(ភ្នំពេញ)៖ លោក ហួ ម៉េងវ៉ាង អធិការនគបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំង ចុះបង្ក្រាបទីតាំងល្បែងស៊ីសងមួយកន្លែង នៅចំណុចផ្ទះលេខ១៨A ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ឃាត់ខ្លួនបានស្ដ្រី២នាក់ ដែលជាអ្នកកត់កន្ទុយលេខ (ឆ្នោតវៀតណាម) ដើម្បីយកទៅសាកសួរ នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨។
លោក ហួ ម៉េងវ៉ាង បានបញ្ជាក់ថា ស្ត្រីទាំងពីរនាក់ ទី១៖ ឈ្មោះ ភន សោភា អាយុ១៨ឆ្នាំ, ទី២៖ ឈ្មោះ សំរិត ណារិទ្ធ អាយុ៣៨ឆ្នាំ ទាំងពីរនាក់ ស្នាក់នៅ ផ្ទះលេខ១៨A ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ (ជាអ្នកស៊ីឈ្នួលកត់ឆ្នោតវៀតណាមឲ្យគេ)។
លោក គួក សុខហួរ អធិការរងនគរបាលខណ្ឌ បានឲ្យដឹងថា ដោយមានប្រជាពលរដ្ឋនៅក្បែរនោះ បានរាយការណ៍ថា មានករណីលេងល្បែងស៊ីសង ខុសច្បាប់ (កត់ឆ្នោតវៀតណាម)
ហើយលោកអធិការរង បានរាយការណ៍ទៅលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ សុំគោលការចុះបង្ក្រាបតែម្ដង។
លោកអធិការរង បន្តទៀតថា ក្នុងការចុះបង្ក្រាបនេះ ក៏មានមន្ត្រីសាលាខណ្ឌសែនសុខ ក្រឡាបញ្ជី ព្រះរាជអាជ្ញារងចូលរួមផងដែរ ជាក់ស្តែងឃាត់ខ្លួន បានស្ត្រីពីរនាក់ខាងលើ និងដកហូតលុយខ្មែរ ចំនួន១,០៣០,០០០រៀល ឧបករណ៍គិតលេខចំនួន២ និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត។
យោងតាមចម្លើយសារភាព របស់ស្ត្រីទាំងពីរនាក់ខាងលើ បានប្រាប់សមត្ថកិច្ចថា ពួកខ្លួនគ្រាន់តែជាអ្នកកត់ស៊ីឈ្នួលឲ្យគេតែប៉ុណ្ណោះ ដោយបានប្រាក់ខែ ក្នុងម្នាក់១៨០ដុល្លារ។ បច្ចុប្បន្ន ស្ត្រីទាំងពីរនាក់ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង បញ្ជួនទៅតុលាការ ចាត់ការបន្តតាមនិតិវិធី៕