(ភ្នំពេញ)៖ ក្រុមចោរប្លន់៣នាក់ ដែលត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន បង្ក្រាបបានរួចបញ្ជូនទៅកាន់តុលាការនោះ ត្រូវបានលោកព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក កុល បុន និងព្រះរាជអាជ្ញារង ចែ សុង សម្រេចកែប្រែពីបទ «លួចមានស្ថានទម្ងន់ទោស» ទៅជាបទ «លួច» ធម្មតាវិញ ពោលបទល្មើសនេះជាការសម្រាលដល់ជនសង្ស័យ។
មន្រ្តីនគរបាលខណ្ឌចំការមន បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨នេះថា លោកតំណាងអយ្យការ កុល បុន បានសម្រេចកែប្រែការសន្និដ្ឋានរបស់សមត្ថកិច្ច ដែលបានចោទប្រកាន់លើឈ្មោះ ហេង លី ភេទប្រុស មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ពីបទ «លួចមានស្ថានទម្ងន់ទោស (ប្លន់)» ទៅជាបទ «លួច» ធម្មតាវិញ។
ចំណែកកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ម្សិលមិញ លោកព្រះរាជអាជ្ញារង ចែ សុង ក៏បានកែប្រែការសន្និដ្ឋានរបស់សមត្ថកិច្ច ដែលបានចោទប្រកាន់លើជនត្រូវចោទ២នាក់ទៀត ទី១៖ ឈ្មោះ ឃឹម គីមឆុង ភេទប្រុស និងទី២៖ ឈ្មោះ ហឿន សីហា ហៅ ដូច ភេទប្រុស ពីបទ «លួចមានស្ថានទម្ងន់ទោស (ប្លន់)» ទៅជាបទ «លួច» ធម្មតាវិញផងដែរ។
បើតាមមន្រ្តីនគរបាលខណ្ឌចំការមន ជនត្រូវចោទឈ្មោះ ហេង លី គឺជាមុខសញ្ញាឆក់ និងប្លន់យ៉ាងសកម្ម ក្នុងទឹកដីខណ្ឌចំការមន ហើយត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ក្រោយពីរូបគេធ្វើសកម្មភាពឆក់កាបូប ជនជាតិអង់គ្លេសម្នាក់ឈ្មោះ GARY SMITH មិនបានសម្រេច។
ចំណែកជនត្រូវចោទជាមុខសញ្ញាចោរឆក់ និងប្លន់២នាក់ទៀតគឺឈ្មោះ ឃឹម គីមឆុង និងឈ្មោះ ហឿន សីហា ហៅ ដូច ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៨ ក្រោយពីពួកគេបានធ្វើសកម្មភាពឆក់កាបូប របស់នារីរងគ្រោះម្នាក់នៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
មន្រ្តីនគរបាលបានលួចបង្ហើបថា ការច្រានចោលសេចក្តីសន្និដ្ឋានរបស់សមត្ថកិច្ច ដែលចោទប្រកាន់លើជនត្រូវចោទទាំង៣នាក់ខាងលើ មិនមែនចេះតែធ្វើៗទៅបាននោះទេ គឺដោយមានកិច្ចសហការ យ៉ាងល្អ ក្នុងការប្រឹក្សាយោបល់ និងការបន្ថែមនូវភស្តុតាងយ៉ាងរឹងមាំបំផុតផ្សេងៗទៀត របស់មេធាវីការពារសិទ្ធិឱ្យក្រុមជនត្រូវចោទ។
សមត្ថកិច្ចបានថ្លែង ដោយការខកចិត្តថា ពួកគាត់គ្មានសិទ្ធិបញ្ជាឱ្យតុលាការសម្រេច ចោទប្រកាន់លើជនសង្ស័យយ៉ាងនោះទេ ប៉ុន្តែតុលាការគួរតែពិចារណាខ្លះផង នៅពេលដែលចង់កែប្រែសេចក្តីសន្និដ្ឋាន របស់សមត្ថកិច្ច ដែលបានចោទប្រកាន់លើក្រុមចោរឆក់ ចោរប្លន់ ពីធ្ងន់មកស្រាល ដែលអ្នកហត់នឿយ និងត្រូវពលរដ្ឋរិះគន់ ពេលខ្លះរហូតដល់ជេរប្រមាថផង ដោយសារតែមានសកម្មភាពចោរឆក់ ប្លន់ នៅតាមមូលដ្ឋានគឺកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានខិតខំប្រឹងទាំងយប់ទាំងថ្ងៃ។
បើយោងតាមមាត្រា៣៥៧ បានចែងថា អំពើ «លួចមានស្ថានទម្ងន់ទោស» ត្រូវផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលពី៣ឆ្នាំទៅ១០ឆ្នាំ។ ចំណែកមាត្រា៣៥៦ បានចែងថា អំពើ «លួច» ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី១លានរៀល ទៅ៦លានរៀល។
ពាក់ព័ន្ធមូលហេតុដែលតំណាងអយ្យការ២រូប សម្រេចកែប្រែបទចោទលើជនត្រូវចោទទាំង៣នាក់ខាងលើនេះ លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្លើយតបថា
«ខ្ញុំគ្រាន់តែចង់ជម្រាបជូនបន្ថែមថា អយ្យការជាស្ថាប័នដែលជាម្ចាស់បណ្តឹងអាជ្ញា និងសម្រេចចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ដោយពិនិត្យ និងពិចារណាតាមអង្គហេតុ និងអង្គច្បាប់»៕