(កំពង់ចាម)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលគ្រប់គ្រងកម្ពុជាប្រកបសន្តិភាពបានយូរជាងគេ បានសម្ដែងនូវមោទនភាពយ៉ាងក្រៃលែង ចំពោះការមើលឃើញការ រួបរួមសាមគ្គីគ្នា ប្រកៀកស្មាគ្នារបស់ជនជាតិខ្មែរ ក្នុងការសាងសង់ស្ពានឆ្លងទន្លេដ៏សមរម្យមួយ មានតម្លៃត្រឹមតែ១៣លានដុល្លារ ជាមួយការសាទរយ៉ាងក្លៀវក្លា ពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋាន។
ការមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសសម្ដេចអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានឆ្លងកាត់ដៃទន្លេមេគង្គ ពីក្រុងកំពង់ចាមទៅកាន់កោះប៉ែន ដែលសាងសង់ដោយ កូនខ្មែរសុទ្ធសាធ និងប្រើថវិកាផ្ទាល់របស់រាជរដ្ឋាភិបាលកម្ពុជា តម្លៃប្រមាណ១៣លានដុល្លារអាមេរិក នាថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមីនា គ.ស ២០១៨។
សម្ដេចតេជោ បានលើកឡើងថា ការកសាងស្ពានថ្មីមួយនេះ គឺជាការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ជូនទៅប្រជាពលរដ្ឋ និងស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលកំណត់យកវិស័យអាទិភាពសំខាន់ៗចំនួន៤ រួមមាន៖ ទឹក ភ្លើង ផ្លូវ និងធនធានមនុស្ស ហើយស្ពានឆ្លងដៃទន្លេមេគង្គនេះ គឺជាផ្លែផ្កានៃគោលនយោបាយនោះឯង។
សម្ដេចនាយករដ្ឋមន្ត្រីថ្លែងយ៉ាងដូច្នេះថា «បើកសាងដោយក្រុមហ៊ុនបរទេស អាចមិនទាបជាង២០លានដុល្លារទេ ប៉ុន្តែសម្រាប់យើងវិញ គឺកសាងអស់តែជាង ១៣លានដុល្លារ សហរដ្ឋអាមេរិក នេះហើយដែលហៅថាខ្មែរនោះ។ យើងនៅមានស្ពានច្រើនណាស់ ដែលត្រូវធ្វើនៅតាមទន្លេ នៅតាមព្រែកនានា ហើយពីពេលនេះទៅ យើងនឹងសិក្សាថា នៅពេលណាស្ពាននោះវាមិនមានហិរញ្ញប្បទានពីបរទេស ប៉ុន្តែវាមានការចាំបាច់ យើងក៏អាចវិនិយោគ ព្រោះថាស្ពានមួយមិនអាចធ្វើ៣ខែបានទេ គ្មានទេស្ពានធ្វើ៣ខែហើយនោះ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា សម្តេចពិតជាសប្បាយរីករាយណាស់ ដែលបានចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានឆ្លងកាត់ដៃទន្លេមេគង្គឆ្លងពីក្រុងកំពង់ចាមទៅកាន់កោះប៉ែន កោះត្រុំនេះ ហើយចាប់ពីពេលនេះតទៅ នៅពេលកម្ពុជាប្រមូលផ្តុំគ្រប់កម្លាំងទាំងអស់ គឺកម្ពុជាអាចសាងសង់ស្ពានឆ្លងកាត់ទន្លេនៅគ្រប់កន្លែងទាំងអស់បានដែរ ចាប់ពីពេលនេះតទៅ គ្រប់ស្ពានដែលមានតម្រូវការចាំបាច់ ហើយមិនមានហិរញ្ញប្បទានពីបរទេស គឺនឹងមានការសិក្សាប្រមូលយកថវិកាជាតិសម្រាប់សាងសង់។
ប្រមុខដឹកនាំរាជរដ្ឋាភិបាល បានបន្ថែមទៀតថា សមិទ្ធផលស្ពានឆ្លងកាត់ទន្លេនេះបានបង្ហាញថា កម្ពុជាមិនមែនអង្គុយរង់ចាំប្រទេសដទៃមកសាងសង់ស្ពាននោះទេ គឺកម្ពុជាបានអភិវឌ្ឍន៍ខ្លួន និងមានសមត្ថភាពអាចសាងសង់ស្ពានបានដោយខ្លួនឯង។ សម្តេចតេជោ បានរៀបរាប់បង្ហាញនូវប្រវត្តិ និងការសម្រេចចិត្តរបស់សម្តេច ក្នុងការសម្រេចសាងសង់ស្ពាននេះផងដែរ បើទោះបីមានអ្នកខ្លះចាត់ទុកសមិទ្ធផលនេះ ជាសមិទ្ធផលតូចតាច តែវាបានក្លាយជាប្រយោជន៍ធំណាស់សម្រាប់ប្រជាពលរដ្ឋ។
ជាមួយនោះសម្តេចតេជោ ហ៊ុន សែន ក៏បានរិះគន់ដល់ម្ចាស់ទូកដ និងម្ចាស់ស្ពានឫស្សី ដែលពួកគេបានអនុវត្តយកតម្លៃខុសសៀវភៅបន្ទុក នាំឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ ចាប់ពីថ្ងៃនេះទៅអាជីវកម្មទូកដ និងស្ពានឫស្សីដល់ទីបញ្ចប់ហើយ។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា តាមរយៈសមិទ្ធផលស្ពានកោះប៉ែននេះ គឺបានបង្ហាញថាចាប់បីពេលនេះតទៅ ស្ពានឆ្លងទន្លេ គឺកម្ពុជាមានលទ្ធភាព និងសមត្ថភាពសាងសង់ហើយ ហើយនឹងចាប់ផ្តើមសន្សំប្រាក់សម្រាប់សាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស្ពាន និងផ្លូវនេះបន្តទៀត។ វត្តមានស្ពាននេះ ក៏បានបង្ហាញផងដែរថា បច្ចុប្បន្ននេះកម្ពុជាមិនមែនអង្គុយរង់ចាំតែជំនួយរបស់បរទេសនោះឡើយ៕