(ពោធិ៍សាត់)៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសរុបចំនួន៤៣គ្រាប់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ហើយរាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ដើម្បីរក្សាទុក រង់ចាំជំនាញយកទៅកម្ទេចចោល ចៀសវាងគ្រោះថ្នាក់។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨នេះ នៅចញ្ចើមផ្លូវជាតិលេខ៥ ខាងជើងផ្លូវ ខាងកើតព្រំប្រទល់ឃុំបឹងខ្នារ ចម្ងាយ៥០ម៉ែត្រ ស្ថិតក្នុងភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ទោ នាង វុធ អធិការនគរបាលស្រុកបាកាន បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះថា ពលរដ្ឋដែលប្រទះឃើញគ្រាប់ទាំងនោះ មានឈ្មោះ អ៊ុក ឈិន ភេទប្រុស អាយុ៤២ឆ្នាំ ជាប្រជាកសិករ រស់នៅ ភូមិព្រៃផ្តៅ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកអធិការបន្តថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ភ្លាម សមត្ថកិច្ចប៉ុស្តិ៍ ក៏ដូចជា នគរបាលជំនាញស្រុក បានចុះមកពិនិត្យជាក់ស្ដែងបានឃើញគ្រាប់ប្រភេទ ៦០mm ចំនួន១៩គ្រាប់, គ្រាប់មីន៦៨ (ស្នូលពោត) ចំនួន១៦គ្រាប់, គ្រាប់ ៦០mm ចំនួន១គ្រាប់, ក្បាលគ្រាប់ B៤០ ចំនួន៤គ្រាប់, គ្រាប់បែកក្រឡាទាប ចំនួន១គ្រាប់ និងមីន៦៩ (គ្មានគីប) ចំនួន២គ្រាប់។

ក្រោយពីពិនិត្យរួច សមត្ថកិច្ចនគរបាលបានយកគ្រាប់ទាំងនោះ មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាកាន រងចាំជំនាញអង្គការ Halo Trust ដើម្បីយកទៅកម្ទេចចោល និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋណា ដែលប្រទះឃើញវត្ថុ មានការសង្ស័យ សូមរាយការណ៍ និងសហការជាមួយសមត្ថកិច្ចមូលដ្ឋានភ្លាម ជៀសវាងមានគ្រោះថ្នាក់ដល់អាយុជីវិត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨កន្លងទៅ ក៏មានប្រជាពលរដ្ឋឈ្មោះ សុខ ស៊ីមាន រស់នៅភូមិបាក់រទះ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ បានប្រគល់ក្បាលគ្រាប់ មកសមត្ថកិច្ចប៉ុស្តិ៍ព្រៃញីដើម្បីរក្សា។ ដោយឡែកនៅសាលាអនុវិទ្យាល័យ ហ៊ុន សែន វត្តក្ងានឯនោះវិញ ក្រុមអង្គការ CMAC បានរាវរកឃើញក្បាលគ្រាប់ ៦០mm ចំនួន១៥៩គ្រាប់ និងគ្រាប់ ៦០mm ចំនួន១គ្រាប់ផងដែរ៕