(បាត់ដំបង)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងឲ្យដឹងថា វត្តមានរបស់យន្តការសម្របសម្រួល ជំនួយប្រចាំប្រទេស (CCM: Country Coordination Mechanism) ជាការចាំបាច់របស់មូលនិធិសកល។ ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តីបានណែនាំ ដល់អង្គសិក្ខាសាលាថា ជាគោលដៅ គឺ១, យើងត្រូវនាំគ្នារៀនសូត្រ អំពីយន្តការមូលនិធិសកល ទី២, យើងត្រូវយល់ដឹងពីហិរញ្ញប្បទានឆ្នាំ២០១៨-២០២០ និង៣, សិក្សាផ្លាស់ប្តូរយោបល់អំពីការរៀបចំកម្មវិធីការងារ។ យើងត្រូវសិក្សារកមើលចំណុចខ្វះខាត កន្លងមកនៅត្រង់ណា? ដោយសារបញ្ហាអ្វី? មានកន្លែងណាស្ទះសូមពិភាក្សាគ្នាឱ្យបានផុលផុស។
ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីបើកសិក្ខាសាលា ប្រចាំឆ្នាំ (Retreat) របសគណៈកម្មាធិការសម្របសម្រួល ជំនួយមូលនិធិសកល (CCC: Country Coordinating Committee) នៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង នៅរសៀលថ្ងៃ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ ដោយមានការចូលរួម ពីតំណាងស្ថាប័នសាសនា ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ តំណាងប្រជាជនរងផលប៉ះពាល់ វិស័យឯកជន មន្ទីរសុខាភិបាលខេត្តបាត់ដំបង និងទីប្រឹក្សាបច្ចេកទេស ចំនួន៣៥នាក់។ នេះជាឱកាសផ្តល់យោបល់គ្នា ទៅវិញទៅមក។
សិក្ខាសាលានេះ ធ្វើឡើងនៅក្នុងគោលបំណង ទី១, ធ្វើការតម្រង់ទិសគណៈកម្មាធិការសម្របសម្រួលជំនួយ និងមូលនិធិសកល សមាជិកបញ្ចូលថ្មី ទី២, បញ្ជាក់ពីគោលបំណងសំខាន់ៗ សម្រាប់របាយការណ៍មូលនិធិសកល២០១៨-២០២០ ទី៣, បង្កើតផែនការសកម្មភាពសម្រាប់ CCC ក្នុងឆ្នាំ២០១៨ និង៤, ចុះពិនិត្យសកម្មភាពនានា ដែលទទួលបានថវិកាពីមូលនិធិសកល ក្នុងខេត្តបាត់ដំបង។
លោកទេសរដ្ឋមន្រ្តីបានបន្តថា នៅក្នុងអាណត្តិនេះ ជាការប្រសើរដែលមានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាស្ថាប័នទទួលជំនួយផ្ទាល់ និងក្រសួងសុខាភិបាល ជាស្ថាប័នដឹកនាំអនុវត្តគម្រោង។ ដូច្នេះ បើមានការរាំងស្ទះ ក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុដោះស្រាយ ហើយក្រសួងទាំងពីរចែកការងារធ្វើ។ យើងជួបជុំគ្នាថ្ងៃនេះ ធ្វើការជាមួយគ្នាដើម្បីស្គាល់គ្នា និងផ្លាស់ប្តូរយោបល់គ្នា។
នៅទីបញ្ចប់ លោកទេសរដ្ឋមន្រ្តីបានផ្តាំថា បើគ្មានការ សម្រេចពីក្រសួងទាំងពីរខាងលើទេ ការអនុវត្តគម្រោង ការងារនឹងស្ទះ។ ដូច្នេះ សូមរួមគ្នាដោះស្រាយឲ្យបានរហ័ស៕