដូច្នេះថា «ទោះបី ជាខ្ញុំមិនបានចូលរួមគាំទ្រដោយផ្ទាល់ ក៏ខ្ញុំសូមធ្វើការគោរពគាំទ្រពីចម្ងាយ និងសូមធ្វើការលើកទឹកចិត្តសម្តេច មិនថា សម្តេចអញ្ជើញទៅទីណា កន្លែងណា ក៏នៅតែមានអ្នកគាំទ្រសម្តេចជានិច្ច»

ពលរដ្ឋខ្មែរ-អូស្រ្តាលីរូបនេះ ថែមទាំងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងពួង សូមតាមថែរក្សាសម្តេចឱ្យមានសុខភាពល្អ និងឈ្នះអស់មារសត្រូវក្នុងលោក និងនៅជាម្លប់ដល់ប្រជាពលរដ្ឋ ដែលត្រូវការសម្តេច។

សូមបញ្ជាក់ថា សម្តេច​តេជោ ហ៊ុន សែន ​នឹង​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី ដែលនឹងប្រព្រឹត្ត​ទៅពីថ្ងៃទី​១៦ ដល់ថ្ងៃទី​១៨ ខែមីនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី តបតាមការអញ្ជើញរបស់ លោក ម៉ាល់កុម ធឺនប៊ុល (Malcolm Turnbull​) នាយករដ្ឋមន្រ្តីអូស្រា្តលី​។

បើតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជជាតិ បានបន្ថែមថា នៅក្នុងក្របខ័ណ្ឌ នៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី សម្តេចតេជោនាយករដ្ឋមន្រ្តី រួម​ជាមួយថ្នាក់ដឹកនាំអាស៊ាន និងនាយករដ្ឋមន្រ្តីអូស្រ្តាលី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នារវាងអាស៊ាន និងអូស្រា្តលី ស្តីពីកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិ ដោយលោក ប៉េហាំង ដាតូ លីម ជុក ហ័យ អគ្គលេខាធិការអាស៊ាន និងលោកស្រី ជូលី ប៊ីហ្សប រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី។

ថ្នាក់ដឹកនាំនឹងទទួលជួបដោយឡែកពីគ្នា ជាមួយនិស្សិតអូស្រ្តាលីដែលកំពុងសិក្សា នៅប្រទេសសមាជិកអាស៊ាន ក្រោមផែនការកូឡុមបូថ្មី និងនិស្សិតប្រទេស សមាជិកអាស៊ាន ដែលកំពុងសិក្សានៅអូស្ត្រាលី តាមរយៈអាហារូបករណ៍របស់អូស្រ្តាលី។

ក្រៅពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី សម្តេចតេជោ ហ៊ុន សែន ​​នឹងជួបប្រជុំទ្វេភាគីជាមួយ លោក ម៉ាល់កុម ធឺនប៊ុល ​នាយករដ្ឋមន្រ្តីអូស្រា្តលី អញ្ជើញចូលរួមពិសារអាហារពេលព្រឹក ការងារជាមួយលោក ង្វៀន សួនហ្វ៊ុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

សេចក្ដីប្រកាសព័ត៌មានបន្ថែមថា ក្នុងអំឡុងពេលស្នាក់នៅប្រទេសអូស្រ្តាលី សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងអញ្ជើញទៅទស្សនាវិមានអូប៉េរ៉ាស៊ីដនី ទទួលជួបសហគមន៍ខ្មែរនៅអូស្រ្តាលី និងជួបជាមួយនិស្សិតកម្ពុជា និងអតីតនិស្សិតអូស្រ្តាលី​ផងដែរ៕