(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ បានទទូចដល់កងកម្លាំងនគរបាលជាតិបច្ចុប្បន្ន ត្រូវសាមគ្គីភាពផ្ទៃក្នុងឲ្យបានប្រសើរ ដែលធ្វើឲ្យពលរដ្ឋមានកោតសសើរ ដោយការពារសន្តិសុខជូនប្រជាជនក្នុងមូលដ្ឋាន និងជាពិសេសនោះ គឺការទប់ស្កាត់គ្រប់ចលនាដែលប្រឆាំងរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងពិនិត្យតាមដានគ្រប់គ្រងជនបរទេស ដែលបង្កអសន្តិសុខ។

ការថ្លែងបែបនេះ ខណៈនាយឧត្តមសេនីយ៍ របស់តំណាងនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើឡើងនារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមប្រចាំឆ្នាំ២០១៧ និងទិសដៅភារកិច្ចឆ្នាំ២០១៨ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

នាយឧត្តមសេនីយ៍ បានជម្រុញឲ្យកងកម្លាំងត្រូវបន្តអនុវត្តន៍ផែនការរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការបង្រ្កាបបទល្មើសព្រៃឈើ ហើយឈប់ស៊ីសំណូករឿងបទល្មើសនេះតទៅទៀត មិនត្រូវផ្សំគំនិតរឿងនេះដាច់ខាត ព្រោះរាជរដ្ឋាភិបាល បានផ្តល់ប្រាក់បៀរវត្សរ៍សមរម្យហើយ។ លោកបានបន្តថា កងកម្លាំងទាំងអស់មិនត្រូវភ្លេចខ្លួន ពិសេសរឿងគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតខ្លាំងណាស់ ដូច្នេះមេប៉ុស្តិ៍ ត្រូវមានវិធានការអប់រំ ដោយសន្តិវិធីឲ្យបានច្បាស់លាស់។

លោក សរ ពុត្រា អភិបាលរងខេត្តកំពង់ស្ពឺ បានលើកឡើងថា កងកម្លាំងនគរបាលកន្លងមក មានការសហការគ្នាបានល្អ ក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពខេត្ត មិនតែប៉ុណ្ណោះ ធ្វើឲ្យពលរដ្ឋជាទូទៅទទួលស្គាល់ថា កងកម្លាំងក្នុងមូលដ្ឋាន បានការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានប្រសើរ។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ក៏បានឲ្យដឹងដែរថា ទោះបីបទល្មើសថយចុះ តែកម្លាំងនគរបាលទាំងអស់នៅតែបន្តប្រឹងប្រែង ពង្រឹងខឿនសន្តិសុខឲ្យរឹងមាំថែមទៀត ដើម្បីបុព្វបទស្នូលសម្រាប់ការអភិវឌ្ឍជាតិ និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋ ព្រមទាំងពង្រឹងការឯកភាពផ្ទៃក្នុង ដោយមិនទុកឲ្យ អ្នកណាមួយឆ្លៀតឪកាសប្រើប្រាស់ឧបាយកល ញុះញង់ ដើម្បីប្រឆាំងរាជរដ្ឋាភិបាល បំផ្លាញសមិទ្ធផលនៃសង្គមជាតិបានឡើយ។

លោកស្នងការ ក៏បានប្តេជ្ញាចិត្តថា នឹងលើកកម្ពស់ការពារសន្តិសុខសង្គម ធ្វើឲ្យពលរដ្ឋសុខកាយសប្បាយចិត្ត ដើម្បីឆ្លើយតបនឹងគោលនយោបាយ (ភូមិ-ឃុំមានសុវត្តិភាព) ក៏ដូចជាយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំលើកទី២ របស់នគរបាលជាតិ ដោយខិតខំធ្វើយ៉ាងណាឲ្យបទល្មើសព្រហ្មទណ្ឌមានការថយចុះជានិច្ច៕